សម្ដេចក្រឡាហោម ស ខេង គាំទ្រការបង្កើតក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការផ្លូវការ រវាងនគរបាលជាតិកម្ពុជា និងឥណ្ឌូនេសុី ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន

  • Admin Page
  • August 05, 2022
  • Views 135

62ec85534efad
62ec85536d9f8
62ec85538a522
62ec85534488b
62ec85533b104
62ec855324c30
62ec853fd6b11

ភ្នំពេញ៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគាំទ្រចំពោះការបង្កើតឲ្យមានក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការផ្លូវការ តាមរយៈMOUរវាងនគរបាលជាតិកម្ពុជា និងឥណ្ឌូនេសុី និងសង្ឃឹមជឿជាក់ថា ភាគីទាំងពីរនឹងអាចពិនិត្យលទ្ធភាពបន្ថែមនូវអ្វីដែលជាការងារចាំបាច់ និងសំខាន់ ដើម្បីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែនគ្រប់ប្រភេទ ក៏ដូចជាកិច្ចសហប្រតិបត្តិការលើការងារកសាង និងបណ្តុះបណ្តាលសមត្ថភាពមន្ត្រីអនុវត្តច្បាប់ ព្រមទាំងការងារជួយគាំពារទៅវិញទៅមកដល់ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ។

 

សម្ដេចក្រឡាហោម ស ខេង បានគាំទ្រដូចនេះ ក្នុងជំនួបជាមួយលោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី (Retno L. P. Marsudi) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋឥណ្ឌូណេស៊ី នៅវិមានរដ្ឋសភា នៅរសៀលថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។

 

សម្ដេចក្រឡាហោម ស ខេង បានប្រាប់លោកស្រីថា គាំទ្រចំពោះការបន្តពង្រឹង ពង្រីកប្របត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ ជាពិសេសលើការងារប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ដូចជាការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្សជាដើម។ សម្ដេចក៏បានអរគុណភាគីឥណ្ឌូនេស៊ី ដែលកន្លងមកបានផ្ញើជូនក្រសួងមហាផ្ទៃនូវសេចក្ដីព្រាងអនុសារណៈយោគយល់គ្នា ដើម្បីបង្កើតក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការជាមួយក្រសួងមហាផ្ទៃលើការងារកិច្ចសហប្រតិបត្តិការក្នុងវិស័យអនុវត្តច្បាប់។

 

សម្ដេចក៏បានប្រាប់អំពីវឌ្ឍនភាពនៃការពិនិត្យទៅលើMOUនេះ ដោយបានត្រៀមរួចជាស្រេចក្នុងការចាត់មន្ត្រីជំនាញដើម្បីជជែកពិភាក្សាសារទៅលើខ្លឹមសារជាក់ស្តែង និងធានាទៅដល់យន្តការសហប្រតិបត្តិការប្រកបដោយប្រសិទ្ធភាពជាមួយឥណ្ឌូនេសុី។

 

ជាការឆ្លើយតប លោកស្រី រ៉េតណូ អិល.ភី. ម៉ារស៊ូឌី បានលើកឡើងអំពី បច្ចុប្បន្នភាពនៃដំណើរការធ្វើសេចក្ដីព្រាងMOU និងថា ឥណ្ឌូនេស៊ីត្រៀមខ្លួនជានិច្ចក្នុងការបន្តធ្វើការជាមួយក្រុមការងារជំនាញរបស់កម្ពុជា ដើម្បីឈានទៅបញ្ចប់ និងចុះហត្ថលេខារវាងភាគីទាំងពីរ។

 

លោកស្រី ក៏បានអរគុណសម្តេចក្រឡាហោម ដែលតែងបានយកចិត្តទុកដាក់ជួយតាមសំណូមពររបស់ភាគីឥណ្ឌូនេសុី ពិសេសការជួយប្រជាពលរដ្ឋឥណ្ឌូនេស៊ីដែលស្ថិតក្នុងស្ថានភាពនៃជំងឺកូវីដ-១៩ ហើយបានជួបប្រទះបញ្ហាពាក់ព័ន្ធនឹងស្ថានភាពអន្តោប្រវេសន៍៕

 

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

Recently Posts