វិបត្តិសេដ្ឋកិច្ច និងសន្តិសុខតំបន់ នឹងត្រូវជជែកគ្នា ក្រោយប្រធានអាស៊ានបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥

  • Admin Page
  • August 03, 2022
  • Views 140

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ០៣ ០៧ ២០២២

5f77bfb7-4fc7-440f-9296-b034b26

ឯកឧត្តមបណ្ឌិត គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងជាអ្នកនាំពាក្យនៃកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ាន លើកទី៥៥ បានឱ្យដឹងថា វិបត្តិ ភាពតានតឹង និងចំណុចរសើប នៅក្នុងតំបន់ និងពិភពលោក នឹងត្រូវលើកមកជជែកទល់មុខគ្នារវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងរដ្ឋមន្ត្រីការបរទេសប្រទេស មហាអំណាច។

 

ថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនការបើកកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី៥៥ កាលពីរសៀលថ្ងៃទី២ ខែសីហា អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ថា តាមរយៈជំនួបរវាងរដ្ឋមន្រ្តីការបរទេសអាមេរិក និងរុស្ស៉ី និងជំនួបសន្ទនាតាមទូរស័ព្ទរវាងប្រធានាធិបតីចិន និងអាមេរិក ជាដើម គឺអាចវាយតម្លៃបានថា ប្រទេសមហាអំណាចទាំងនោះ ចង់ឱ្យមានការជជែកគ្នារកដំណោះស្រាយនូវចំណុចខុសគ្នា ដើម្បីធានាការងើបឡើងវិញនៃសេដ្ឋកិច្ចក្រោយកូវីដ-១៩ និងការទប់ស្កាត់កុំឱ្យមានវិបត្តិសេដ្ឋកិច្ច និងការរក្សាសន្តិសុខ ដែលបណ្តាលមកពីជម្លោះនានា។

 

សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែសីហានេះ គឺជាការបើកកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន លើកទី៥៥ ក្រោមអធិបតីភាពសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានអាស៊ាន។ បន្ទាប់មក មានកិច្ចប្រជុំពេញអង្គរបស់រដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥, ពិធីចុះហត្ថលេខានៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាគ្នេយ៍ ដោយប្រទេសដាណឺម៉ាក សាធារណរដ្ឋហេលេនិក ប្រទេសហូឡង់ ស៊ុលតង់អូម៉ង់ រដ្ឋកាតា និងអារ៉ាប់រួម, កិច្ចប្រជុំត្រីភាគីកម្ពុជា-ន័រវេស និងលេខាធិការដ្ឋានអាស៊ាន។

 

ចំណែកនៅថ្ងៃទី៤ សីហា នឹងមានកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចិន, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-កូរ៉េខាងត្បូង, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ជប៉ុន, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ចក្រភពអង់គ្លេស, កិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី(ចិន ជប៉ុន កូរ៉េខាងត្បូង), កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-កាណាដា, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-អូស្ត្រាលី, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-នូវែលហ្សេឡង់, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហភាពអឺរ៉ុប, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-សហរដ្ឋអាមេរិក, កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីអាស៊ាន-រុស្ស៊ី, កិច្ចប្រជុំត្រីភាគីកម្ពុជា ស្វីស និងលេខាធិការដ្ឋានអាស៊ាន។

 

ដោយឡែក នៅថ្ងៃទី៥ សីហានឹងមានកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ីបូព៌ា, និងវេទិកាតំបន់អាស៊ាន, និងសន្និសីទសារព័ត៌មាន ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា ប្រាប់ពីលទ្ធផលនៃកិច្ចប្រជុំទាំងអស់ខាងលើនេះ៕

Recently Posts