សម្ដេចក្រឡាហោម ស ខេង គូសបញ្ជាក់ពីការបង្កើនចំនួនក្របខ័ណ្ឌមន្រ្តីនគរបាល រំលែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់

  • Admin Page
  • August 09, 2022
  • Views 134

62f2038d20a1c
62f2038d084dc
62f2038d39b40
62f2038d14e15
62f2038297ae7

កំពង់ចាម៖ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានគូសបញ្ជាក់ពីការខិតខំប្រឹងប្រែងបង្កើនចំនួនក្របខ័ណ្ឌមន្រ្តីនគរបាលរំលែកទៅឱ្យប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់ ដោយបែងចែកពីការិយាល័យ និងនាយកដ្ឋាននានាដែលមានបុគ្គលិកច្រើន។ សម្ដេច បន្តថាប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ សង្កាត់នេះ ស្ថិតក្នុងចំណោមតួអង្គសំខាន់ដែលនៅជិតប្រជាពលរដ្ឋបំផុត ដូចជាក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន មេភូមិ អនុភូមិ ប៉ុស្តិ៍សុខភាព និងគ្រូបង្រៀនជាដើម។

ការគូសបញ្ជាក់នេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី៩ ខែសីហា ខណៈសម្ដេចក្រឡាហោម ស ខេង បានជួបសំណេះសំណាល និងសួរសុខទុក្ខ សិស្សនាយនគរបាល សិស្សនាយនគរបាលរង វគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលភូមិភាគ២ ខេត្តកំពង់ចាម។

នៅក្នុងឱកាសនោះ សម្ដេចក្រឡាហោម ស ខេង បានសម្ដែងការកោតសរសើរ និងចូលរួមអបអរសាទរសាលានគរបាលជាតិភូមិភាគ២ ដែលបាននិងកំពុងបណ្ដុះបណ្ដាលមន្រ្តីនគរបាលជាតិ និងសិស្សនគរបាលក្របខ័ណ្ឌថ្មី ប្រកបដោយគុណភាព ដើម្បីចូលរួមចំណែកកសាងធនធានមនុស្សនគរបាលជាតិ និងមានក្ដីសង្ឃឹមថាសាលានគរបាលជាតិភូមិភាគ២ នឹងបន្តកិច្ចខិតខំប្រែងបណ្ដុះបណ្ដាល និងអភិវឌ្ឍន៍សាលាឱ្យកាន់តែមានការរីកចម្រើន។

សម្ដេចក្រឡាហោម បានបន្តថា ដើម្បីឱ្យនគរបាលមានការយល់ដឹង មានវិជ្ជាជីវៈ មានគុណវុឌ្ឍិ មានគុណធម៌ និងប្រតិបត្តិការប្រកបដោយការទទួលខុសត្រូវ គឺចាំបាច់ណាស់ត្រូវតែសិក្សារៀនសូត្រឱ្យបានត្រឹមត្រូវ ពោលគឺអ្នកដែលត្រូវបានប្រឡងជាប់ជាមន្រ្តីនគរបាល ត្រូវតែឆ្លងកាត់វគ្គសិក្សាជាក់ស្ដែងវគ្គមូលដ្ឋាននាពេលនេះមានរយៈពេល៤ខែ។ សម្ដេច បន្តថាមន្រ្តីនគរបាលដែលឆ្លងកាត់ការរៀនសូត្រ ប្រាកដជានឹងបំពេញភារកិច្ចបានល្អប្រសើរជាងអ្នកមិនបានរៀនសូត្រ។

សម្ដេចក្រឡាហោម ក៏បានផ្ដល់ទស្សនាទានឱ្យសិស្សនគរបាលទាំងអស់ ខិតខំសិក្សារៀនសូត្រ និងត្រៀមខ្លួនបំពេញភារកិច្ចជាក់ស្ដែង និងសិក្សារៀនសូត្របន្ថែមពីការងារជាក់ស្ដែង ពិសេសពាក់ព័ន្ធនឹងការប្រែប្រួលនៃបទល្មើសប្រឈមៗ និងថ្មីៗ ដូចជាគ្រឿងញៀនខុសច្បាប់ ការជួញដូរមនុស្ស និងបទល្មើសបច្ចេកវិទ្យាជាដើម។ សម្ដេច ក៏បានសង្កត់ធ្ងន់អំពីភាពចាំបាច់នៃការផ្សារភ្ជាប់ការងារទៅនឹងជីវភាពប្រជាពលរដ្ឋផងដែរ។

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី បានផ្ដល់អនុសាសន៍ឱ្យសាលានគរបាលជាតិភូមិភាគ២ និងសាលាភូមិភាគផ្សេងៗទៀត បន្តអនុវត្តកំណែទម្រង់នគរបាលជាតិនេះឱ្យបានល្អ។ សម្ដេច ក៏បានគូសបញ្ជាក់ថានឹងបន្តអញ្ជើញចុះទៅឱ្យគ្រប់សាលានគរបាលជាតិភូមិភាគ និងមានការតាំងចិត្តច្បាស់ហើយថា ក្រសួងនឹងកាត់បន្ថយការបញ្ជូនមន្រ្តីនគរបាលជាតិថ្នាក់មូលដ្ឋាន ទៅរៀននៅក្រៅប្រទេសឱ្យបាន១០០ភាគរយ។

ក្នុងឱកាសនោះ ក្នុងនាមរាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ សម្ដេចក្រឡាហោម ឧបនាយករដ្ឋមន្រ្តី ក៏បានថ្លែងអំណរគុណអភិបាលខេត្តពាក់ព័ន្ធ ដែលបានចូលរួមគាំទ្រដល់ដំណើរការកសាងហេដ្ឋារចនាសម្ព័ន្ធក្នុងសាលានគរបាលជាតិភូមិភាគ២។ ជាមួយគ្នានេះ សម្ដេចក៏បានសម្រេចជួយសាងសង់អគារសិក្សាមួយខ្នងបន្ថែមទៀតដែរ ដល់សាលានគរបាលជាតិភូមិភាគ២ ដើម្បីបំពេញតម្រូវការជាក់ស្ដែងដ៏ចាំបាច់នៅក្នុងសាលា៕ 

 

Recently Posts