អគ្គនាយកនិយ័តករធានារ៉ាប់រង៖ ការកំណត់ធានារ៉ាប់រងយានយន្តឯកជនជាកាតាព្វកិច្ច គឺជាការដោះស្រាយបន្ទុកផ្នែកហិរញ្ញវត្ថុ ចំពោះម្ចាស់យានយន្ត នៅពេលដែលគ្រោះថ្នាក់កើតឡើង

  • Admin Page
  • August 02, 2022
  • Views 171

62e8e9315802e
62e8e93d8b1dd

ភ្នំពេញ ៖ ខណៈថ្មីៗនេះ ក្រោយការប្រកាសដាក់ចេញធានារ៉ាប់រងយានយន្តឯកជនជាកាតាព្វកិច្ច ហើយមានមតិពីប្រជាពលរដ្ឋ ថាវាជាបន្ទុកចំណាយបន្ថែមនោះ, អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ធភីរូ នាព្រឹកថ្ងៃទី២ ខែសីហា ឆ្នាំ២០២២នេះ បានអះអាងថា ការដាក់ចេញនូវច្បាប់ធានារ៉ាប់រងនេះ មិនមែនជាបន្ទុកចំពោះម្ចាស់យានយន្តនោះទេ ប៉ុន្តែផ្ទុយទៅវិញ គឺជាការជួយដោះស្រាយបន្ទុកផ្នែកហិរញ្ញវត្ថុ ចំពោះម្ចាស់យានយន្ត នៅពេលដែលមានគ្រោះថ្នាក់កើតឡើង។ 

ឆ្លើយតបនឹងសំណួរអ្នកសារព័ត៌មាន ក្នុងសន្និសីទសារព័ត៌មាន ស្តីពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លោកអគ្គនាយក បានបញ្ជាក់ថា រាជរដ្ឋាភិបាល មានគម្រោងអនុវត្តច្បាប់ស្តីពីការធានារ៉ាប់រងនេះ តាំងពីឆ្នាំ២០១៤មកម្ល៉េះ ប៉ុន្តែដោយសារយានយន្តមានច្រើនប្រភេទ នាំឲ្យត្រូវការពេលវេលាសិក្សាឲ្យបានស៊ីជម្រៅ ថាតើត្រូវចាប់ផ្តើមលើប្រភេទណាមុន និងប្រភេទណាក្រោយ។

 

លោក ប៊ូ ច័ន្ទភីរូ បានលើកឡើងថា នេះគឺជាបង្រៀនសន្សំប្រាក់មួយ សម្រាប់ប្រជាពលរដ្ឋ ដែលជាម្ចាស់យានយន្ត យកទៅដោះស្រាយ នៅពេលមានគ្រោះថ្នាក់កើតឡើង ហើយកាតាព្វកិច្ចបង់ធានារ៉ាប់រង ក៏គឺជាឧបករណ៍មួយ ដើម្បីជួយទៅដល់ប្រព័ន្ធសន្តិសុខសង្គម និងជួយដល់ប្រជាពលរដ្ឋ ទទួលបានបន្ទុកហានិភ័យគ្រោះថ្នាក់ ដែលផ្តល់ដោយក្រុមហ៊ុនធានារ៉ាប់រង តាមរយៈការទិញធានារ៉ាប់រង ពីក្រុមហ៊ុនធានារ៉ាប់រងនេះ។ លោកឲ្យដឹងដែរថា កម្ពុជា ខាតបង់ថវិកាជាង៣០០លានដុល្លារ ក្នុងមួយឆ្នាំ ដោយសារគ្រោះថ្នាក់ចរាចរ។

 

សូមជម្រាបថា បច្ចុប្បន្ន កម្ពុជា មានក្រុមហ៊ុនធានារ៉ាប់រងផ្ទាល់ចំនួន ៣៨ ដែលក្នុងនោះក្រុមហ៊ុនធានារ៉ាប់រងទូទៅ ចំនួន១៨, ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតចំនួន១៤, និងក្រុមហ៊ុនធានារ៉ាប់រងខ្នាតតូចចំនួន៦ កំពុងធ្វើប្រតិបត្តិការអាជីវកម្មធានារ៉ាប់រង នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ នេះបើយោងតាមឯកសារស្តីពីសមិទ្ធផលសម្រេចបាន រយៈពេល៥ឆ្នាំ ពីឆ្នាំ២០១៧-ឆ្នាំ២០២១ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ 

ឯកសារបន្តថា ចំនួនក្រុមហ៊ុនធានារ៉ាប់រង មានការកើនឡើងយ៉ាងគំហ៊ុកចាប់តាំងពីឆ្នាំ២០១២ ដែលជាដំណាក់កាលឈានចូលទីផ្សារកម្ពុជា របស់ក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត។ ថ្មីៗនេះ រាជរដ្ឋាភិបាលបានបង្កើត “សាជីវកម្មធានាឥណទានកម្ពុជា” ដោយអនុក្រឹត្យចុះថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២០ ជាសហគ្រាសសាធារណៈ ក្រោមអាណាព្យាបាលបច្ចេកទេស របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងគោលបំណងផ្តល់ផលិតផលធានារ៉ាប់រង លើការធានាឥណទាន ក្នុងព្រះរាជាណាចក្រកម្ពុជា។

 

ក្រុមហ៊ុនទាំងនេះ មានទាំងប្រភេទក្រុមហ៊ុនបរទេសចំនួន ២៣ ក្រុមហ៊ុនក្នុងស្រុក១៥ និងក្រុមហ៊ុនចំរុះរដ្ឋ ២។ ក្រុមហ៊ុនធានារ៉ាប់រងទាំងអស់មានទ្រព្យសកម្ម ចំនួនប្រមាណ ៧៤១លានដុល្លារអាមេរិក និងមូលនិធិភាគហ៊ុនិកចំនួនប្រមាណជាង ៣៤២ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២០៕ 

 

អត្ថបទ ៖ សន ពិសិដ្ឋ

Recently Posts