កម្ពុជា ក្នុងនាមជាម្ចាស់ផ្ទះ បើកកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាននៅថ្ងៃទី៣០ ខែកក្កដានេះ ដើម្បីសម្របសម្រួលរាល់ឯកសារនានា ជូនដល់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥

  • Admin Page
  • July 30, 2022
  • Views 174

62e4b4fed3ae2
62e4b4fecd2bf
62e4b4fedffc9
62e4b4fee58e4
62e4b4feeb241

ភ្នំពេញ៖ កម្ពុជា ក្នុងនាមជាប្រធានអាស៊ាន បានចាប់ផ្តើមធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ាន ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ នៅរាជធានីភ្នំពេញ។

នៅមុនកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ ដែលនឹងចាប់ផ្តើមប្រជុំជាផ្លូវការ នៅថ្ងៃទី៣១ ខែកក្កដា ដល់ថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ គឺនៅព្រឹកថ្ងៃទី៣០ ខែកក្កដានេះដែរ ក៏មានកិច្ចប្រជុំឧត្តមមន្ត្រីអាស៊ាន ដឹកនាំដោយលោក ស៊ឹម វីរៈ អគ្គនាយកនៃអគ្គនាយកដ្ឋានអាស៊ាន នៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលលោកបានដឹកនាំកិច្ចប្រជុំនៃគណៈកម្មការតាក់តែង ដើម្បីសម្របសម្រួលរាល់ឯកសារនានា ជូនដល់កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ ក៏ដូចជាសម្របសម្រួលរាល់កិច្ចពាក់ព័ន្ធផ្សេងៗទៀត។

 

 

ដោយឡែកបើយោងតាមសេចក្តីប្រកាសព័ត៌មាន បានឱ្យដឹងថា កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ រួមមាន៖ កិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ ជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាស៊ានជាមួយតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ាន ស្តីពីសិទ្ធិមនុស្ស រដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥សន្និសីទក្រោយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន ជាមួយដៃគូសន្ទនារបស់អាស៊ាន កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានបូកបី លើកទី២៣ កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសនៃកិច្ចប្រជុំកំពូលអាស៊ី-បូព៌ា លើកទី១២ និង កិច្ចប្រជុំវេទិកាតំបន់អាស៊ានលើកទី២៩

ក្រសួងការបរទេស បានបញ្ជាក់បន្ថែមថា ស្របពេលជាមួយកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន នឹងអញ្ជើញធ្វើជាសាក្សីការចុះហត្ថលេខាលើលិខិតុបករណ៍ នៃការចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ដោយ ព្រះរាជាណាចក្រដាណឺម៉ាក, សាធារណរដ្ឋក្រិក, ព្រះរាជាណាចក្រហូឡង់, ប្រទេសអូម៉ង់, រដ្ឋកាតា និងអារ៉ាប់រួមអេមីរ៉ាត់។ រដ្ឋមន្រ្តីការបរទេស និងអគ្គលេខាធិការអាស៊ាន ក៏នឹងអញ្ជើញចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អាស៊ានឆ្នាំ២០២១ ផងដែរ។

កិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ នឹងមានកិច្ចប្រជុំត្រីភាគីចំនួនបីដាច់ដោយឡែកពីគ្នា រវាងកម្ពុជា និងលេខាធិការដ្ឋានអាស៊ាន ជាមួយនឹងប្រទេសដៃគូសន្ទនារបស់អាស៊ានចំនួនបី រួមមាន ប្រទេសន័រវេស ប្រទេសតួកគី និងប្រទេសស្វីស។

 

 

ក្រៅពីប្រទេសដៃគូសន្ទនាតាមវិស័យរបស់អាស៊ាន និងប្រទេសទាំងប្រាំមួយ ដែលចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ (TAC) ខាងលើ ប្រទេសចំនួនបួនផ្សេងទៀត នឹងត្រូវបានអញ្ជើញជាភ្ញៀវនៃប្រធានអាស៊ានឆ្នាំ២០២២ រួមមានប្រទេសប៉ាពួញូវហ្គីណេ ម៉ារ៉ុក ទីម័រខាងកើត និងអាស៊ែបៃហ្សង់។

ក្នុងអំឡុងពេលនៃកិច្ចប្រជុំ AMM លើកទី៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា រំពឹងថានឹងមានជំនួបទ្វេភាគីមួយចំនួនជាមួយនឹងសមភាគីបរទេសរបស់លោក៕

Recently Posts