ប្រជាពលរដ្ឋងាយរងគ្រោះដោយសារមីន ៥០គ្រួសារ ទទួលបានការផ្តល់ប្រាក់កម្ចីគ្មានការប្រាក់ពី កាកបាទ ក្រហមកម្ពុជា

  • Admin Page
  • July 14, 2022
  • Views 283

វិទ្យុជាតិកម្ពុជា៖ មន្ទីរព័ត៌មានខេត្តព្រះវិហារ

kak1
kak2
kak3
kak4
kak5

ការផ្តល់ប្រាក់កម្ចីខ្នាតតូចគ្មានការប្រាក់ជូនដល់ប្រជា ពលរដ្ឋងាយរងគ្រោះដោយ សារមីន(គ្រួសារយុទ្ធជន- អតីតយុទ្ធជន និងគ្រួសារជនមានពិការភាព) ទាំង ៥០ គ្រួសារ មកពី ៦ឃុំ ក្នុងស្រុករវៀង ខេត្តព្រះវិហារ ដោយគ្រួសារនីមួយៗ ទទួលបានប្រាក់កម្ចី ១លានរៀល ពីកាកបាទក្រហមកម្ពុជា ដែលមាន ហ្លួងម៉ែ នរោត្តម មុនិនាថ សីហនុ ជាព្រះប្រធានកិត្តិយស និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដើម្បីយកទៅប្រកប មុខរបរបង្កបង្កើនផល លក់ដូរ និងការចិញ្ចឹមសត្វ កាលពីថ្ងៃ ទី១២ ខែកក្កដា ឆ្នាំ២០២២។ លោកជំទាវម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាក បាទក្រហមកម្ពុជា បានថ្លែងថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន នៅតែគិតគូរពីជីវភាពរស់នៅ និងសុខុមា លភាព របស់ប្រជាពលរដ្ឋ ជាពិសេស លើកទឹកចិត្តដល់គ្រួសារទទួលផលទាំងអស់ ឱ្យបន្តខិតខំពង្រីកមុខរបរ បង្ក បង្កើនផល ដើម្បីលើកស្ទួយជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង។ លោកជំទាវបានថ្លែងទៀតថា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខរបស់ប្រជាពលរដ្ឋ ដែលរស់នៅតាមតំបន់ដាច់ស្រយាល ធ្លាប់ជាទីតាំងសមរភូមិសង្គ្រាម ដែលបន្សល់ទុកនូវយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ ហើយប្រឈមនឹងការរងគ្រោះថ្នាក់ដោយសារមីន។ លោកជំទាវថា ដើម្បីឆ្លើយតបតាមការអំពាវនាវរបស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី កាកបាទក្រហមកម្ពុជា ក៏បានចុះអនុស្សរណៈប្រគល់ថវិកា ២លាន ដុល្លារអាមេរិក ជូនដល់អាជ្ញាធរកម្ពុជា គ្រប់គ្រងសកម្មភាពកំចាត់មីន និងសង្គ្រោះជនពិការដោយសារមីន (អាជ្ញាធរមីន) ដើម្បីចូលរួមជាចលនាជាតិ ឆ្ពោះទៅរកសូន្យគ្រាប់ មីននៅឆ្នាំ២០២៥ខាងមុខ តាមរយៈ «គម្រោងសម្តេចតេជោ សម្រាប់សកម្មភាពមីន» ក្រោមមូលបទ «ផ្តល់ដីសុវត្ថិភាព បង្កើតស្នាម ញញឹម» ។ លោកជំទាវ បានថ្លែងដោយផ្តោតលើក្តីសង្ឃឹមថា «បងប្អូនប្រជាពលរដ្ឋ នឹងមិនធ្វើចំណាកស្រុក នៅមើលថែផ្ទះសម្បែង ហើយថវិកា ១លានរៀលនេះ នឹងធ្វើឱ្យជីវភាពរបស់បងប្អូនមានការរីកចម្រើន តាមរយៈការប្រកប មុខរបរតាមបំណងរបស់បង ប្អូន ហើយបងប្អូននឹងមាន លទ្ធភាពបង្វិលថវិកានេះ មកជូនកាកបាទក្រហមកម្ពុជាវិញ ដើម្បីកាកបាទក្រហមកម្ពុជា បន្តផ្តល់ជូនគ្រួសារដទៃទៀត ដែលជាការរួមចំណែក និងជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសជាតិ ដែលមានសុខសន្តិភាព ស្ថិរភាព និងអភិវឌ្ឍន៍ ដូចសព្វថ្ងៃនេះ»។ លោកជំទាវម៉ែន នារីសោភ័គ បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តចូលរួមទប់ ស្កាត់ជំងឺកូវីដ-១៩ ដោយត្រូវអនុវត្តតាមវិធានការសុខាភិ បាល ចូលរួមចាក់វ៉ាក់សាំងដូសជំរុញ រស់នៅត្រូវមានអនាម័យ ត្រូវពិសាទឹកឆ្អិន និងត្រូវប្រុងប្រយ័ត្ន ពីគ្រោះ ថ្នាក់ដែលអាចបង្កឡើងដោយការប្រែប្រួលអាកាសធាតុ ដូចជា បាតុភូតផ្គរ រន្ទះ ខ្យល់ព្យុះ ឬ ខ្យល់កន្ត្រាក់ជាដើម។ ឯកឧត្តមយ៉ុង គឹមហ៊ានអភិបាលរងខេត្ត និងជាប្រធានសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ តំណាងឱ្យគ្រួសារងាយរងគ្រោះទាំងអស់ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ ជាពិសេស បានចាប់ផ្តើមបង្កើតឱ្យមានកម្មវិធី ប្រាក់កម្ចីខ្នាតតូចគ្មានការ ប្រាក់របស់ កាកបាទក្រហមកម្ពុជា ចាប់តាំងពីឆ្នាំ២០០៥ រហូតមកដល់បច្ចុប្បន្ន។ លោក យ៉ុង គឹមហ៊ាន បានបន្តថា សម្រាប់ខេត្តព្រះវិហារ មានគ្រួសារទទួលផលសរុបចំនួន ១ពាន់ ៥៧២គ្រួសារ ក្នុងនោះស្រុករវៀងមាន ៥៥៨ គ្រួសារ ដែលទទួលបានប្រាក់កម្ចី ដែលបាននិងកំពុង ជួយកាត់បន្ថយការរងគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រមទាំងបានកែប្រែជីវភាពរស់នៅរបស់ប្រជា ពលរដ្ឋឱ្យល្អប្រសើរឡើង តាមរយៈការប្រកបរបរដាំដំណាំ ចិញ្ចឹមសត្វ លក់ដូរ កាត់ដេរ អ៊ុតសក់ និងជួស ជុលកង់ម៉ូតូ។ល។ បន្ទាប់មក លោកស្រីអគ្គលេខាធិការរងទី១ និងក្រុមការងារ បានចុះសួរសុខ ទុក្ខ និងពិនិត្យមើល ពីការរីកចម្រើនរបស់គ្រួសារ ដែលធ្លាប់បានទទួលប្រាក់កម្ចី ពីកាកបាទក្រហមកម្ពុជា នាពេលកន្លងមក ថែមទៀតផង៕

Recently Posts