អភិបាលខេត្តកំពត សន្យាផ្តល់រង្វាន់១០០០ដុល្លារ ដល់អ្នករត់ម៉ូតូឌុប កង់បី និងតាក់ស៊ី បើចាប់បានមុខសញ្ញា ឬចោរលួច ចោឆក់

  • Admin Page
  • September 05, 2022
  • Views 242

6315b706e3c7d
6315b706af698
6315b706c4b97
6315b706db799
6315b706a3df4
6315b70699876

កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន បានសន្យាថា នឹងផ្តល់ប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១.០០០ដុល្លារ ក្នុងករណីពលរដ្ឋដែលជាអ្នករត់ម៉ូតូឌុប កង់បី និងរត់តាក់ស៊ី ក្នុងករណីចាប់បានមុខសញ្ញា ឬចោរលួច ចោរឆក់ម្ចាក់ក្នុងមូលដ្ឋានខេត្តកំពត។ ក្រៅពីនេះ ក៏លើកទឹកចិត្តឱ្យពួកគាត់រួមធ្វើជាភ្នាក់ងារការពារសន្តិសុខ និងជាមគ្គុទេសទេសចរណ៍របស់ខេត្ត ផងដែរ។

លោក ម៉ៅ ធនិន បានសន្យាដូចនេះ ក្នុងពិធីសំណេះសំណាលជាមួយអ្នករត់ម៉ូតូឌុប ម៉ូតូកង់បី និងតាក់ស៊ី បេះដូងក្រុងកំពតលើកទី២ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២២។ លោកបានលើកឡើងយ៉ាងដូច្នេះថា៖ “ក្នុងករណីបងប្អូនយើងដែលប្រកបមុខរបររត់ម៉ូតូឌុប កង់បី និងតាក់ស៊ី ចាប់មុខសញ្ញា ឬចោរលួច ចោរឆក់ បានម្នាក់ក្នុងមូលដ្ឋានខេត្តកំពត នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ១,០០០ដុល្លារ”។

ទាក់អងនឹងការសន្យារបស់លោកអភិបាលខេត្តកំពតនេះ តំណាងគ្រួសារម៉ូតូឌុប លោក ជា រិទ្ធី បានយល់ឃើញថា នេះជាលើកទី១ហើយ នៅក្នុងអាជីពជារត់ម៉ូតូឌុប និងផាស់អែបរយៈពេលជាង៥ឆ្នាំកន្លងមកនេះ ដែលមានអភិបាលខេត្តមានការយកចិត្តទុកដាក់ និងផ្តល់កិត្តិយស ឱ្យតម្លៃចំពោះអ្នករត់ម៉ូតូឌុប កងបី និងតាក់ស៊ី ឱ្យបានចូលរួមលើការងារលើកស្ទួយសង្គមបែបនេះ។ មិនតែប៉ណ្ណោះ លោកក៏បានផ្តល់ភាពកក់ក្តៅ តាមរយៈការឧបត្ថមគាំទ្រជីវភាពរស់នៅប្រចាំថ្ងៃ និងចូលរួមចែករំលែកនូវសុខទុក្ខគ្រប់បែបយ៉ាងរបស់ពលរដ្ឋទូទៅក្នុងខេត្តជាដើម។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានចាត់ទុកការយកចិត្តទុកដាក់ និងដាក់ចេញនូវយន្តការល្អៗនេះ ដើម្បីជំរុញវិស័យទេសចរណ៍ក្នុងខេត្តឱ្យមានការរីកចម្រើន ដែលអាចធ្វើឱ្យភ្ញៀវទេសចរទៅលេងខេត្តកំពតកាន់តែច្រើន ពិសេសរាល់ថ្ងៃចុងសប្តាហ៍។ ក្នុងពេលខាងមុខ នឹងអាចធ្វើឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកំពត ដែលអាស្រ័យផលលើវិស័យទេសចរណ៍ ទទួលបានចំណូលខ្ពស់បន្ថែមទៀត៕

អត្ថបទ៖ វង្ស សុធារម្យ

Recently Posts