សម្តេចធិបតី ហ៊ុន ម៉ាណែត អបអរសាទរខេត្តចំនួន ៣ ដែលបានជាប់ជ័យលាភី ក្នុងការប្រកួតប្រជែងទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ

  • Admin Page
  • January 06, 2024
  • Views 136


8341539b-aa86-4f44-a66e-8fc3ffe55bcc
972920bf-5aec-4a6c-b0d8-3d65fb8ce08b
d02fcb15-01d8-45e3-80ac-b02f3b068d8e
cd0009d1-e100-4654-a746-e4870f4d5e3d

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈបណ្តាញសង្គម បានបង្ហោះសារអបអរសាទរ ខេត្តព្រះសីហនុ ខេត្តបាត់ដំបង និងខេត្តសៀមរាប ដែលបានជាប់ជ័យលាភី ក្នុងការប្រកួតប្រជែង «ទីក្រុងដែលមានពិធីបុណ្យឆ្លងឆ្នាំសកលល្អជាងគេប្រចាំឆ្នាំ» (Best Countdown City of the Year)។
ការទទួលបានជ័យលាភីរបស់ខេត្តទាំង ៣ខាងលើនេះ ក្រោមការរៀបចំពីគណៈកម្មាធិការជាតិវាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ តាមរយៈការបោះឆ្នោតគាំទ្រពីសាធារណជន ដែលត្រូវបានរៀបចំឡើងចាប់ពីម៉ោង ៥ល្ងាច ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៣ ដល់ម៉ោង ៥ល្ងាចថ្ងៃទី ២ខែមករា ឆ្នាំ ២០២៤។
ជាលទ្ធផល ទីក្រុងនៃខេត្តចំនួន ០៣ បានជាប់ជ័យលាភីដែលទទួលបានសំឡេងគាំទ្រច្រើនជាងគេ បំផុតរួមមាន៖ ទី១. ខេត្តព្រះសីហនុ ទី២. ខេត្តបាត់ដំបង និងទី៣. ខេត្តសៀមរាប។ គណៈកម្មាធិការជាតិ វាយតម្លៃទីក្រុងស្អាត និងក្រសួងទេសចរណ៍ នឹងធ្វើពិធីប្រគល់ពានរង្វាន់នឹងប្រព្រឹត្តទៅក្នុង “ពិធីអបអរសាទរទិវាជាតិទីក្រុងស្អាត” នាពេលខាងមុខ។
យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានឲ្យដឹងថា ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឈានចូលឆ្នាំ២០២៤ ភ្ញៀវទេសចរដែលបានមកកម្សាន្តតាមបណ្តាឆ្នេរ និងរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុ មានចំនួនប្រមាណ ៣៤,៩ម៉ឺននាក់ ខណៈនៅខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរចំនួនប្រមាណ ២៦,៣ម៉ឺននាក់ បានមកកម្សាន្ត ដើម្បីអបអរសាទរថ្ងៃចូលឆ្នាំថ្មី ឆ្នាំសកល ២០២៤។ ចំណែកខេត្តសៀមរាប មានភ្ញៀវទេសចរជាតិ និងអន្តរជាតិ មកកម្សាន្តប្រមាណ ៣០,៤០ម៉ឺននាក់ ក្នុងពិធីបុណ្យឆ្លងឆ្នាំសកលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៣ ឈានចូលឆ្នាំ ២០២៤៕
អត្ថបទ៖ សៀម ប៊ុនធី

Recently Posts