ការរៀបចំពិព័រណ៍សៀវភៅកម្ពុជាលើក ទី៩ នឹងរៀបចំឡើងវិញ ចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២នេះ

  • Admin Page
  • October 05, 2022
  • Views 168

img_20221005_171653_697
img_20221005_171655_585
img_20221005_171655_062

AKP ភ្នំពេញ ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២

លោក ហុក សុទ្ធិ នាយកអង្គការ ស៊ីប៉ា (Sipar) បានលើកឡើងថា គណៈកម្មការ​រៀប​ចំ​ពិព័រណ៍​សៀវភៅកម្ពុជាលើក ទី៩ នឹងរៀបចំពិព័រណ៍សៀវភៅកម្ពុជាឡើងវិញ ដែល​នឹង​ប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ ស្ថិតក្នុង​ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ការលើកឡើងនេះ ក្នុងឱកាសចូលជួបសម្តែងការគួរសម ជាមួយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅទីស្ដីការក្រសួងព័ត៌មាន។

លោក ហុក សុទ្ធិ បានជម្រាបជូនថា ពិព័រណ៍សៀវភៅកម្ពុជា ជាសកម្មភាពសង្គម​វប្បធម៌ ដែលត្រូវបានរៀបចំប្រចាំឆ្នាំនៅបណ្ណាល័យជាតិ ដោយគណៈកម្មការពិព័រណ៍​សៀវ​​​ភៅ​កម្ពុជា សហការជាមួយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រសួងព័ត៌មាន ក្រសួង​អប់រំ យុវជន និងកីឡា សមាគមបណ្ណាល័យកម្ពុជា សមាគម អ្នកបោះពុម្ពផ្សាយ​សៀវ​ភៅ​នៅកម្ពុជា អង្គការ និងស្ថាប័នដៃគូជាច្រើនទៀត។ លោកនាយកអង្គការបានបញ្ជាក់ថា ដោយសារវិបត្តិកូវីដ-១៩ ពិព័រណ៍នេះត្រូវបានផ្អាកក្នុងឆ្នាំ២០២០ និង២០២១។ ប៉ុន្តែ​ដោយ​ឆ្នាំនេះ សភាពការណ៍កូវីដ-១៩បានធូរស្រាលច្រើន គណៈកម្មការបាន​សម្រេចបន្តរៀប​ចំ​ពិព័រណ៍សៀវភៅឡើងវិញ ដែលគម្រោងរៀបចំជាស្តង់សៀវភៅចំនួន ១៤០ ស្តង់។ ចំពោះ​ការរៀបចំពិព័រណ៍នេះ លោកសង្ឃឹមថា នឹងមានអ្នកមានចូលរួមច្រើន ដូចកាលពី​ឆ្នាំ២០១៩ រយៈពេល៣ ថ្ងៃ នៃការរៀបចំពិព័ណ៍ មានអ្នកចូលរួមចំនួនប្រមាណ ១៨ ម៉ឺននាក់ ។

លោក ហុក សុទ្ធិ បានបន្ថែមថា ប្រធានបទសម្រាប់ការរៀបចំពិព័រណ៍សៀវភៅ កម្ពុជា​លើកទី៩ ឆ្នាំនេះ គឺ «១ថ្ងៃអាន ១ថ្ងៃដឹង» ក្នុងគោលបំណងលើកស្ទួយការអាន និង​ការ​សរសេរ ព្រមទាំងលើកស្ទួយឧស្សាហ៍កម្ម សៀវភៅ ដោយធ្វើយ៉ាងណាឱ្យអ្នកសរសេរ រោងបោះពុម្ពសៀវភៅ អាចមានឱកាស​ធ្វើ​អាជីវកម្មលក់សៀវភៅផងដែរ។

ឯកឧត្តម ខៀវ កាញារីទ្ធ បានសម្ដែងនូវការគាំទ្រចំពោះដំណើរការរៀបចំពិព័រណ៍​សៀវភៅកម្ពុជាលើកទី៩ ជាថ្មីឡើងវិញ បន្ទាប់ពីខកខាន ដោយសារការឆ្លង​រីករាលដាល​នៃជំងឺកូវីដ-១៩ រយៈពេល២ ឆ្នាំកន្លងមកនេះ ។

សូមជម្រាបជូនថា តាមការគម្រោងរៀបចំពិព័រណ៍សៀវភៅ កម្ពុជាលើកទី៩ នេះ​ដែរ ឯកឧត្តម ខៀវ កាញារីទ្ធ ក៏បានចូលរួមជាថវិកាដល់ដំណើររៀបចំកម្មវិធីចំនួន ២ ០០០​ដុល្លារ ហើយក៏​គ្រោង​នាំយកនូវសៀវភៅរបស់ក្រសួងព័ត៌មានមួយចំនួនដាក់តាំង​ក្នុង​ពិព័រ​ណ៍​នោះ​ផងដែរ។ ទន្ទឹមនេះ ការរៀបចំពិព័រណ៍​សៀវភៅកម្ពុជាលើកទី៩នេះ នឹង​ប្រព្រឹត្ត​ទៅ ចាប់​ពីថ្ងៃទី០៩ ដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ នៅបណ្ណាល័យជាតិ៕ដោយ៖ រិទ្ធី, រូបថត៖ ខឹម សុវណ្ណារ៉ា

Recently Posts