រដ្ឋមន្ត្រីក្រសួងកសិកម្មស្នើដល់ភាគីកូរ៉េជួយផ្តល់បច្ចេកវិទ្យាបច្ចេកទេសថ្មីទំនើបក្នុងអនុវិស័យសាកវប្បកម្មនៅកម្ពុជា

  • Admin Page
  • July 22, 2022
  • Views 131

វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី ២២.០៧.២០២២

ddc5f869-f73c-4f49-9d62-6206e6d
933b4bf8-2a68-43a5-9011-ecd72b5
2da8e614-7986-4079-bc67-3bcf94f

រដ្ឋមន្ត្រីក្រសួងកសិកម្ម ស្នើដល់ភាគីកូរ៉េជួយពិនិត្យ ពិចារណា ដល់ការបញ្ជ្រាបនិងបញ្ចូលបច្ចេកវិទ្យា បច្ចេកទេសថ្មីទំនើបក្នុងអនុវិស័យសាកវប្បកម្ម ដូចជា៖ ការជំរុញការដាំដុះក្នុងផ្ទះសំណាញ់ ការប្រើប្រាស់ប្រព័ន្ធស្រោចស្រពបៃតង ជាពិសេសជួយជំរុញដល់ការសិក្សាស្រាវជ្រាវ និងពិសោធន៍ដល់ការដាំដុះផ្កា ដើម្បីផ្គត់ផ្គងទីផ្សារក្នុងស្រុក និងបង្កើនប្រាក់ចំណូលគ្រួសារដល់ប្រជាកសិករកម្ពុជា ។

 

ការស្នើសុំរបស់ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ ធ្វើឡើងក្នុងឱកាសទទួលជួបលោកបណ្ឌិត Song Young Ju ប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ ហៅកាត់ថា KOPIA ដើម្បីសំដែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធនឹងជំនួយឧបត្ថម្ភគាំទ្ររបស់សាធារណរដ្ឋកូរ៉េមកកម្ពុជាលើវិស័យកសិកម្ម កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ ។

 

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីបានអបអរសាទរលោកបណ្ឌិត Song Young Ju ដែលត្រូវបានជ្រើសតាំងជាប្រធានថ្មីនៃកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA ប្រចាំនៅកម្ពុជា ហើយតាមរយៈលោក បណ្ឌិត ឯកឧត្តមរដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះប្រជាជនកូរ៉េ និងរដ្ឋាភិបាលកូរ៉េដែលបានជួយឧបត្ថម្ភគាំទ្រដល់ការអភិវឌ្ឍលើវិស័យកសិកម្មនៅកម្ពុជាជាង ១០ឆ្នាំ កន្លងទៅនេះ ដោយផ្តោតលើការងារបណ្តុះបណ្តាល និងស្រាវជ្រាវ។

 

ឯកឧត្តមរដ្ឋមន្ត្រី សង្ឃឹមថា កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA នឹងបន្ត និងពង្រីកកិច្ចសហការដ៏ល្អនេះបន្ថែមទៀត ជាពិសេសលើការងារបណ្ដុះបណ្ដាល ស្រាវជ្រាវពូជដំណាំដែលកំពុងមានសក្ដានុពល ដូចជាពូជពោតក្រហម ជាមួយអគ្គនាយកដ្ឋានកសិកម្ម និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម សាលាជាតិកសិកម្មព្រែកលៀប និងវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា ។

 

នាឱកាសនោះ លោកបណ្ឌិត បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅពីឯកឧត្តមរដ្ឋមន្ត្រី ហើយគោលបំណងនៃជំនួបនាពេលនេះគឺដើម្បីជម្រាបជូនឯកឧត្តមជ្រាបអំពីវឌ្ឍនភាពនៃការអនុវត្តគម្រោងផលិតកម្មពូជពោតក្រហម CHM01 ដែលជាគ្រាប់ពូជអីប៊្រិដកម្ពុជាទី១។ ចំពោះគម្រោងនេះ លោកបណ្ឌិតបានបញ្ជាក់ថា ពូជ CHM01 គឺទទួលបានមកពីកិច្ចខិតខំប្រឹងប្រែងសិក្សាស្រាវជ្រាវ និងបង្កាត់ដោយអ្នកជំនាញការកូរ៉េ និងមន្ត្រីជំនាញនៃអគ្គនាយកដ្ឋានកសិកម្មនៅស្ថានីយពិសោធន៍កសិកម្មបន្ទាយដែកលើផ្ទៃដី ៧ហិកតា ដើម្បីចែកជូនកសិករតាមខេត្តគោលដៅ។ លោកបណ្ឌិតបន្ថែមថា ពូជCHM01នេះគឺជាពូជដ៏ល្អ និងអាចប្រកួតប្រជែងជាមួយពូជនាំចូលមកពីបរទេសបាន ហើយផែនការអនុវត្ត ៣ឆ្នាំ ២០២១-២០២៣ នៃគម្រោងនេះគឺនឹងចែកជូនប្រជាកសិករក្នុងមួយគ្រួសារទទួលបាន២០គីឡូ សម្រាប់ធ្វើការដាំដុះក្នុង១ហិកតា ដោយត្រូវចែកជូនកសិករដាំដុះឱ្យបាន ៣០០ហិកតា ហើយទិន្នផលដែលរំពឹងនឹងអាចទទួលបានគឺ ៩-១០ តោនក្នុង១ហិកតា។

 

ចំពោះគម្រោងផ្សេងៗដូចជា គម្រោងការធ្វើឱ្យប្រសើរឡើងនូវបច្ចេកវិទ្យាចិញ្ចឹមដង្កូវនាង និងការផលិតសូត្រចេញពីដង្កូវនាងកូនកាត់ពូជ CK1-7-4 និងគម្រោងសាកវប្បកម្ម កម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA នឹងបន្តផ្តល់ការគាំទ្របន្ថែមទៀតផងដែរ ។

 

បន្ទាប់ពីទទួលបានដំណឹងដ៏ល្អនេះ ឯកឧត្តមរដ្ឋមន្ត្រីបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកម្មវិធីកសិកម្មអន្តរជាតិកូរ៉េ KOPIA និងអគ្គនាយកដ្ឋានកសិកម្ម ដោយឯកឧត្តមបានបញ្ជាក់ថានេះ គឺជាជោគជ័យដ៏ធំមួយសម្រាប់រាជរដ្ឋាភិបាលកម្ពុជា និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ពោតក្រហមគឺជាដំណាំដ៏មានសក្ដានុពល សម្រាប់កម្ពុជា ហើយតាមរយៈពូជថ្មីនេះ ឯកឧត្តមសង្ឃឹមថានឹងអាចពង្រីកផលិតកម្មឱ្យកាន់តែច្រើន ស្របតាមទស្សនវិស័យវែងឆ្ងាយរបស់ក្រសួងក្នុងការជំរុញការផលិត ផ្គត់ផ្គង់ទូទាំងប្រទេសសម្រាប់ផលិតចំណីសត្វ និងឈានទៅធ្វើការនាំចេញពោតក្រហមឱ្យបានច្រើនថែមទៀត។ សម្រាប់ជាយុទ្ធសាស្ត្របន្ទាប់ ឯកឧត្តមរដ្ឋមន្រ្តីស្នើដល់ភាគីកូរ៉េ និងអគ្គនាយកដ្ឋានកសិកម្មបន្តកិច្ចសហការដ៏ល្អនេះ ជំរុញការផលិត និងបន្តការបង្កាត់ពូជថ្មីៗបន្ថែមទៀត គឺពូជ CHM02 និង CHM03។

 

ទន្ទឹមនឹងនេះ ដើម្បីនិរន្តរភាពនៃការផលិត និងបង្កាត់ពូជថ្មីនេះសម្រាប់ផ្គត់ផ្គង់ទូទាំងប្រទេស គួរពិនិត្យ ពិចារណា និងជ្រើសរើសវិស័យឯកជនដែលមានទាំងធនធាន និងសក្ដានុពលឱ្យចូលរួមក្នុងការងារនេះ។ អគ្គនាយកដ្ឋានកសិកម្មក៏ត្រូវប្រើប្រាស់យន្តការត្រួតពិនិត្យ និងបញ្ជាក់គុណភាពនៃពូជនេះឱ្យបានល្អប្រសើរមុន និងក្រោយប្រគល់ជូនប្រជាកសិករ។ ហើយក៏គួរមានកិច្ចសហការ និងកន្លែងដាំបង្ហាញពូជពោតក្រហម CHM01 នៅតាមសាកលវិទ្យាល័យ និងសាលាកសិកម្ម ដើម្បីនិស្សិតអាចចូលរួមធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ផងដែរ ៕

Recently Posts