កងទ័ពកម្ពុជា វៀតណាម និងឡាវ គ្រោងធ្វើសមយុទ្ធរួមគ្នា ពីសកម្មភាពសង្គ្រោះគ្រោះមហន្តរាយនៅលើទឹកដីឡាវ នាដើមខែកញ្ញាខាងមុខ

  • Admin Page
  • August 03, 2022
  • Views 173

e3f1213e-568f-4156-91db-afbcdab
7287b917-1e54-4b53-b6a3-8a501a9

AKP ភ្នំពេញ ថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២–

 

​នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធាន ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ របស់ក្រសួងការពារជាតិកម្ពុជាបានឱ្យដឹងថា កងយោធពលខេមរភូមិន្ទ កងទ័ពប្រជាជន វៀតណាម និងកងទ័ពឡាវ គ្រោងធ្វើសមយុទ្ធរួមគ្នាមួយ ស្ដីពីសកម្មភាពសង្គ្រោះគ្រោះ មហន្តរាយនៃប្រទេសទាំង៣ នៅលើទឹកដីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខនេះ។

 

នាយឧត្តមសេនីយ៍ ម៉ឹង សំផន បានបន្តថា ការធ្វើសមយុទ្ធរួមគ្នារវាងប្រទេសទាំង៣ គឺដើម្បីត្រៀមលក្ខណៈសម្បត្តិទាំងកម្លាំង និងមធ្យោបាយសម្ភារសម្រាប់សង្គ្រោះគ្រប់ ឧបទ្ទវហេតុនៃគ្រោះមហន្តរាយ ដែលកើតមានឡើងជាយថាហេតុជាមុន និងដោះស្រាយ រាល់បញ្ហាប្រឈមទាំងឡាយដែលកើតមានឡើងបានទាន់ពេលវេលា។

 

ឯកឧត្តនាយឧត្តមសេនីយ៍ ម៉ឹង សំផន បានលើកឡើងបែបនេះ នៅក្នុងកិច្ច ប្រជុំមួយ របស់ក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ របស់ក្រសួងការពារជាតិកម្ពុជា នៅព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ នៅសាលប្រជុំ នៃទីស្ដីការក្រសួងការពារជាតិ ក្នុងរាជធានីភ្នំពេញ។

 

កិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់មន្ត្រីយោធាជាន់ខ្ពស់ជំនាញ មកពី គ្រប់ស្ថាប័នពាក់ព័ន្ធ ក្នុងអគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ, មេបញ្ជាការ, មេបញ្ជា ការរងកងទ័ពទាំង៣ប្រភេទ និងនាយទាហានមកពីស្ថាប័នជំនាញ ដែលជាសមាជិកក្រុម ការងារសម្របសម្រួលការត្រៀមរៀបចំឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ គ្រោះ មហន្តរាយ ក្នុងក្រសួងការពារជាតិកម្ពុជា ជាច្រើនរូបទៀត។

 

ឧត្តមសេនីយ៍ឯក ប៉ាង ធារ៉ូ អគ្គលេខាធិការរង នៃអគ្គលេខាធិការដ្ឋាន ក្រសួង ការពារជាតិបានបញ្ជាក់ថា តបតាមការអញ្ជើញរបស់ក្រសួងការពារប្រទេស នៃសាធារណរដ្ឋ ប្រជាធិបតេយ្យប្រជាមានិតឡាវ, ក្រសួងការពារជាតិកម្ពុជា ត្រៀមបញ្ជូនកម្លាំងជំនាញ នៃក្រុមការងារសម្របសម្រួលការត្រៀមរៀបចំ ឆ្លើយតបសង្គ្រោះបន្ទាន់ និងស្ដារឡើងវិញ ដើម្បីចូលរួមក្នុងសកម្មភាពធ្វើសមយុទ្ធសង្គ្រោះគ្រោះមហន្តរាយក្នុងតំបន់នៃប្រទេសទាំង៣។

 

ក្នុងកិច្ចប្រជុំពិភាក្សានេះ កងទ័ពកម្ពុជា បានគ្រោងរៀបចំសម្ភារ ឧបករណ៍ សង្គ្រោះបន្ទាន់ និងចាត់បញ្ជូនកម្លាំងកងទ័ពជំនាញរបស់ខ្លួន ដែលធ្លាប់មានបទពិសោធន៍ ក្នុងការធ្វើសកម្មភាពសង្គ្រោះគ្រោះមហន្តរាយគ្រប់ឧបទ្ទវហេតុដូចជា៖ កម្លាំងជំនាញដែល មានបទពិសោធន៍ក្នុងការជួយសង្រ្គោះឧបទ្ទវហេតុធ្លាក់យន្តហោះ, កងកម្លាំងដែលមានបទ ពិសោធន៍ក្នុងសកម្មភាពជួយសង្គ្រោះការរលំបាក់អាគារខ្ពស់ៗ, កងកម្លាំងជំនាញដែល មានបទពិសោធន៍ ក្នុងការជួយសង្គ្រោះគ្រោះមហន្តរាយទឹកជំនន់ និងគ្រោះរាំងស្ងួត, ខ្យល់ព្យុះ ខ្យល់កន្ត្រាក់ជាដើម ចំនួន៤០រូប រួមនឹងសម្ភារឧបករណ៍សង្គ្រោះបន្ទាន់មួយចំនួនធំ តបតាមការអញ្ជើញរបស់ភាគពីកងទ័ពប្រជាជនឡាវ ដើម្បីចូលរួមក្នុងសកម្មភាព សមយុទ្ធនេះ៕

Recently Posts