រដ្ឋមន្ត្រីកសិកម្មកម្ពុជា ស្នើសុំអូស្ត្រាលី ពិនិត្យ និងគាំទ្រជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវចែកចាយជូនកសិករនៅទូទាំងប្រទេស

  • Admin Page
  • August 11, 2022
  • Views 136

62f48b79aae19
62f48b799f914
62f48b79da295
62f48b79b42f7
62f48b7996295
62f48b615f6ca
62f48b79d2693

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មកម្ពុជា លោក វេង សាខុន នៅព្រឹកថ្ងៃទី១១ ខែសីហានេះ បានជួបជាមួយលោក Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលី ដើម្បីពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មរវាងប្រទេសទាំងពីរ។ 

 

ក្នុងជំនួបនោះ លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្ត្រាលី ដែលបានជួយលើកស្ទួយវិស័យកសិកម្មកម្ពុជា និងប្រែក្លាយកម្ពុជាពីប្រទេសដែលខ្វះអង្ករហូបទៅជាប្រទេសដែលមានអតិរេកអង្ករ និងនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិដែលមានគុណភាពខ្ពស់ និងជាប់ចំណាត់ថ្នាក់អង្ករល្អលេខ១លើកពិភពលោក ៣ឆ្នាំជាប់គ្នាផងដែរ។ 

 

លោករដ្ឋមន្ត្រី ក៏បានស្នើសុំឱ្យភាគីអូស្ត្រាលី ជួយពិនិត្យ និងគាំទ្រជំរុញកិច្ចសហការជាមួយក្រុមហ៊ុនឯកជនទាំងក្នុងស្រុក និងក្រៅប្រទេស ដើម្បីបង្កើតជាក្រុមហ៊ុនផលិតពូជស្រូវចែកចាយជូនកសិករនៅទូទាំងប្រទេស ក្រោយពេលដែលវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា បានផលិតពូជគ្រឹះរួចហើយនោះ និងស្នើបង្កើតកម្មវិធីកម្មសិក្សាសម្រាប់និស្សិតកសិកម្ម និងពង្រឹងកិច្ចសហប្រតិបត្តិការបច្ចេកទេសផ្សេងទៀតរួមទាំងការកែច្នៃផលិតផលកសិកម្មផងដែរ សម្រាប់គម្រោងកម្មវិធីថ្មី ដែលនឹងត្រូវចាប់ផ្តើមអនុវត្តន៍នៅចុងឆ្នាំ២០២២ខាងមុខនេះ។ 

 

ចំពោះគម្រោងកិច្ចសហប្រតិបត្តិការថ្មី លោករដ្ឋមន្ត្រី សង្ឃឹមថា គម្រោងថ្មីស្តីពីភាពជាដៃគូកម្ពុជា-អូស្ត្រាលីដើម្បីស្តារ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (Cambodia-Australia Partnership for Resilience Economic Development) នឹងជួយជំរុញវិស័យកសិកម្មកម្ពុជាអោយរីកចម្រើនកាន់ខ្លាំងថែមទៀត។ 

 

ក្នុងជំនួបនោះដែរ លោក Pablo Kang ឯកអគ្គរដ្ឋទូត បានប្រគល់រថយន្តដែលបានប្រើប្រាស់ក្នុងគម្រោង CAVAC Phase 2 ចំនួន៤ គ្រឿងទៅឱ្យវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា CARDI ដើម្បីយកប្រើប្រាស់ក្នុងការស្រាវជ្រាវបន្តទៀត។ 

 

សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កន្លងមក ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មតាមរយៈភ្នាក់ងារ AusAid លើការផ្តល់ជំនួយទាំងហិរញ្ញវត្ថុ និងបច្ចេកទេសដើម្បីជំរុញ និងលើកកម្ពស់ផលិតភាពផលិតកម្មតាមរយ: ៖ ១- ការអភិរក្សពូជដំណាំសំខាន់ៗ ២- ការអភិវឌ្ឍ និងបញ្ចេញពូជដំណាំល្អៗឲ្យកសិករប្រើប្រាស់ ៣- ការអភិវឌ្ឍ និងផ្ទេរបច្ចេកទេសកសិកម្ម ជាពិសេសបច្ចេកទេសគ្រប់គ្រងធនធានដីកសិកម្ម និងការប្រើប្រាស់សារធាតុចិញ្ចឹមឲ្យមាននវានុវត្តន៍ និរន្តរភាព និងផលចំណេញសេដ្ឋកិច្ច ៤- ការបណ្តុះបណ្តាលធនធានមនុស្សឲ្យមានទេពកោសល្យផ្នែកកសិកម្ម និង៥- ការធ្វើកិច្ចសហប្រតិបត្តិការស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាកសិកម្មជាមួយដៃគូអន្តរជាតិដ៏ច្រើនរួមទាំង CAVAC ផងដែរ។ 

 

លទ្ធផលដែលគម្រោង CAVAC សម្រេចបាន លោកបានបញ្ជាក់ថា ពិតជាបានចូលរួមចំណែកយ៉ាងធំធេងក្នុងការចូលរួមកសាង និងអភិវឌ្ឍខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា ហើយតាមរយ:សមិទ្ធផលនេះ លោករដ្ឋមន្ដ្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាថ្មីម្តងទៀតជូនចំពោះរដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី លោកឯកអគ្គរដ្ឋទូត ទីក្រឹក្សាបច្ចេកទេស ថ្នាក់ដឹកនាំ និងមន្រ្តីអនុវត្តគម្រោង និងក្រសួង-ស្ថាប័នពាក់ព័ន្ធទាំងអស់ដែលបានខិតខំ យកចិត្តទុកដាក់ទទួលខុសត្រូវ ឈរលើស្មារតីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការដើម្បីឲ្យការអនុវត្តគម្រោងទទួលបានជោគជ័យ។ 

 

តាមការគ្រោងទុក គម្រោង CAVAC នឹងបញ្ចប់នៅថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២២ លោករដ្ឋមន្ដ្រីតាមរយៈលោកឯកអគ្គរដ្ឋទូត បានស្នើសុំទៅរដ្ឋាភិបាលអូស្រ្តាលីឲ្យបន្តជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា តាមរយ:គម្រោង ឬកម្មវិធីថ្មីៗផ្សេងទៀត។ 

 

យោងលើរបាយការណ៍របស់ស្ថានទូតអូស្រ្តាលីបានឲ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១០ អូស្ត្រាលី បានវិនិយោគទឹកប្រាក់ចំនួន ១៣០លានដុល្លារអូស្រ្តាលី តាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជា-អូស្ត្រាលី (CAVAC) ដើម្បីបង្កើនការផលិតស្រូវ ប្រព័ន្ធធារាសាស្រ្តសម្រាប់កសិករខ្នាតតូច និងការធ្វើពិពិធកម្មកសិកម្មនៅកម្ពុជា ក្នុងគោលបំណងចូលរួមកាត់បន្ថយភាពក្រីក្រនៅតាមជនបទ បង្កើនប្រាក់ចំណូលសម្រាប់កសិករ និងបានជួយដល់វិស័យកសិកម្មនៅកម្ពុជា ឱ្យកាន់តែមានសក្តានុពលខាងផ្នែកពាណិជ្ជ កម្ម និងការប្រកួតប្រជែង។ 

 

កម្មវិធី CAVAC នឹងបញ្ចប់ជាផ្លូវការនៅថ្ងៃទី១៥ ខែសីហា ឆ្នាំនេះ ប៉ុន្តែនេះមិនមែនជាការបញ្ចប់នៃការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលអូស្ត្រាលី ក្នុងការគាំទ្រដល់ការអភិវឌ្ឍវិស័យកសិកម្មនៅកម្ពុជាឆ្ពោះទៅមុខនោះទេ។ កម្មវិធីថ្មី ភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍន៍សេដ្ឋកិច្ចធន់ (CAP-RED) ក្នុងទំហំទឹក ប្រាក់ ១០៧លានដុល្លារអូស្ត្រាលី នឹងបន្តគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ និងបង្កើនភាពធន់របស់កម្ពុជាទាក់ទងនឹងវិស័យកសិកម្ម/ការកែច្នៃកសិផល ពាណិជ្ជកម្ម និងការវិនិយោគហេដ្ឋារចនាសម្ព័ន្ធ និងយេនឌ័រ និងសង្គមប្រកដដោយបរិយាបន្ន៕

Recently Posts