មន្ទីរពេទ្យកុមារជាតិ នឹងមានអគារថ្មីកម្ពស់៥ជាន់តម្លៃ១៦លានដុល្លារ ជាជំនួយរបស់កូរ៉េខាងត្បូង

  • Admin Page
  • July 20, 2022
  • Views 228

62d7734ca9e34

ភ្នំពេញ៖ រដ្ឋាភិបាលកូរ៉េខាងត្បូង តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ គ្រោងនឹងជួយសាងសង់អគារថ្មីកម្ពស់៥ជាន់ តម្លៃ១៦លានដុល្លារ ជូនមន្ទីរពេទ្យកុមារជាតិ នៅចុងឆ្នាំ២០២៣ខាងមុខ ដើម្បីលើកកម្ពស់ការផ្តល់សេវាជួនដល់កុមារកម្ពុជា ឱ្យកាន់តែមានគុណភាព និងប្រសិទ្ធភាពខ្ពស់បន្ថែមទៀត។

លោកសាស្ត្រាចារ្យ ញឹប អង្គាបុស្ស នាយកមន្ទីរពេទ្យកុមារជាតិបានមានប្រសាសន៍ថា រដ្ឋាភិបាលកូរ៉េខាងត្បូងបានសម្រេចផ្តល់ការអនុម័តជាផ្លូវការផ្តល់ជំនួយដែលមានទឹកប្រាក់ប្រមាណ១៦លានដុល្លារអាមរិកសម្រាប់គម្រោងពង្រឹងសមត្ថភាពមន្ទីរពេទ្យកុមារជាតិក្នុងនោះមានការសាងសង់អគារមន្ទីរពេទ្យថ្មីកម្ពស់៥ជាន់ដែលមានទំហំ៨៨៨០ម៉ែត្រការ៉េ ដោយចំណាយថវិកាជាង១១លានដុល្លារគ្រោងនឹងចាប់ផ្តើមសាងសង់នៅចុងឆ្នាំ២០២៣និងបញ្ចប់នៅចុងឆ្នាំ២០២៦ខាងមុខ។បណ្តុះបណ្តាលធនធានមនុស្សនិងបំពាក់សម្ភារៈបរិក្ខចំណាយ៤លានដុល្លារនិងចំណាយផ្សេងៗជិត១លានដុល្លារ។

ប្រធានមន្ទីរពេទ្យ បានបន្តថា អគារថ្មីនេះ មានផ្នែកពិគ្រោះជំងឺក្រៅ តាមឯកទេសនីមួយៗ មានអាហារដ្ឋាន កន្លែងក្មេងលេង និងមានបង្កើតសេវាថ្មីៗ សម្រាប់កុមារដូចជា ជំងឺត្រចៀក ច្រមុះបំពង់ក ភ្នែក តម្រង់នោម ក្រពេញក្នុង ម៉ាស៊ីនលាងឈាមផ្នែកកុមារ ជំងឺមហារីកឈាម សួត ក្រពះពោះវៀន ម៉ាស៊ីនថតឆ្លុះក្រពះ ទងសួត និងជំងឺ អូទីសឹម ដែលមានបំពាក់ឧបករណ៍ទំនើបៗសម្រាប់ការ ធ្វើរោគវិនិច្ឆ័យ ការព្យាបាល និងប្រតិបត្តិការដើម្បីជួយកែសម្រួលសេវាវេជ្ជសាស្ត្ររបស់មន្ទីពេទ្យឲ្យកាន់តែប្រសើរឡើង។

លោកសាស្ត្រាចារ្យប្រធានមន្ទីរពេទ្យ បានបន្ថែមទៀតថា ក្នុងអគារថ្មីនោះ គឺអាចដាក់គ្រែបានចំនួន១៦៩គ្រែ និងមានកន្លែងសម្រាប់បណ្តុះបណ្តាល និងការអនុវត្តផ្ទាល់ដល់ក្រុមគ្រូពេទ្យផ្នែកជំនាញកុមារមកពីតាមបណ្តាខេត្តផ្សេងៗផងដែរហើយនៅពេលអគាថ្មីនេះសាងសង់រួចរាល់នោះនឹងធ្វើឱ្យចំនួនគ្រែសម្រាប់ដាក់ជំងឺកើនឡើងដល់ជាង៦០០គ្រែ។

គួរបញ្ជាក់ថាកាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២កន្លងទៅនេះទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិកូរ៉េ( KOICA )និង ក្រសួងសុខាភិបាលបានប្រារព្ធពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សារបស់គម្រោងពង្រឹងសមត្ថ ភាពមន្ទីរពេទ្យកុមារជាតិដោយមានការចូលរួមពី លោក ហ៊ី យ៉ុនជុន រ៉ូ (Hyunjun Rho )នាយកប្រចាំប្រទេសនៃការិយាល័យ KOICA កម្ពុជា និងឯកឧត្តមសាស្ត្រាចារ្យ អេង ហួត រដ្ឋលេខាធិការក្រសួងសុខាភិបាល៕

ដោយ៖ គង់ វណ្ណៈ

62d7734c9a7b8
62d7734c9353b
62d7734c8a611
62d7734c7f580
62d7734c7366a
62d7734cb1f5e
Recently Posts