សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ជំរុញមន្រ្តីគណបក្សការពារសុខសន្តិភាព និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចល របស់ពួកប្រឆាំងជ្រុលនិយម

  • Admin Page
  • July 24, 2022
  • Views 150

3b9fc60f-9c84-4a83-bc66-c39fc64
fb1d5580-0a03-4e1f-8b8f-d5b7c63
b19695bb-c963-4e7b-b980-cdc2daf

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមន្រ្តីគណបក្ស គ្រប់ជាន់ថ្នាក់ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុនប៉ង បង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។ សម្តេចបានស្នើឱ្យមន្រ្តីគណបក្សទំាងអស់ ត្រូវបន្តរៀបចំការងារឱ្យបានល្អ និងឆាប់រហ័សសម្រាប់ការបោះឆ្នោតជ្រើសតាំង តំណាងរាស្រ្តនីតិកាលទី៧ ខាងមុខ។ ពិនិត្យកែសម្រួលក្រុមការងារគណបក្សចុះមូលដ្ឋាន ឱ្យមានបរិមាណ និងលទ្ធភាពសមស្រប និងមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ដែលបានប្រគល់ឱ្យ រក្សាការផ្សារភ្ជាប់ជាមួយប្រជាជន ស្វែងយល់ពីទុក្ខលំបាករបស់ ប្រជាជន ខិតខំដោះស្រាយសំណូមពររបស់ប្រជាជន បន្តជួបសំណេះសំណាលថ្លែងអំណរគុណប្រជាពលរដ្ឋ ដែលបោះឆ្នោត គាំទ្រគណបក្សប្រជាជនកម្ពុជា។ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានមានប្រសាសន៍ដូចខាងលើនេះ នៅក្នុងឱកាស សម្តេចអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៥ របស់ខេត្ត និងការផ្សព្វផ្សាយខ្លឹមសារ សន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញកាលថ្ងៃទី ១៦ និង ១៧ ខែកក្កដា ឆ្នាំ២០២២ នៅមន្ទីរគណបក្សស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃសៅរ៍ទី២៣ ខែកក្កដា ឆ្នាំ២០២២។ នៅខេត្តត្បូងឃ្មុំ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ បានដំណើរការ មិនខុសពីស្ថានភាពរួមនៃដំណើរការ បោះឆ្នោតក្នុងទូទាំងប្រទេសនោះទេ ពោលគឺបានប្រព្រឹត្តទៅដោយសេរីត្រឹមត្រូវ និងយុត្តិធម៌ក្នុងបរិយាកាសអព្យាក្រឹត សន្តិសុខ របៀបរៀបរយ គ្មានអំពើហិង្សា និងការគំរាមកំហែងឡើយ។ ប្រជាពលរដ្ឋច្រើនកុះករបានទៅបោះឆ្នោត នៅតាមការិយាល័យនីមួយៗ ប្រកបដោយភាពថ្លៃថ្នូរសប្បាយរីករាយ តាមឆន្ទៈ ដើម្បីជ្រើសរើសតំណាង ឱ្យបន្តដឹកនាំនៅឃុំ សង្កាត់ និងមូលដ្ឋានរបស់ខ្លួន សម្រាប់អាណត្តិ៥ឆ្នាំបន្ត។ ប្រការនេះបានឆ្លុះបញ្ចាំងពីភាពចាស់ទុំនៃដំណើរការប្រជាធិបតេយ្យសេរី ពហុបក្សស្របតាមរដ្ឋធម្មនុញ្ញ និងច្បាប់របស់កម្ពុជា។ លទ្ធផលនៃដំណើរការបោះឆ្នោតសម្រាប់ខេត្តត្បូងឃ្មុំគឺ គណបក្សប្រជាជនកម្ពុជា ទទួលបានអាសនៈ ចំនួន៤៣២ នៃអាសនៈសរុប៥៣៦ ស្មើនឹង៨០,៥៩% និងទទួលបានតំណែងមេឃុំ និងចៅសង្កាត់ ទាំងអស់ក្នុងទូទាំងខេត្ត ។

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ដែលជាប្រធានក្រុមការងារគណបក្សចុះជួយខេត្តត្បូងឃ្មុំផងនោះ បានវាយតម្លៃលទ្ធផលនេះ ដោយបានបង្ហាញឱ្យឃើញច្បាស់ពីជ័យជំនះដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជាក្នុងក្របខណ្ឌខេត្ត ដែលជាមូលដ្ឋានគ្រឹះដ៏រឹងមាំ សម្រាប់ឈានទៅរកជ័យជំនះថ្មីទៀតក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ។

 

សម្តេចបានសម្តែងនូវការកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះ ឯកឧត្តម លោកជំទាវ លោក លោកស្រី ទាំងអស់ ដែលវត្តមាននៅទីនេះ ក៏ដូចជាមន្រ្តីយើងទាំងអស់ ដែលនៅក្នុងក្រុមការងារគណបក្ស និងគណៈកម្មាធិការគណបក្ស គ្រប់ថ្នាក់ ពិសេសថ្នាក់ឃុំ សង្កាត់ និងភូមិ ក្នុងទូទាំងខេត្តដែលលះបង់អស់កម្លាំងកាយ ស្មារតី និងសម្ភារៈ ខិតខំបំពេញភារកិច្ច ដែលគណៈអចិន្រ្តៃយ៍បានដាក់ចេញ ក្នុងសេចក្តីសម្រេចស្តីពីផែនការរួមឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ រហូតសម្រេចបាន នូវជ័យជំនះដ៏ធំធេងជូនគណបក្ស សម្រាប់ជាមូលដ្ឋានគ្រឹះឆ្ពោះទៅដណ្តើមជោគជ័យ បន្តទៀតនាពេលខាងមុខ ។

 

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានគូសបញ្ជាក់ថា ដើម្បីសម្រេចការប្តេជ្ញាចិត្តជាយុទ្ធសាស្រ្តនេះ ត្រូវយកចិត្តទុកដាក់ អនុវត្តន៍ភារកិច្ចមួយចំនួនដូចខាងក្រោម ៖ ការពារដាច់ខាតសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។ បន្តជំរុញ យុទ្ធនាការចាក់វ៉ាក់សាំងការពារជម្ងឺកូវីដ-១៩ ជូនប្រជាជនដោយឥតគិតថ្លៃ និងការអនុវតន៍វិធានការសុខភាពនានា ដើម្បីបង្កើនភាពសុំាក្នុងសហគមន៍ រាំងស្កាត់ការឆ្លង រាលដាលជាថ្មីនៃជំងឺនេះ ជំរុញការអនុវត្តន៍ក្របខណ្ឌយុទ្ធសាស្រ្តនៃកម្មវិធីស្តារ និង ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅ ជាមួយជំងឺកូវីដ-១៩តាមគន្លងប្រក្រតីភាពថ្មី ឆ្នាំ២០២១-២០២៣។ ជំរុញការអភិវឌ្ឍន៍គោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព ឱ្យបានល្អប្រសើរ និងខិតខំដោះស្រាយជម្លោះដីធ្លីក្រៅប្រព័ន្ធតុលាការឱ្យបានល្អឆាប់រហ័ស បន្តអនុវត្តគោលនយោបាយគាំពារសង្គម ជាពិសេសជួយគាំពារជនក្រីក្រ ជនងាយរងគ្រោះដោយជម្ងឺកូវីដ-១៩ ជាដើម៕

Recently Posts