សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំដកពិសោធន៍លើការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ឆ្នាំ២០២២

  • Admin Page
  • July 22, 2022
  • Views 168

AKP ភ្នំពេញ ថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២២--

 

        កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងការពារជាតិ គណៈកម្មការកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ ឆ្នាំ២០២២ បានបើកកិច្ចប្រជុំដកបទពិសោធន៍លើការរៀបចំធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ កាលពីខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះ ស្ថិតក្រោមអធិបតីភាព សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយមានអញ្ជើញចូលរួមផងដែរពីសំណាក់ ឯកឧត្តម រដ្ឋលេខាធិការ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ (ខ.ភ.ម) និងអគ្គនាយក អគ្គនាយកដ្ឋាន រួមទាំងមន្ត្រីជំនាញពាក់ព័ន្ធជាច្រើនរូបទៀត។

 

នៅក្នុងឱកាសនោះ អង្គប្រជុំបានតាមដានស្តាប់នូវរបាយការណ៍បូកសរុបរបស់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ អគ្គនាយក អគ្គនាយកដ្ឋាននយោបាយ កិច្ចការបរទេស និងជាប្រធានអនុគណៈកម្មការរៀបចំខ្លឹមសារ នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦។

photo_2022-07-22_16-08-30

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍បូកសរុបរបស់ នាយឧត្តមសេនីយ៍ ណឹម សុវត្ថិ រួចមក សម្តេចពិជ័យសេនា ទៀ បាញ់ បានលើកឡើងថា ៦ខែកន្លងមកនេះ ក្រសួងការពារជាតិ និងខ.ភ.ម មានការងារជាច្រើន ដែលត្រូវបំពេញ និងទទួលបានជោគជ័យគួរជាទីមោទនៈ ក្រោយពីមានការថមថយនូវបញ្ហាការរាតត្បាតជំងឺកូវីដ១៩ កម្ពុជាបានរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានលើកទី១៦ ឆ្នាំ២០២២ ដោយផ្ទាល់ ដែលកន្លងមកនេះនៅបណ្តាប្រទេសនានា ការរៀបចំកិច្ចប្រជុំធ្វើឡើងត្រឹមតែតាមប្រព័ន្ធអនឡាញប៉ុណ្ណោះ។ ក្រៅពីនេះ យើងបានរៀបចំបញ្ចុះបឋមសីលានៅមូលដ្ឋានសមុទ្ររាម ចូលរួមការងារចុះជួយមូលដ្ឋានភូមិ ឃុំ និងបានចូលរួមយ៉ាងសស្រាក់សស្រាំនៅលើការបោះឆ្នោតឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ប្រកបដោយជោគជ័យជាបន្តបន្ទាប់។

 

សម្តេចពិជ័យសេនា បានចាប់អារម្មណ៍ថា តាមរយៈការស្រោចវ៉ាក់សាំងរបស់រាជរដ្ឋាភិបាល ការរាតត្បាតជំងឺកូវីដ-១៩ កម្ពុជា មិនមានអ្នកឆ្លងជំងឺសោះ អស់រយៈពេលជិត២ខែ ឥឡូវប្រទេសកម្ពុជាហាក់បីមានការឆ្លងឡើងវិញ តែអាការៈអ្នកជំងឺទាំងអស់មិនធ្ងន់ធ្ងរនោះទេ ប៉ុន្តែ ខ.ភ.ម យើងត្រូវបន្តការបំផុស និងជំរុញដល់បងប្អូនប្រជាពលរដ្ឋយើង ឱ្យមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នូវដុសជំរុញជាបន្តទៅទៀតតាមការអំពាវនាវរបស់រាជរដ្ឋាភិបាល។

 

សម្តេចពិជ័យសេនា បានបន្តថា ថ្ងៃនេះ មានរយៈពេល១ខែហើយ ដែលកម្ពុជារៀបចំធ្វើជាម្ចាស់ផ្ទះប្រធានប្តូរវេន នៃកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ ឆ្នាំ២០២២ កាលពីខែមិថុនាកន្លងមក ចំពេលដែលស្ថានភាពសលកលោក និងតំបន់មានបញ្ហាស្មុគស្មាញបំផុត ជាក់ស្តែងបញ្ហានៅប្រទេសមីយ៉ាន់ម៉ា និងបញ្ហាសង្គ្រាមរុស៊្សី-អ៊ុយក្រែន។ ជាមួយគ្នានេះ សម្តេចពិជ័យសេនា ទៀ បាញ់ ក៏បានសម្តែងនូវការកោតសរសើរ និងអំណរអរគុណចំពោះ អនុគណៈកម្មការ ក្រុមការងារ និងស្ថាប័នជំនាញពាក់ព័ន្ធ ពិសេសនាយកដ្ឋានអាស៊ាន ដែលបានខិតខំពុះពារក្នុងការរៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន (ADMM) លើកទី១៦ ឆ្នាំ២០២២ ហើយក៏បានជំរុញដល់អនុគណៈកម្មការ ក្រុមការងារ និងស្ថាប័នជំនាញពាក់ព័ន្ធទាំងអស់ បន្តចូលរួមបំពេញតួនាទីភារកិច្ចឱ្យបានល្អ ដែលនៅពេលខាងមុននេះ នឹងមានរៀបចំកិច្ចប្រជុំចំនួន ៤ទៀត ក្នុងនោះកិច្ចប្រជុំសំខាន់ គឺមានកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិក្រៅផ្លូវការ ដែលយើងត្រូវរៀបចំឱ្យជោគជ័យ តាមរបៀបវារៈដែលបានគ្រោងទុក៕

Recently Posts