រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឱ្យកម្លាំងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើងឱ្យម៉ឺងម៉ាត់
- Admin Page
- December 31, 2024
- Views 43
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឱ្យកម្លាំងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើងឱ្យម៉ឺងម៉ាត់
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បញ្ជាឱ្យកម្លាំងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើងឱ្យម៉ឺងម៉ាត់ ដើម្បីលើកកម្ពស់សុវត្ថិភាពសន្តិសុខសង្គម។
ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបសភាពការណ៍ និងលទ្ធផលកិច្ចប្រតិបត្តិការក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គមប្រចាំឆ្នាំ២០២៤ និងដាក់ចេញទិសដៅការងារឆ្នាំ២០២៥ របស់អគ្គស្នងការដ្ឋាននគរបាលជាតិ នៅទីស្តីការក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានលើកឡើងអំពីការត្រៀមលក្ខណៈ និងវិធានការទប់ស្កាត់បញ្ហាគ្រឿងញៀន និងក្មេងទំនើង ខណៈដែលនាពេលថ្មីៗនេះ ករណីក្មេងទំនើង ហាក់មានការអន់ថយបន្តិច ក្រោយការអនុវត្ត និងយកចិត្តទុកដាក់ខ្ពស់ពីមន្ត្រីកងកម្លាំង និងផ្នែកដែលពាក់ព័ន្ធ ក្រោមការបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា។
តែទោះជាយ៉ាងក៏ដោយ ឯកឧត្តម បន្ថែមថា តទៅមុខទៀតបញ្ហានេះនៅតែបន្តកើតមាន ដែលទាមទារឱ្យមានការយកចិត្តទុកដាក់បង្រ្កាបឱ្យទាន់ពេលវេលា។ ម្យ៉ាងវិញទៀត ខិតខំអនុវត្តចលនាគោលនយោបាយ “ភូមិ ឃុំ សង្កាត់មានសុវត្ថិភាព” ដើម្បីលើកកម្ពស់សុវត្ថិភាពសន្តិសុខសង្គម ប្រើប្រាស់គ្រប់វិធានការ និងមធ្យោបាយ ខិតខំកាត់បន្ថយជាអតិបរមានូវគ្រោះថ្នាក់ចរាចរណ៍ បន្ដពង្រឹង និងអប់រំណែនាំដល់កងកម្លាំងអនុវត្តច្បាប់ ដែលមានភារកិច្ចបម្រើសេវាផ្ទាល់ជូនប្រជាពលរដ្ឋ ដើម្បីកែប្រែឥរិយាបថធ្វើការងារផ្តល់សេវាតម្រូវការ និងសេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋ ប្រកបដោយតម្លាភាព លឿនរហ័ស មានគុណធម៌ សុជីវធម៌ និងភាពថ្លៃថ្នូរ៕ ដោយ៖ វិទ្យុជាតិកម្ពុជា