ធនាគារជាតិ ដាក់ចេញវិធានការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាដែលមានកំណើនខ្ពស់មិនធ្លាប់មានក្នុងរយៈពេលជាង១ទសវត្សរ៍មកនេះ

  • Admin Page
  • July 20, 2022
  • Views 158

62d7bfbb66452

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា បាន និងកំពុងអនុវត្តគោលនយោបាយរូបិយវត្ថុ ដោយធ្វើយ៉ាងណាបន្តរក្សាឲ្យមានស្ថិរភាពអត្រាប្តូរប្រាក់ សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ដើម្បីគ្រប់គ្រងសម្ពាធអតិផរណា និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ច ខណៈដែលតម្លៃប្រាក់ដុល្លារអាមេរិក តម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ កំពុងហក់ឡើងជាសកល។

លោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា ថ្លែងក្នុងឱកាសបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២២ របស់ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ២០ខែកក្កដា ឆ្នាំ ២០២២នេះថា ក្រោមឥទ្ធិពលនៃការកើនឡើងថ្លៃប្រេង និងម្ហូបអាហារពិភពលោក អតិផរណានៅកម្ពុជា ក៏បានកើនឡើងជាបន្តបន្ទាប់ដល់ ៧,២% នៅខែឧសភា ដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ១ ទសវត្សរ៍ចុងក្រោយ។

លោកបានបញ្ជាក់ថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បានថ្លឹងថ្លែងការអនុវត្តនយោ បាយរូបិយវត្ថុ ដើម្បីគ្រប់គ្រងសម្ពាធអតិផរណាផង និងគាំទ្រការស្តារកំណើនសេដ្ឋកិច្ចផង។ ដើម្បីរួមចំណែកគ្រប់គ្រងសម្ពាធអតិផរណា អត្រាប្តូរប្រាក់ត្រូវបានបន្តរក្សាឱ្យមានស្ថិរភាព សំដៅការពារអំណាចទិញរបស់ប្រាក់រៀល ក៏ដូចជាប្រាក់ចំណូលរបស់ប្រជាពលរដ្ឋងាយរងគ្រោះ។

លោកបានសង្កត់ធ្ងន់ថា៖ «ដោយសារបញ្ហាដុល្លារូប-នីយកម្ម ការប្រែប្រួលអត្រាប្តូរប្រាក់មានឥទ្ធិពលដោយផ្ទាល់ និងឆាប់រហ័សមកលើអតិផរណានៅកម្ពុជា។ កាលណាតម្លៃប្រាក់រៀលធ្លាក់ចុះ នោះនឹងនាំឱ្យតម្លៃទំនិញ និងសេវានានាកើនឡើងភ្លាមផងដែរ»។

ទន្ទឹមនឹងនេះ លោកទេសាភិបាលធនាគារជាតិនៃកម្ពុជា បានបង្ហាញពីមោទនភាពចំពោះប្រទេសកម្ពុជា ដែលរក្សាបានទុនបម្រុងអន្តរជាតិក្នុងកម្រិតខ្ពស់គ្រប់គ្រាន់ ដែលពង្រឹងជំនឿទុកចិត្តរបស់វិនិយោគិន និងសាធារណជនមកលើសមត្ថភាពធនាគារជាតិនៃកម្ពុជា ក្នុងការធ្វើអន្តរាគមន៍ក្នុងទីផ្សារប្តូរប្រាក់ នៅក្នុងស្ថានភាពដែលប្រទេសមួយចំនួនប្រឈមនឹងការស្រុតចុះនៃទុនបម្រុងអន្តរជាតិ ដោយសារឥទ្ធិពលនៃការហូរចេញនៃមូលធន។

បន្ថែមលើនេះ លោកទេសាភិបាលអះអាងថា ដើម្បីប្រសិទ្ធភាពនៃការរក្សាស្ថិរភាពអត្រាប្តូរប្រាក់ធនាគារជាតិនៃកម្ពុជា ក៏បានធ្វើការតម្រង់ទិសអត្រាប្តូរប្រាក់នៅលើទីផ្សារ តាមរយៈការកំណត់អត្រាប្តូរប្រាក់ផ្លូវការរបស់ធនាគារជាតិនៃកម្ពុជា និងការគ្រប់គ្រងសន្ទនីយភាពក្នុងកម្រិតសមស្រប ដោយការបញ្ចេញសន្ទនីយភាពជារៀល តាមរយៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) និងការស្រូបយកសន្ទនីយភាពលើសក្នុងប្រព័ន្ធធនាគារដោយមូលបត្រអាចជួញដូរបាន (NCD)។

កាលពីខែមុនលោកស្រីបណ្ឌិត ជា សិរី ឧបការីទេសភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានប្រាប់អ្នកសារព័ត៌មានថា បច្ចុប្បន្នកម្ពុជាមានទុនបម្រុងអន្តរជាតិមានកម្រិតខ្ពស់គ្រប់គ្រាន់ដែលអាចធានាការនាំចូលទំនិញ និងសេវាសម្រាប់គ្រាបន្ទាប់បានប្រមាណជាង ៨ ខែ ខ្ពស់ជាងកម្រិតអប្បបរមា ៣ខែដែលប្រទេសកំពុងអភិវឌ្ឍន៍គួរមាន។

អ្នកធ្វើគោលនយោបាយហិរញ្ញវត្ថុ និងសេដ្ឋវិទូ នៅលើពិភពលោកកំពុងបង្ហាញការព្រួយបារម្ភអំពីការការលេចចេញសញ្ញាមិនល្អនៃវិបត្តិសេដ្ឋកិច្ចសកល ដែលកើតចេញពីការហក់ឡើងតម្លៃប្រេងឥន្ធនៈ និងម្ហូបអាហារ និងការដំឡើងអត្រាការប្រាក់គោលនៅសហរដ្ឋអាមេរិក បាននាំឱ្យមានលំហូរមូលធនចូលសហរដ្ឋអាមេរិក ដែលធ្វើឱ្យតម្លៃប្រាក់ដុល្លារអាមេរិកកើនឡើង។ជាមួយគ្នានេះការបន្តអនុវត្តគោលនយោបាយគ្មានកូវីដ១៩របស់ចិន ដែលធ្វើឲ្យប៉ះពាល់ដល់ការផ្គត់ផ្គង់សង្វាក់ផលិតកម្មពិភពលោកផងដែរ។

ជាលទ្ធផល រូបិយប័ណ្ណនៅប្រទេសជាច្រើនបានថយថ្លៃធៀបនឹងដុល្លារអាមេរិក ហើយបន្ថែមលើនេះ នៅប្រទេសកំពុងលូតលាស់ និងកំពុងអភិវឌ្ឍន៍ ទុនបម្រុងអន្តរជាតិក៏បានស្រកចុះផងដែរ ដូចជា ប្រទេសឡាវ ស្រីលង្កា និងបង់ក្លាដែស ជាដើម ដែលបង្កជាបញ្ហាប្រឈមដល់ការអនុវត្តនយោបាយរូបិយវត្ថុ និងទិញទំនិញក្រៅប្រទេស៕

62d7bff61616f
62d7bff619bcd
62d7bff60b0b5
Recently Posts