មេបញ្ជាការកងទ័ពកម្ពុជា-ថៃ ឯកភាពក្នុងការពង្រឹងសន្តិសុខ ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍ ជូនដល់ប្រជាជននៃប្រទេសទាំងពីរ ដែលរស់នៅតាមបណ្ដោយខ្សែរបន្ទាត់ព្រំដែន

  • Admin Page
  • July 27, 2022
  • Views 165

62e0c4bfad8fc
62e0c4bfbf0d4
62e0c4bfc7480
62e0c4bfb6436
62e0c4bfcf2ca
62e0c4bfd7b84

សៀមរាប៖ មេបញ្ជាការកងទ័ពកម្ពុជា-ថៃ ឯកភាពក្នុងការពង្រឹងសន្តិសុខ ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ ជូនដល់ប្រជាជននៃប្រទេសទាំងពីរ ដែលរស់នៅតាមបណ្ដោយខ្សែរបន្ទាត់ព្រំដែន។

 

ការឯកភាពគ្នានេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណ:កម្មាធិការព្រំដែន ថ្នាក់ភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤(កម្ពុជា) និងភូមិភាគទី២ (ថៃ) លើកទី២៣ ប្រចាំឆ្នាំ២០២២ នៅខេត្តសៀមរាប។ គណ:កម្មាធិការព្រំដែន ខាងភាគីកម្ពុជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ពៅ ហេង មេបញ្ជាការរងកងទ័ពជើងគោក មេបញ្ជាការយោធភូមិភាគទី៤ និងគណ:កម្មាធិការព្រំដែនខាងភាគីថៃ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ សវ:រ៉ាតសែនផុន មេបញ្ជាការភូមិភាគទី២ នៃកងទ័ពភូមិន្ទថៃ។

 

បើតាមការចេញផ្សាយរបស់កងទ័ពជើងគោកកម្ពុជា បានឱ្យដឹងថា ក្នុងកិច្ចប្រជុំនោះ មេបញ្ជាការយោធភូមិភាគទី៤ សហប្រធានភាគីកម្ពុជា បានបញ្ជាក់ពីគោបំណងនៃកិច្ចប្រជុំដើម្បីលើកស្ទួយ និងរឹតចំណងទំនាក់ទំនងមិត្តភាពដ៏ល្អរវាងកម្ពុជា-ថៃ ឱ្យមានភាពរឹងមាំ ក្នុងបំណងពង្រឹងពង្រីកសន្តិសុខ ស្ថិរភាព សុវត្ថិភាព និងការអភិវឌ្ឍន៍ ជូនដល់ប្រជាជននៃប្រទេសទាំងពីរដែលរស់នៅតាមបណ្ដោយខ្សែរបន្ទាត់ព្រំដែន។

 

លោកឧត្តមសេនីយ៍ឯក ពៅ ហេង បានថ្លែងការកោតសរសើរ ដល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និត ដែលសមត្ថកិច្ចនៃប្រទេសទាំងពីរ បានផ្ដល់ផលល្អចំពោះការអភិវឌ្ឍ ស្ថិរភាព សន្តិភាព របៀបរៀបរយតាមបណ្តោយខ្សែរបន្ទាត់ព្រំដែន ព្រមទាំងបានសំណូមពរឱ្យភាគីទាំងពីរ បង្កើនកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និតក្នុងការដោះស្រាយបញ្ហាដែលនៅសេសសល់តាមបណ្ដោយខ្សែរបន្ទាត់ព្រំដែន ឱ្យកាន់តែមានភាពល្អប្រសើរ ។

 

ជាការឆ្លើយតប មេបញ្ជាការភូមិភាគទី២ សហប្រធានខាងភាគីថៃ បានអបអរសាទរចំពោះភាពជឿនលឿនលើកិច្ចសហប្រតិបត្តិការទាំងទ្វេភាគី ក្នុងការដោះស្រាយបញ្ហាការងារសន្តិសុខនៅក្នុងតំបន់ព្រំដែន ដើម្បីលើកស្ទួយដល់ការទំនាក់ទំនងល្អជាមួយគ្នា និងអបអរសាទរចំពោះកិច្ចសហប្រតិបត្តិការក្នុងការជួយគ្នាទៅវិញទៅមក។ ភាគីទាំងពីរបានសន្យាបន្តជម្រុញ និងគាំទ្រកិច្ចសហប្រតិបត្តិការទ្វេភាគី លើគ្រប់វិស័យអោយកាន់តែមានភាពល្អប្រសើ។

ក្នុងឱកាសនោះដែរ ភាគីទាំងសងខាង បានឯកភាពគ្នារៀបចំឱ្យមានកិច្ចប្រជុំគណៈកម្មការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ រវាងយោធភូមិភាគទី៤ (កម្ពុជា) និងភូមិភាគទី២(ថៃ)លើកទី២៤ ប្រចាំ ឆ្នាំ២០២៣ នៅព្រះរាជាណាចក្រថៃ។

 

ភាគីទាំងពីរ បានឯកភាពចុះហត្ថលេខារួមគ្នាលើកំណត់ហេតុកិច្ចប្រជុំសហប្រតិបត្តិការ គណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ លើកទី២៣ រវាងយោធភូមិភាគទី៤(កម្ពុជា) និងភូមិភាគទី២(ថៃ) ប្រចាំ ឆ្នាំ២០២៣៕

Recently Posts