ក្រសួងផែនការ អះអាងថា អត្រាភាពក្រីក្រកម្ពុជា នៅឆ្នាំនេះ នឹងមានការកើនឡើង

  • Admin Page
  • July 29, 2022
  • Views 135

62e395bc3224e
62e395bc49dc0
62e395bc3e21e

ភ្នំពេញ ៖ លោក ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានផែនការ នៃក្រសួងផែនការ នាព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២នេះ បានមានប្រសាសន៍អះអាងថា អត្រាភាពក្រីក្រ នៅក្នុងប្រទេសកម្ពុជា នឹងមានការកើនឡើង ដោយសារកត្តាសំខាន់ៗចំនួន២ ទី១គឺបញ្ហាកូវីដ-១៩ បាននឹងកំពុងបន្ត និងកត្តាទី២ គឺបញ្ហាអតិផរណា ដែលកំពុងមានការកើនឡើង បណ្តាលមកពីសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។

មានប្រសាសន៍លើកឡើង នៅក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលរយៈពេល៥ឆ្នាំ របស់ក្រសួងផែនការ ដែលរៀបចំឡើងដោយអង្គភាព អ្នកនាំពាក្យរាជរដ្ឋាភិបាល នៅទីស្តីការគណៈរដ្ឋមន្ត្រី, លោកអគ្គនាយក បានបញ្ជាក់ថា មុនពេលមានវិបត្តិកូ វីដ-១៩ ចំនួនគ្រួសារក្រីក្រ មានជាង៥០ម៉ឺនគ្រួសារ ប៉ុន្តែនៅពេលមានវិបត្តិកូវីដ-១៩ មានគ្រួសារក្រីក្រ រហូតជាង៧០ម៉ឺនគ្រួសារ មានការកើនឡើង រង្វង់២០ម៉ឺនគ្រួសារ។

លោក ថេង បញ្ញាធន បានបន្ថែមថា ការធ្វើបច្ចុប្បន្នភាព គ្រួសារក្រីក្រ មានការកើនឡើងរង្វង់១ពាន់គ្រួសារ ជារៀងរាល់ខែ។ ក្នុងន័យនេះ ឯកឧត្តមអះអាងថា អត្រាភាពក្រីក្រ សម្រាប់ឆ្នាំ២០២២ នឹងមានការកើនឡើង។

សូមជម្រាបថា អគ្គនាយកដ្ឋានផែនការ ដែលជាស្ថាប័នដឹកនាំលេខាធិការដ្ឋាន ក្រុមការងារជាតិសម្រាប់វាស់វែងភាពក្រីក្រនៅកម្ពុជា បានដឹកនាំសម្រាបសម្រួល ជាមួយធនាគាពិភពលោក ធ្វើការកែសម្រួល វិធីសាស្រ្តវាស់វែងភាពក្រីក្រវាស់វែងភាពក្រីក្រនៅកម្ពុជា ឱ្យសម្របតាមឧត្តមានុវត្តន៍សាកលលោក និងបានគណនាកម្រិតនៃភាពក្រីក្រ របស់ប្រជាជនកម្ពុជា ឆ្នាំ២០១៩-២០២០ ដោយប្រើប្រាស់ ទិន្នន័យអង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩-២០២០។

ជាលទ្ធផល ដោយផ្អែកលើវីធីសាស្រ្តកែសម្រួល កម្រិតនៃភាពក្រីក្ររបស់ប្រជាជនកម្ពុជា បានថយចុះពី ៣៣,៨% នៅឆ្នាំ២០០៩ មកត្រឹម ១៧,៨% នៅឆ្នាំ២០២១។ ដូចនេះ ក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ អត្រាភាពក្រីក្រនៅកម្ពុជា ត្រូវបានកាត់បន្ថយអស់ប្រមាណ១៦,១ % ឬ១,៦% ក្នុងមួយឆ្នាំ ដែលមានកម្រិតខ្ពស់ជាងគោលដៅរបស់រដ្ឋាភិបាល ដែលបានកំណត់ត្រឹមតែ១% ក្នុងមួយឆ្នាំ៕

 

អត្ថបទ ៖ សន ពិសិដ្ឋ

Recently Posts