អាជ្ញាធរខេត្តបាត់ដំបងគ្រោងរៀបចំពិធីបុណ្យអុំទូក ចំថ្ងៃចេញព្រះវស្សាខាងមុខនេះ បន្ទាប់ពីខកខាន២ឆ្នាំដោយកូវីដ-១៩

  • Admin Page
  • August 11, 2022
  • Views 429

548e6745-41c5-422e-b110-268bb69
0531f3d6-60dc-4486-9c8c-7f3532c
042e00b1-3941-488b-9681-e4a11d9
000c3afb-967c-4c46-88b6-acad531

បាត់ដំបង៖ ថ្នាក់ដឹកនាំខេត្ត បាត់ដំបង បានត្រៀមរៀបចំពិធីបុណ្យអុំទូកឡើងវិញនៅ ក្នុងថ្ងៃចេញព្រះវស្សានាឆ្នាំនេះ បន្ទាប់ពីខកខាន ពិធីដ៏សំខាន់នេះ ពីរឆ្នាំជាប់គ្នា ដោយសារតែការផ្ទុះរាលដាលនៃជំងឺកូវីដ-១៩ ។ តាមគម្រោង គឺពិធីបុណ្យអុំ ទូកនេះប្រព្រឹត្តទៅរយ:ពេលពីរថ្ងៃគឺថ្ងៃទី៩-១០ ខែតុលា ឆ្នាំ២០២២ខាងមុខ និងមាន ការបាញ់កាំជ្រួចពីរយប់និងកម្មវិធីបណ្តែតប្រទីបនៅល្ងាចថ្ងៃចេញព្រះវស្សាផងដែរ។ ក្នុងកិច្ចប្រជុំការងារស្តីពីការ រៀបចំពិធីអុំទូក បណ្តែតប្រទីប លើកទី២១ នាថ្ងៃទី១១ខែសីហានៅសាលា ខេត្តបាត់ដំបង ឯកឧត្តម សុខ លូ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានណែនាំដល់រដ្ឋបាលក្រុង- ស្រុក និងមន្ទីរអង្គភាពជុំវិញខេត្ត ដើម្បីត្រៀមលក្ខណៈរៀបចំកម្មវិធីបុណ្យអុំទូកខេត្ត នៅក្នុងឱកាសពិធីបុណ្យចេញព្រះវស្សា នាពេលខាងមុខ ។ ត្រូវចុះពិនិត្យមើលទីតាំងចុះទូក ដែលត្រូវរកទីតាំងណាមានភាពងាយស្រួលក្នុងការចុះ មិនប៉ះពាល់ដល់ទូក និងដើម្បីកុំឱ្យបង្កលក្ខណៈរាំងស្ទះការធ្វើចរាចរណ៍ទីសាធារណៈផងដែរ ។ ឯកឧត្តមបានបញ្ជាក់បន្តទៀតថា មិនខុសពីការរៀបចំបណ្ដាឆ្នាំកន្លងទៅដែរ នៅឆ្នាំនេះក៏នឹងមានការរៀបចំការតាំងពិព័រណ៍ផលិតផល កម្មវិធីកម្សាន្តនានា ក៏ដូចជាការបាញ់កាំ ជ្រួចរយៈពេលពីរយប់ និងកម្មវិធីបណ្ដែតប្រទីបនៅល្ងាចថ្ងៃចេញព្រះវស្សានេះតែម្ដង។ ឯកឧត្តមបញ្ជាក់ថា ក្រុមការ ងារ ត្រូវរៀបចំទីកន្លែងសម្រាប់ប្រជាពលរដ្ឋ ភ្ញៀវទេសចរអាចចុះបណ្ដែតប្រទីប រៀបចំកន្លែងបាញ់កាំជ្រួចដែលមានសុវត្ថិភាព មិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋដែលមកកម្សាន្ត ជាពិសេសត្រូវតែចាត់កម្លាំងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានគ្រប់គ្រាន់ ដើម្បីធានាថាប្រជាពលរដ្ឋដែលអញ្ជើញមកកម្សាន្តនាឱកាសពិធីបុណ្យអុំទូក និងបណ្ដែតប្រទីបនេះ មិនមានភាពភ័យខ្លាចផ្នែកសុវត្ថិភាពនោះឡើយ ។ បន្ថែមពីនោះ ឯកឧត្តម ក៏បានមានប្រសាសន៍ណែនាំដល់មន្ទីរ អង្គភាពជុំវិញខេត្តទាំង អស់ត្រូវត្រៀមរួចជាស្រេចក្នុងការរៀបចំតុបតែងលំអនៅមន្ទីរ អង្គភាពសាមីខ្លួន និងក៏ដូចជាត្រៀមទូកសម្រាប់ចូលរួមនាឱកាសបុណ្យអុំទូកនេះ ឱ្យកាន់តែអធិកអធមផងដែរ ។ ព្រមជាមួយនេះ បានណែនាំឱ្យត្រៀមរៀបចំសណ្ដាប់ធ្នាប់ ក្រុមការងារតុបតែងលំអ ត្រូវតែចាប់ផ្ដើមសិក្សា រៀបចំការតុបតែងលំអក្នុងក្រុងឱ្យមានភាពស្រស់ស្អាតត្រៀមទទួលប្រជាពល រដ្ឋមកកម្សាន្តខេត្តបាត់ដំបង ឱ្យកាន់តែច្រើនកុះករ ។ ទន្ទឹមនេះផងដែរ រដ្ឋបាលខេត្តបាត់ដំបង កំពុងសម្រុកសាងសង់ វេទិកាអុំទូកខេត្តបាត់ដំបងថ្មី ដែលនឹងលេចរូបរាងឡើងដ៏ស្រស់ស្អាត ដែលវេទិកាអុំទូកខេត្តបាត់ដំបងនេះ គ្រោងនឹងសាងសង់រួចរាល់នៅមុនពេលពិធីអុំទូកខេត្ត នៅថ្ងៃបុណ្យចេញព្រះវស្សា ឆ្នាំ២០២២ ខាងមុខនេះ ។ ឯកឧត្តមសុខលូ បានបញ្ជាក់លើផេកហ្វេសប៊ុកផ្លូវការថា វេទិកាអុំទូកខេត្តបាត់ដំបង មានបណ្តោយប្រវែង ៣៧ ម៉ែត្រ ទទឹង ១៨ម៉ែត្រ និងកម្ពស់ ១៨.៣៥ ម៉ែត្រ មានហោជាង ៤ទិស និងមានជណ្តើរ២ចុះឡើងសងខាងមុខវេទិកា ព្រមទាំងអាចផ្ទុកភ្ញៀវ និងអ្នកចូលរួមបានប្រមាណជិត៤០០នាក់ ៕

Recently Posts