ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បន្តប្តេជ្ញាជួយសហគមន៍មូលដ្ឋាននៅកម្ពុជាតាមរយៈការដាំដើមកោងកាងនៅសហគមន៍ក្នុងខេត្តកំពត

  • Admin Page
  • July 14, 2022
  • Views 326

ភ្នំពេញ ថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២២៖ ដើម្បីអបអរសាទររុក្ខទិវាឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ដាំដើមកោងកាងចំនួន ២០២២ដើម នៅឃុំត្រពាំងសង្កែ ខេត្តកំពត។ ការដាំដើមកោងកាងនេះ ក៏គាំទ្រផងដែរដល់គម្រោងអភិរក្សដែលកំពុងបន្តធ្វើឡើងរបស់ក្រសួងបរិស្ថានកម្ពុជា ដើម្បីការពារនិងស្តារព្រៃកោងកាងដ៏សំខាន់នេះឡើងវិញនៅតាមតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។

គំនិតផ្តួចផ្តើមចុងក្រោយបំផុតនេះ គឺជាផ្នែកមួយនៃការប្តេជ្ញាចិត្តរយៈពេលវែងរបស់ក្រុមហ៊ុន ហ៊ិននីគែន ក្នុងការអភិវវឌ្ឍប្រទេសកម្ពុជាឱ្យកាន់តែមានភាពបៃតង សម្រាប់មនុស្សជំនាន់បច្ចុប្បន្ន និងអនាគត ខណៈពេលដែលគម្រោងនេះនឹងជួយដល់សហគមន៍មូលដ្ឋានយោងតាមពាក្យស្លោក “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” របស់ខ្លួនផងដែរ។

ព្រៃកោងកាងនៅភាគខាងត្បូងនៃប្រទេសកម្ពុជា គឺជាតំបន់ដែលសម្បូរដោយជីវចម្រុះដែលប្រជាពលរដ្ឋក្នុងមូលដ្ឋានជាច្រើនគ្រួសារពឹងផ្អែកលើព្រៃទាំងនេះ ដើម្បីចិញ្ចឹមជីវិតរបស់ពួកគេតាមរយៈការនេសាទ ធ្វើជាសម្ភារសំណង់ និងទេសចរណ៍ធម្មជាតិជាដើម។ ការការពារ និងការស្តារព្រៃកោងកាងឡើងវិញ ក៏ផ្តល់ជារបាំងការពារធម្មជាតិដ៏ល្អបំផុតមួយផងដែរទៅនឹងបម្រែបម្រួលអាកាសធាតុ ព្រោះវាចូលរួមចំណែកដល់ការស្រូបយកកាបូន និងកាត់បន្ថយភាពសឹករិចរឹលនៅតាមច្រាំងសមុទ្រ ដែលជួយការពារសហគមន៍នៅតំបន់សមុទ្រពីការជន់លិចតាមតំបន់ឆ្នេរ ខ្យល់បក់ខ្លាំង និងរលកធំៗជាដើម។

ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថាន និងលោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានចូលរួមជាគណអធិបតីនៅក្នុងក្នុងពិធីដាំដើមកោងកាងនេះ។

ឥស្សរជនផ្សេងទៀតដែលបានចូលរួមក្នុងពិធីនេះរួមមាន ឯកឧត្តម សឹម យ៉ារ៉ែន អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន; លោកជំទាវ ព្រំ សុភី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន; ឯកឧត្តម នៃ គង់ អភិបាលរងនៃគណៈអភិបាលខេត្តកំពត; ឯកឧត្តម ឡេង គឹមស្រុង អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន; លោក ទេស សំណាង អគ្គនាយករងរដ្ឋបាលសាធារណៈ និងហិរញ្ញវត្ថុ; លោក ដាញ់ សេរី ប្រធាន ស.ស.ស.យ.ក វិស័យបរិស្ថាន; លោក ជួប ស៊ីវុត្ថា អនុប្រធាន ស.ស.យ.ក វិស័យបរិស្ថាន; លោក ហែម សុចិត្ត អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថាន; លោក ម៉ឺន មករា អនុប្រធាន ស.ស.យ.ក. វិស័យបរិស្ថានលោក សុខ ថា ប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង; លោក សុខ អូរ័រ អនុប្រធាននាយកដ្ឋាន; លោក អេង ប៉ូឡូ ប្រធានមន្ទីរបរិស្ថានខេត្តកំពត; លោក នាក់ សុវណ្ណារី អភិបាលស្រុកទឹកឈូ និងលោក សឹម ហ៊ីម ប្រធានសហគមន៍ត្រពាំងសង្កែ។

បុគ្គលិករបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា និងប្រជាពលរដ្ឋនៅសហគមន៍ត្រពាំងសង្កែក៏បានចូលរួមដាំដើមឈើក្នុងកម្មវិធីនេះផងដែរ។

ថ្លែងក្នុងពិធីនោះ ឯកឧត្តម សូ ខនឬទ្ធីគុណ រដ្ឋលេខាធិការក្រសួងបរិស្ថានបានមានប្រសាសន៍ថា៖ «យើងសូមអរគុណដល់ក្រុមហ៊ុនហ៊ិននីគែន ខេមបូឌា ដែលកំពុងនាំមុខក្នុងការសហការលើកកម្ពស់និរន្តរភាព និងការយល់ដឹងអំពីបរិស្ថានជាមួយសហគមន៍មូលដ្ឋានរបស់យើង ដូចជាត្រពាំងសង្កែនេះជាដើម។ គំនិតផ្តួចផ្តើមបែបនេះជាគន្លឹះសំខាន់ក្នុងការការពារបរិស្ថានកម្ពុជា ក៏ដូចជាលើកកម្ពស់និរន្តរភាពសម្រាប់ផលប្រយោជន៍ប្រទេសជាតិ និង សហគមន៍ផ្សេងៗទៀត»។

លោក សឹម ហ៊ីម ប្រធានសហគមន៍ត្រពាំងសង្កែបានថ្លែងថា៖ «យើងមានកិត្តិយសណាស់ដែលក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានជ្រើសរើសសហគមន៍ត្រពាំងសង្កែសម្រាប់គំនិតផ្តួចផ្តើមដ៏មានតម្លៃនេះ។ នៅត្រពាំងសង្កែ យើងផ្តល់គុណតម្លៃដល់សហគមន៍របស់យើង និងថែរក្សាបរិស្ថានដ៏ស្រស់ស្អាតរបស់យើង។ ដោយមានការគាំទ្រពីក្រុមហ៊ុន ហ៊ិននីគែន យើងដឹងថា យើងនឹងអាចទទួលបានអត្ថប្រយោជន៍ពីកម្មវិធីបរិស្ថានប្រកបដោយនិរន្តរភាពនេះ»។

លោកស្រី Anne Ollivier នាយកផ្នែកកិច្ចការសាជីវកម្មរបស់ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានប្រសាសន៍ថា៖«យើងមានមោទនភាពដែលបានចូលរួមចំណែកដល់គំនិតផ្តួចផ្តើមរបស់ក្រសួងបរិស្ថាន ដើម្បីការពារប្រព័ន្ធអេកូឡូស៊ីដ៏សំខាន់សម្រាប់ប្រជាជនឃុំត្រពាំងសង្កែ និងអនាគតកម្ពុជា។ ប្រព័ន្ធអេកូឡូស៊ីព្រៃកោងកាងរងការគំរាមកំហែងខ្លាំងដោយសារសកម្មភាពរបស់មនុស្ស ហើយការបាត់បង់ព្រៃនេះបង្កការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់មនុស្សជាតិ និងជីវៈចម្រុះ។ ការការពារ និងស្ដារប្រព័ន្ធអេកូឡូស៊ីទាំងនេះឡើងវិញមានសារៈសំខាន់ណាស់។ យើងទទួលស្គាល់ថា ការដាំដើមកោងកាងសព្វថ្ងៃនេះគ្រាន់តែជាទឹកមួយដំណក់ប៉ុណ្ណោះ ប៉ុន្តែរាល់ដំណក់ទឹកនីមួយៗនេះរួមបញ្ចួលគ្នា អាចបង្កើតឱ្យមានតុល្យភាពរវាងសកម្មភាពរបស់មនុស្ស និងការការពារធម្មជាតិមិនឱ្យមានការបំផ្លិចបំផ្លាញបរិយាកាស។ មហិច្ឆតារបស់យើងចង់ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ។ ឱកាសបែបនេះជាអ្វីដែលញ៉ាំងទឹកចិត្តយើងឱ្យបន្តបង្កើតផលវិជ្ជមានជាបន្តបន្ទាប់ទៀត»។

នៅខែមករា ឆ្នាំ២០២២ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា បានដាំនិងផ្តល់ដើមឈើជាង ២០០០ដើមដល់សហគមន៍មូលដ្ឋាននៅឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ព្រមទាំងបានដំឡើងបង្គោលភ្លើងបំភ្លឺផ្លូវពន្លឺថាមពលព្រះអាទិត្យចំនួន ១០០ បន្ថែមទៀតនៅតាមដងផ្លូវក្នុងសហគមន៍នេះ។ ដោយសារការប្តេជ្ញាចិត្តដ៏មោះមុតរបស់ខ្លួនខាងផ្នែកបរិស្ថាន ក្រុមហ៊ុន ហ៊ិននីគែន កាលពីឆ្នាំមុនទទួលបានពានរង្វាន់ផ្នែកបរិស្ថាន “Eurocham CSR Environmental Award” ហើយក្រុមហ៊ុនក៏បានឧបត្ថម្ភដល់កិច្ចប្រជុំកំពូលស្តីពីការប្រែប្រួលអាកាសធាតុនៅកម្ពុជាលើកដំបូងកាលពីឆ្នាំ២០២១ទៀតផង។

ដោយសម្លឹងឆ្ពោះទៅមុខ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា រំពឹងថានឹងឈានដល់ដំណាក់កាលសំខាន់មួយទៀតសម្រាប់សសរស្តម្ភបរិស្ថានរបស់ខ្លួន នៅពេលដែលរោងចក្រជីវម៉ាស់ធំដំបូងគេនៅកម្ពុជាដាក់ដំណើរការនៅឆ្នាំ២០២២នេះ ដែលរោងចក្រនេះនឹងអាចឱ្យក្រុមហ៊ុនផលិតស្រាបៀរមួយនេះសម្រេចបានការប្រើប្រាស់ថាមពលកំដៅកកើតឡើងវិញ ១០០%។ នេះគឺជាផ្នែកមួយនៃមហិច្ឆតារបស់ក្រុមហ៊ុនក្នុងការសម្រេចបានអព្យាក្រឹតកាបូននៅក្នុងផលិតកម្មរបស់ខ្លួននៅត្រឹមឆ្នាំ២០៣០ និងនៅទូទាំងខ្សែចង្វាក់តម្លៃទាំងមូលនៅត្រឹមឆ្នាំ២០៤០៕

អំពីក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា

ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា ជាក្រុមហ៊ុនផលិតស្រាបៀរឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងក្នុងឆ្នាំ១៩៩៤។ ក្នុងគោលបំណងបង្កើតភាពសប្បាយរីករាយរួមគ្នាដើម្បីបំផុសឱ្យពិភពលោកកាន់តែប្រសើរ ក្រុមហ៊ុនបង្កើតភាពជឿជាក់ដ៏អស្ចារ្យសម្រាប់អ្នកពិសា និងអតិថិជន ដែលត្រូវការស្រាបៀរម៉ាកយីហោជាតិនិងអន្តរជាតិគុណភាពខ្ពស់ដូចជាស្រាបៀរ Heineken© ស្រាបៀរ Tiger ស្រាបៀរ ABC ស្រាបៀរ Anchor និងស្រាបៀរ Gold Crown។ ជាមួយសក្តានុពលរបស់ខ្លួននៅទូទាំងប្រទេស និងដោយមានរោងចក្របច្ចេកវិទ្យាទំនើបស្ថិតនៅរាជធានីភ្នំពេញ ក្រុមហ៊ុនមានបុគ្គលិក ៧០០នាក់ និងផ្ដល់ការងារដោយប្រយោលជូនប្រជាជនកម្ពុជាចំនួន ១២០.០០០នាក់នៅទូទាំងចង្វាក់ផលិតកម្មរបស់ខ្លួន។ ប្តេជ្ញាចំពោះការអភិវឌ្ឍប្រកបដោយនិរន្តរភាពរបស់កម្ពុជា ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា មានបំណង “ធ្វើឱ្យប្រទេសកម្ពុជាកាន់តែប្រសើរ” ជាមួយនឹងការផ្តោតលើការងារបរិស្ថាន និរន្តរភាពសង្គម និងការពិសាដោយការទទួលខុសត្រូវ ដែលស្ថិតនៅលើមាគ៌ាឆ្ពោះទៅកាន់ពិភពលោកដែលមានអព្យាក្រិតភាពនៃកាបូន កាន់តែស្មើភាព និងពិភពលោកកាន់តែស្រស់បំព្រង។ ក្រុមហ៊ុន ហ៊ិននីគែន ខេមបូឌា គឺជាផ្នែកមួយនៃក្រុមហ៊ុន HEINEKEN Company ដែលជាក្រុមហ៊ុនផលិតស្រាបៀរអន្តរជាតិល្បីឈ្មោះបំផុតក្នុងពិភពលោក៕

life
life1
life2
Recently Posts