ឯកឧត្តម ហ៊ុន ម៉ានី៖ ព្រឹត្ដិការណ៍អង្គរសង្ក្រាន្ត នឹងរួមចំណែកស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញក្រោយកូវីដ

  • Admin Page
  • April 09, 2023
  • Views 364

img_20230409_223023_122

AKP ភ្នំពេញ ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៣-

 

ឯកឧត្ដម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងប្រាប់អ្នកសារព័ត៌មាន នៅ ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការសាងសង់សំណង់នានាសម្រាប់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត កាលពីថ្ងៃសៅរ៍ទី០៨ ខែមេសា ឆ្នាំ២០២៣ថា ការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្តសម្រាប់ឆ្នាំ២០២៣ ក៏ដូចជាខួបគម្រប់១០ឆ្នាំនៃព្រឹត្តិការណ៍នេះ គឺធ្វើឡើងដើម្បីលើកស្ទួយ វប្បធម៌ប្រពៃណីខ្មែរ ។ ក្រៅពីនេះសំខាន់គឺដើម្បីធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋនៅខេត្តសៀមរាបគ្រប់ផ្នែកទាំងអស់ឱ្យពួកគាត់មានចំណូល ទោះបីតិចក្តីច្រើនក្តី។

 

ឯកឧត្តមបន្តថា អ្វីដែលរាជរដ្ឋាភិបាលកម្ពុជាកំពុងតែធ្វើ គឺស្តារសេដ្ឋកិច្ច ដែលការស្តារសេដ្ឋកិច្ចនេះ គឺជាការផ្តល់បរិយាកាស ហើយកត្តាធំជាងគេសម្រាប់អ្នកខេត្តសៀមរាប គឺកត្តាទេសចរមកពីក្រៅប្រទេស ។ ដូចនេះយើងរំពឹងទុកថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តនឹងទទួលបានភ្ញៀវទេសចរច្រើន ទោះបីមិនទាន់បានដូចមុន ប៉ុន្តែភ្ញៀវទេសចរដែលបានមកចូលរួមក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំនេះ នឹងផ្តល់ប្រាក់ចំណូលដល់ប្រជាពលរដ្ឋនៅក្នុងខេត្តសៀមរាប។

 

ឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ឥឡូវនេះសណ្ឋាគារធំៗមួយចំនួនបានបើកទ្វារឡើងវិញនឹងមានការកក់បន្ទប់ស្នាក់នៅបានរហូតដល់៩០ភាគរយ និងផ្ទះសំណាក់នៅក្នុងក្រុងមានការកក់បន្ទប់ស្នាក់នៅប្រមាណ៨០ភាគរយផងដែរ។ ចំពោះសំណង់នានានៃព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ក៏សាងសង់បានស្ទើរតែរួចរាល់ទាំងស្រុងហើយ ចំពោះចំណុចខ្វះខាតខ្លះៗក្រុមការងារកំពុងតែមមាញឹកក្នុងការធ្វើឱ្យរាល់ទាន់ពេលវេលា។ ឯកឧត្តមបានបញ្ជាក់ទៀតថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ មានកម្មវិធីឯកត្តកម្មពិភពលោកចំនួន០២ គឺទី១ បត់ក្រដាសបេះដូង និងទី២ ចង្វាក់ម៉ាឌីសុន។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍អង្គរសង្ក្រាន្តឆ្នាំ២០២៣នេះ កម្មវិធីមានចំនួន៤៤ នៅ៦ទីតាំង នៅខាងមុខអង្គរ ទីលានជល់ដំរី អង្គរឃ្យូងយូ នៅតំបន់ដងស្ទឹង សួនច្បារព្រះរាជដំណាក់ និងនៅតំបន់មួយចំនួនទៀត។

 

ជាមួយគ្នានេះ ក៏មានការបង្ហាញពីផលិតផលរបស់ខ្មែរ ដែលមានរយៈពេល៣ថ្ងៃ ចាប់ពីព្រឹកថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមេសា ហើយពិធីបើកព្រឹត្តិការណ៍អង្គរសង្រ្កាន្តឆ្នាំ២០២៣នេះ គឺក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ផងដែរ៕ដោយ៖ ឃុត សៅ

Recently Posts