ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត វាយតម្លៃខ្ពស់ចំពោះការទំនាក់ទំនងរវាងកងពលតូចលេខ៧០ នៃកងទ័ពជើងគោកកម្ពុជា ជាមួយនឹងបញ្ជាការដ្ឋានប្រតិបត្តិការពិសេសកងទ័ពហ្វីលីពីន

  • Admin Page
  • July 29, 2022
  • Views 131

62e3514ada0bb
62e3514acdb9b
62e3514ac061a
62e3514ab2c2a
8f203d4370b6f498dec5f4e41b8d4672

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានអនុញ្ញាតឱ្យគណៈប្រតិភូវរសេនាធំប្រឆាំងភេរវកម្ម នៃបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដឹកនាំដោយ ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG ចូលជួបសម្តែងការគួរសម បន្ទាប់ពីគណៈប្រតិភូបានបំពេញការងារជាច្រើនថ្ងៃរួចមក ជាមួយកងពលតូចលេខ៧០ ដើម្បីសិក្សាអំពីការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងនៃអង្គភាពទាំងពីរ។

 

ក្នុងជំនួបនេះ លោកមេបញ្ជាការកងទ័ពជើងគោក បានវាយតម្លៃខ្ពស់ចំពោះការសម្រេចបាននូវលទ្ធផលជាក់ស្តែងនៃការភ្ជាប់ទំនាក់ទំនងរវាងកងពលតូចលេខ៧០ កងទ័ពជើងគោកកម្ពុជា ជាមួយនឹងបញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដោយបានឈានមកដល់ការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នា ដែលគ្រោងនឹងបើកដំណើរការក្នុងពេលឆាប់ៗខាងមុខ។ វឌ្ឍនភាពនៃទំនាក់ទំនងបែបនេះ គឺការចាប់ផ្តើមដ៏ល្អនៃការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី និងអាចជាការត្រួសត្រាយផ្លូវនាំឱ្យមានវគ្គហ្វឹកហ្វឺនរួមគ្នាជាបន្តបន្ទាប់ទៀតជាលក្ខណៈប្រចាំឆ្នាំផងដែរ។

 

ឧត្តមសេនីយ៍ត្រី MONICO ESTOESTA ABANG បានថ្លែងអំណរគុណកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទចំពោះបដិសណ្ឋារកិច្ចស្វាគមន៍ដ៏កក់ក្តៅ និងការបង្កលក្ខណៈដល់ការបំពេញទស្សនកិច្ចការងាររបស់គណៈប្រតិភូកងទ័ពហ្វីលីពីនឱ្យសម្រេចបានជោគជ័យ។ លោកក៏បានបង្ហាញសុទិដ្ឋិនិយមផងដែរ ចំពោះគម្រោងនៃការរៀបចំវគ្គហ្វឹកហ្វឺនរួមគ្នារវាងកងទ័ពនៃប្រទេសទាំងពីរ ដែលអាចនឹងដំណើរទៅដោយរលូន ដោយសារកងពលតូចលេខ៧០ របស់កម្ពុជា មានទីតាំងហ្វឹកហ្វឺនល្អ រួមជាមួយនឹងហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារបំពាក់សមស្របសម្រាប់ហ្វឹកហ្វឺនលើជំនាញដែលបានឯកភាពគ្នា។

 

គួររំឭកថា វគ្គហ្វឹកហ្វឺនរួមគ្នារវាងកងកម្លាំងនៃកងពលតូចលេខ៧០ កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ និងកងកម្លាំងនៃវរសេនាធំប្រឆាំងភេរវកម្ម បញ្ជាការដ្ឋានប្រតិបត្តិការពិសេស កងទ័ពហ្វីលីពីន ដែលគ្រោងនឹងដំណើរការក្នុងពេលខាងមុខនេះ គឺផ្នែកមួយនៃការអនុវត្តទិសដៅសហប្រតិបត្តិការទ្វេភាគី ដែលលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានពិភាក្សា និងឯកភាពគ្នាកន្លងមកជាមួយ ឧត្តមសេនីយ៍ឯក Macairog Alberto និង ឧត្តមសេនីយ៍ឯក CIRILITO SOBEJA-NA អតីតមេបញ្ជាការកងទ័ពជើងគោកហ្វីលីពីន ដើម្បីធ្វើយ៉ាងណាបើកច្រកឱ្យមានការភ្ជាប់ទំនាក់ទំនងរវាងអង្គភាពថ្នាក់យុទ្ធវិធី នៃកងទ័ពទាំងពីរឱ្យបានកាន់តែទូលំទូលាយ និងមានចំនួនកើនឡើង៕

Recently Posts