អ្នកធ្វើដំណើរនិងវិស័យដឹកជញ្ជូនដែលប្រើប្រាស់ផ្លូវល្បឿនលឿនអាចទិញកាតឱ្យហើយតាមរយៈធនាគារឬអាចមកដល់កន្លែងផ្ទាល់

  • Admin Page
  • July 20, 2022
  • Views 210

239107d6-557c-47df-bec7-56105c014886
cae39d18-751c-40dd-aabc-3dbb74e13221

363d9b35-032d-47e1-89f3-edd0bc80025b

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ២០ ០៧ ២០២២

ភ្នំពេញ ៖ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹក ជញ្ជូន បានបញ្ជាក់ឱ្យដឹងថា អ្នកធ្វើដំណើរនិងវិស័យដឹក ជញ្ជូនដែលគ្រោងប្រើប្រាស់ផ្លូវល្បឿនលឿនអាចទិញកាតឱ្យហើយតាមរយៈធនាគារឬអាចមកដល់កន្លែងផ្ទាល់ដើម្បីផ្តល់ភាពងាយស្រួលនៅពេលធ្វើចរាចរណ៍។

.

ក្នុងឱកាសដឹកនាំក្រុមការងារ និងមន្ត្រីជំនាញបន្តចុះពិនិត្យ មើលសកម្មភាព និងវឌ្ឍន ភាពសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ កាលពីថ្ងៃទី១៩ ខែកក្កដា ឆ្នាំ ២០២២ ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងថា គិតត្រឹមថ្ងៃទី១៥ ខែ កក្កដា ឆ្នាំ២០២២ ការសាង សង់ផ្លូវនេះសម្រេចបាន៩៥% ហើយគ្រោងនឹងបញ្ចប់ និងដាក់ឱ្យប្រើប្រាស់ជាបណ្ដោះ អាសន្ននៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ ហើយបងប្អូនប្រជាពលរដ្ឋអាចប្រើប្រាស់ផ្លូវនេះដោយឥតគិតថ្លៃក្នុងរយៈ ពេលមួយខែ។

ឯកឧត្តម ទេសរដ្ឋមន្ត្រី បានបន្តថា ក្រោយផុតរយៈពេលដាក់ឱ្យប្រើប្រាស់បណ្តោះ អាសន្ន ក្រុមហ៊ុននឹងចាប់ផ្តើមយកថ្លៃ នៃការប្រើប្រាស់ផ្លូវនេះ ដោយក្នុងនោះម្ចាស់រថយន្ត អាចទិញកាតអេឡិចត្រូនិក ETC សម្រាប់ប្រើប្រាស់ក្នុងការទូទាត់ ប្រព័ន្ធសេនស័រ ដាក់នៅពីមុខរថយន្តរបស់ខ្លួនជួយឱ្យចំណេញពេលក្នុងការធ្វើដំណើរ ដោយមិនចាំបាច់ឈប់ ពេលដល់កន្លែងបញ្ជរបង់ប្រាក់ ពេលចាកចេញនៅកន្លែងប្ដូរទិស ម៉ាស៊ីននៅតាមបញ្ជរបង់ប្រាក់នឹងគិតតម្លៃធ្វើដំណើរដោយស្វ័យប្រវត្តិ។

ឯកឧត្តមបញ្ជាក់ថា អ្នកធ្វើដំណើរអាចរកទិញកាតអេឡិចត្រូនិចនោះបាន នៅតាមធនាគារដៃគូរបស់ក្រុមហ៊ុនសាងសង់ ។ ក្នុងករណីគ្មានកាតអេឡិចត្រូនិក ETC បុគ្គលិកនៅតាមច្រកចូល នឹងផ្តល់កាតមួយឱ្យម្ចាស់យាន យន្ត ពេលធ្វើដំណើរចាក ចេញច្រកណាមួយបុគ្គលិកនៅតាមបញ្ជរនឹងយកកាតនោះទៅឆូតតាមកុំព្យូទ័រ និងបង្ហាញពីតម្លៃត្រូវទូទាត់។

 « ក្រោយខែ១០ ពេលគេយកលុយ យើងបង់លុយរបៀបម៉េច មានពីរទី១យើងទិញកាតឱ្យហើយ កាតហ្នឹងមានលុយហើយ ស្រេចនៅក្នុងកាត យើងដាក់នៅមុខឡានយើង យើងបើកមកយើងអត់ឈប់នោះទេ ម៉ាស៊ីនហ្នឹងវាដឹងវាចាប់លេខកាត វាចាប់ផ្លាកលេខឡានរបស់យើង ដល់ពេលយើងចេញកន្លែងប្តូរទិសណាក៏ ដោយ វាដឹងចេញកន្លែងនេះវាយកតម្លៃប៉ុននេះ ចេញទី២យកតម្លៃប៉ុន្មាននោះ ចេញចុងក្រោយបង្អស់យកតម្លៃតាមហ្នឹង នេះក្នុងករណីអ្នកប្រើប្រាស់គាត់ទិញកាតហ្នឹង ចង់ទិញពីណាក៏បានដែរ ក្រុមហ៊ុននឹងសហការជាមួយគ្រប់ធនាគារទាំងអស់ ដើម្បីទិញកាតហ្នឹងដាក់លើកញ្ចក់យើង បើកទៅមិនបាច់ឈប់ទេចំណេញ ពេលវេលា។ ប៉ុន្តែបើយើងគ្មានកាតនោះទេ ពេលយើងចូលមកដល់កន្លែងផ្លូវចូល គេនឹងឱ្យកាតយើងមួយកាតហ្នឹងគេដឹងភ្លាមថាយើងចូលនៅទីតាំងទី២ឬទី៣ ឬចូលនៅដើមផ្លូវ ដល់ពេលយើងចេញយើងហុចកាតឱ្យគេទៅ គេយកលុយទៅតាមចម្ងាយផ្លូវដែលយើងជិះ មានកាតដែលយើងទិញ ឬមួយយើងមកផ្ទាល់ ហើយបើកទៅអស់ប៉ុន្មានគេយកតាមហ្នឹងឯង»។

ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានឱ្យដឹងទៀតថា ទាក់ទងនឹងតម្លៃធ្វើដំណើរវិញ គិតជាមធ្យមនៅប្រទេសគេ ថ្លៃធ្វើដំណើរលើផ្លូវល្បឿនលឿនត្រូវបានគិតចំនួន ១០សេនក្នុងមួយគីឡូម៉ែត្រ។ ដោយឡែកនៅកម្ពុជាវិញ ក្នុងឆ្នាំទីមួយក្រុមហ៊ុននឹងគិតថ្លៃធ្វើដំណើរទៅតាមប្រភេទយានយន្ត ក្នុងនោះរថយន្តគ្រួសារនឹងត្រូវគិតថ្លៃ ចំនួន២៤ដុល្លារអាមេរិក ក្នុងនោះចំនួន១២ដុល្លារទៅ និងចំនួន១២ដុល្លារមក ហើយនៅឆ្នាំទីពីរក្រុមហ៊ុននឹងពិនិត្យយកតម្លៃធ្វើដំណើរយោងតាមកិច្ចព្រមព្រៀងសម្បទានដែលកម្ពុជាបានចុះហត្ថលេខាជាមួយក្រុមហ៊ុនសាងសង់។

ឯកឧត្តមទេសរដ្ឋមន្ត្រី បានបន្តថា ទាក់ទងនឹងការប្រើប្រាស់ល្បឿនធ្វើដំណើរ ក្រសួងកំពុងពិចារណាលើបញ្ហានេះ ប៉ុន្តែតាមគម្រោងអាចបើកបរបាន១២០គីឡូ ម៉ែត្រក្នុងមួយម៉ោង ដោយ សារផ្លូវនេះជាផ្លូវល្បឿនលឿន ប៉ុន្តែអ្នកបើកបរត្រូវមានការប្រុងប្រយ័ត្នឱ្យខ្ពស់ ដោយ សារផ្លូវនេះសភាពល្អ មិនរលាក់ ជិះស្រួល ភ្លេចខ្លួនអាចជិះលើសល្បឿនកំណត់បង្កជាគ្រោះថ្នាក់បាន។ អ្នកបើកបរត្រូវតែគោរពច្បាប់ចរាចរណ៍ឱ្យបានម៉ឺងម៉ាត់ជៀសវាងគ្រោះ ថ្នាក់ចរាចរណ៍ជាយថាហេតុ។

សូមជម្រាបជូនថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ មានប្រវែងសរុប ១៨៧គីឡូ ម៉ែត្រ ដែលបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩។ ផ្លូវនេះតភ្ជាប់ពីភូមិ១ សង្កាត់ សំរោង ក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ៕

Recently Posts