បទយកការណ៍៖ អ្នកកាសែតខ្មែរជើងចាស់ ចេញផ្សាយសៀវភៅ “អាថ៌កំបាំងក្រៅឆាក” កំពុងតែកក្រើកទីផ្សារនៅកម្ពុជា ស្របពេលកម្ពុជាធ្វើជាប្រធានអាស៊ាន

  • Admin Page
  • July 30, 2022
  • Views 257

image_2022-07-30_10-20-57
image_2022-07-30_10-20-20
image_2022-07-30_10-21-18
image_2022-07-30_10-21-06
image_2022-07-30_10-20-35
image_2022-07-30_10-20-47
img_20220730_113250_328

រឿងរ៉ាវក្រៅឆាករបស់មេដឹកនាំអាស៊ាន និងលើពិភពលោកដែលបានចូលរួមកិច្ចប្រជុំជាមួយមេដឹកនាំអាស៊ាន ត្រូវបានអ្នកកាសែតជើងចាស់ខ្មែរមួយរូបលើកយកមកលាតត្រដាងក្នុងស្នាដៃរបស់ខ្លួន។

 

ក្នុងសន្និសីទសារព័ត៌មានស្ដីពីស្នាដៃនិពន្ធរបស់លោក នារសៀលថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២២ លោក ពុយ គា បានថ្លែងថា លោកបានចំណាយពេល១០ឆ្នាំ ដើម្បីតាក់តែងសៀវភៅមានកម្រាស់ជាង២០០ទំព័រនេះទ្បើង ដែលមានលក្ខណៈពិសេស និងខុសប្លែកពីសៀវភៅដែលបានបោះពុម្ពផ្សាយកន្លងមកនៅក្នុងប្រទេស។

 

សៀវភៅ “អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក” កម្រាស់ជាង២០០ទំព័រដែលទើបចរាចរនៅប៉ុន្មានថ្ងៃនេះកំពុងកក្រើកទីផ្សារនៅកម្ពុជាដោយមានការគាំទ្រយ៉ាងច្រើនពីមិត្តអ្នកអាន។ បើគិតតែក្នុងរយៈពេល១សប្តាហ៍ សៀវភៅចំនួនជាង៣ពាន់ក្បាលត្រូវបានលក់អស់ដែលតម្រូវឱ្យមានការបោះពុម្ពជាបន្ទាន់និងបន្តទៀតដើម្បីឆ្លើយតបទៅនឹងទីផ្សារដែលកំពុងមានតម្រូវការខ្ពស់។

 

សៀវភៅ “អាថ៌កំបាំងក្រៅឆាក” ជាស្នាដៃនិពន្ធថ្មីរបស់លោក ពុយ គា អ្នកសារព័ត៌មានជើងចាស់មួយរូបរបស់កម្ពុជាដែលបានចំណាយពេលអស់១០ឆ្នាំ ទម្រាំអាចប្រសូត្រចេញជាសៀវភៅមួយក្បាលនេះឡើង។ សៀវភៅនេះមានលក្ខណៈពិសេស ខុសប្លែកពីសៀវភៅដែលបានបោះពុម្ភផ្សាយនាពេលកន្លងមកនៅក្នុងប្រទេសកម្ពុជា។ ចំណុចដែលប្លែកនោះគឺត្រូវបានមហាជនចាប់អារម្មណ៍លើចំណងជើង និងក្របសៀវភៅដែលបង្កប់នូវអត្ថន័យអ្វីមួយរហូតដល់អ្នកអានបានបើកមើល ឬបានអានរួចទើបដឹងថាមានអ្វីនៅខាងក្នុង។

 

សៀវភៅនេះ ពិតជាពោរពេញដោយអាថ៌កំបាំងច្រើនស្ទើររាប់មិនអស់ដែលពុំធ្លាប់មានគេតំណាល ឬចែកចាយពីមុនមក។ អ្នកដែលអានសៀវភៅ “អាថ៌កំបាំងក្រៅឆាក” ពិតជាទទួលបានចំណេះដឹងបន្ថែមច្រើន និងទទួលបានភាពរីករាយរហូតដល់លួចញញឹម ឬសើចបន្ទាប់ពីអានដល់វគ្គខ្លះនៃសៀវភៅ។

អ្នកនិពន្ធរូបនេះបានថ្លែងថា "មានរឿងច្រើនណាស់ដែលត្រូវបានទម្លាយពីកិច្ចប្រជុំអន្តរជាតិធំៗ ទាំងក្នុងស្រុក តំបន់ និងបណ្តាប្រទេសដទៃទៀត ក្នុងនោះមានរឿងរ៉ាវទាក់ទងនឹងមេដឹកនាំល្បីៗរបស់អាស៊ាន និងពិភពលោក ជាពិសេសជីវិតស្នេហា ទម្លាប់ការងារ ឥរិយាបថរបស់មេដឹកនាំ និងភាពមិនចុះសម្រុងគ្នាលើបញ្ហាខ្លះនៅក្នុងតំបន់ ក៏ដូចជាជម្លោះទឹកដីជាដើម"។ អ្នកសារព័ត៌មានវិជ្ជាជីវៈរូបនេះបានបន្តថា ក្រៅពីផ្តល់ពុទ្ធិបន្ថែមដល់អ្នកអានស្នាដៃនិពន្ធថ្មីនេះរបស់លោកក៏អាចប្រើប្រាស់ជាឯកសារជំនួយស្មារតី ឬឯកសារយោងដ៏មានតម្លៃផងដែរ ពីព្រោះព័ត៌មានដែលលោកប្រមូល និងសម្រិតសម្រាំង គឺបានមកពីប្រភពពាក់ព័ន្ធ និងតាមរយៈការសង្កេតផ្ទាល់របស់លោកនៅនឹងកន្លែងផងដែរ។

 

លោក ពុយ គា ក៏បានសម្តែងក្តីរីករាយ ដោយលោកបានអះអាងថាសៀវភៅចំនួនជាង៣ពាន់ក្បាលត្រូវបានលក់អស់ក្នុងរយៈពេល១សប្តាហ៍។ លោកនឹងបោះពុម្ពឱ្យបានដល់២ ឬ៣ម៉ឺនក្បាល ដើម្បីឆ្លើយតបទៅនឹងការគាំទ្ររបស់អ្នកអាន។

 

ឆ្នាំ២០២២នេះ ចំពេលដែលពិភពលោកមានបញ្ហាធំៗ ដូចការចូលលុកលុយរបស់ប្រទេសរុស្ស៊ី ទៅលើអ៊ុយក្រែន បញ្ហានៅកោះតៃវ៉ាន់ និង មីយ៉ាន់ម៉ា ជាដើម ......ធ្វើឱ្យអាស៊ានមានអម្រែកកាន់តែធ្ងន់ រហូតធ្វើឱ្យមេដឹកនាំនីមួយៗបានជជែកគ្នាតឹងសរសៃករួចបាត់ទៅហើយ។ នេះបើតាមការឱ្យដឹងតាមរូបមន្តស៊ើបក្រៅឆាករបស់ លោក ពុយ គា។ កត្តាទាំងនេះហើយដែល ក្នុងនាម លោកជាអ្នកសារព័ត៌មាន ដែលតែងតែតាមដានកិច្ចប្រជុំអាស៊ានគ្រប់ច្រកល្ហកផង និងជាអ្នកចូលចិត្តនិពន្ធសៀវភៅផង បានដាក់ផែនការរបស់ខ្លួនថា នឹងបន្តចងក្រងអាថ៌កំបាំងក្រៅឆាកនេះឱ្យចេញជារូបរាងមួយក្បាលទៀតអំឡុងពេល៥ ឬ១០ឆ្នាំខាងមុខ។

លោក ខៀវ កូឡា អ្នកកាសែតជើងចាស់មួយរូប និងជាគណៈកម្មការនាយកនៃក្លិបអ្នកកាសែតកម្ពុជា ធ្វើជាអ្នកសម្របសម្រួលក្នុងក្នុងសន្និសីទសារព័ត៌មានស្ដីពីស្នាដៃនិពន្ធរបស់លោក ពុយ គា ក៏បានវាយតម្លៃថា «ខ្ញុំបានអានសៀវភៅហ្នឹងហើយ ល្អមែនទែន សៀវភៅនេះ ចំពោះខ្ញុំគិតថា បានរួមវិភាគទាំនច្រើន ដល់វិស័យការទូតកម្ពុជាយើង ពិសេសសៀវភៅនេះ រកឃើញនូវចំណុចល្អៗសម្រាប់ការសិក្សាផ្នែកទំនាក់ទំនងអន្តរជាតិ អ្នកសារព័ត៌មាន លោក ពុយ គា បានរំលេចឱ្យឃើញរឿងដែលយើងមិនដែលដឹង»។

 

ទន្ទឹមគ្នានេះ លោក ខៀវ កូឡា ក៏បានបង្ហោះចំណាប់អារម្មណ៍របស់តាមបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់លោកទទួលស្គាល់ថា«ខ្លឹមសារសំណេរសរុប២១៨ទំព័រ នៃសៀវភៅនេះសមឥតខ្ចោះទៅនឹងចំណងជើងសៀវភៅ... ខ្ញុំលួចសើចលួចញញឹមជាច្រើនដងពេលអានសៀវភៅនេះ.. សៀវភៅនេះនឹងផ្តល់ប្រយោជន៍ដល់អ្នកដែលបានអានមិនខានឡើយ ហើយសៀវភៅនេះពិតជាបានរួមវិភាគទានដល់នយោបាយការបរទេសកម្ពុជាឱ្យដើរត្រូវសំដៅពង្រឹងសន្តិភាពវិបុលភាពសេដ្ឋកិច្ចកម្ពុជាបច្ចុប្បន្នឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ហើយនិងបានជាឧត្តមប្រយោជន៍ដល់ការពង្រឹងកិត្យានុភាពខ្មែរលើឆាកតំបន់និងអន្តរជាតិផង។ ខ្ញុំសូមជូនពរលោក ពុយ គា ជាអ្នកនិពន្ធសៀវភៅនេះប្រកបដោយសុខភាពល្អបរិបូណ៌.. »។

 

លោក ពេជ្រ ប៊ុនសាយ អគ្គនាយករង នៃអង្គភាពព័ត៌មាន Fresh News ទទួលបន្ទុកព័ត៌មាននយោបាយក៏បានប្រាប់ ទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP) ឱ្យដឹងថា «សៀវភៅអាថ៌កំបាំងក្រៅឆាក របស់ លោក ពុយ គា បានលាតត្រដាងនូវព័ត៌មានប្លែកៗ ព័ត៌មានគួរឱ្យចាប់អារម្មណ៍ជាច្រើន ដែលយើងសឹងមិនបានឃើញទាល់តែសោះនៅលើប្រព័ន្ធផ្សព្វផ្សាយ។ សៀវភៅនេះ បង្ហាញអ្នកអាននូវអាថ៌កំបាំងជាច្រើន ដែលកើតចេញពីការតាមដានស៊ើបអង្កេតរបស់អ្នកនិពន្ធ លើកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំសំខាន់ៗចំនួន២២»។

 

លោកបានគូសបញ្ជាក់ទៀតថា «វាអាចជាមេរៀន និងបទពិសោធន៍សម្រាប់អ្នកអាន និងអ្នកសិក្សា ដែលចង់ឈ្វេងយល់ពីកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំមួយចំនួនទៀតនៅលើពិភពលោក របៀបរបបការទូត និងភាពជាម្ចាស់ផ្ទះនៃកិច្ចប្រជុំសំខាន់ៗជាដើម។ ឆ្លៀតឱកាសនេះ ក៏សូមអរគុណរៀមច្បង ដែលបានខិតខំចងក្រងសៀវភៅពិសេសនេះ និងសូមជូនពរឱ្យសៀវភៅនេះ ទទួលបានការគាំទ្រកាន់តែច្រើនឡើង»។

 

ចំណែកឯលោក វណ្ណ សុគន្ធា អ្នកសារព័ត៌មាន«កម្ពុជាថ្មី»ក៏បានពិពណ៌នាតាមបណ្ដាញសង្គមដោយបានអះអាងថា«ខ្ញុំអានសៀវភៅច្រើនប្រភេទដែរ ប៉ុន្តែសៀវភៅប្រភេទនេះ (អាថ៌កំបាំងក្រៅឆាក)គឺលើកទីមួយហើយដែលខ្ញុំបានឃើញ និងបានអាន។ វាពិតជាពិសេស ថ្មី ប្លែកដែលពុំធ្លាប់មានពីមុនមកសោះនៅក្នុងប្រទេសកម្ពុជារបស់យើង។ បែបនេះ ព្រោះថា រឿងរ៉ាវ ឬរឿងអាថ៌កំបាំងរបស់មេដឹកនាំអាស៊ានដែលមហាជនភាគច្រើនមិនបានដឹង ត្រូវបានលាតត្រដាងបង្ហាញនៅក្នុងសៀវភៅមួយក្បាលនេះ។ ខ្ញុំសូមអរគុណ លោក ពុយ គា ចំពោះស្នាដៃដ៏ពិសេសមួយនេះសម្រាប់កូនខ្មែររបស់យើង!»។

 

បើតាមលោក ពុយ គា ជាអ្នករៀបរាងសៀវភៅផង និង ធ្លាប់ធ្វើជាបណ្ណាធិការសៀវភៅឱ្យអ្នកនិពន្ធល្បីៗផ្សេងទៀតផង មកដល់ពេលនេះលោកបានបង្កើតស្នាដៃសរុបចំនួន២០ក្បាលហើយ។ ប៉ុន្ដែអ្វីដែលកាន់តែពិសេសទៀតនោះ សៀវភៅ “អាថ៌កំបាំងក្រៅឆាករបស់មេដឹកនាំអាស៊ាន និងពិភពលោក” ត្រូវបានបោះពុម្ពផ្សាយចំពេលដែលកម្ពុជាធ្វើម្ចាស់ផ្ទះប្តូរវេនកិច្ចប្រជុំអាស៊ាននៅឆ្នាំ២០២២នេះ ដោយក្នុងនោះអ្នកនិពន្ធក៏បានបរិយាយពីតួនាទីរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានផងដែរ៕ដោយ៖ គង់ សិរីរ័ត្ន សម្រួលផ្សាយដោយ៖ ធូ​ កុសល

Recently Posts