ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត ៖សន្តិភាពបច្ចុប្បន្នគឺបានចូលរួមចំណែកមិនអាចខ្វះបានពីសំណាក់កងទ័ព

  • Admin Page
  • March 09, 2023
  • Views 338

579f0d886932800539663699557e4172
4bc80014145078f776b9eeb582608cdb
63170fea24d5090438c2fe33a5a1d577
b5bc032be7b4487487eda6092d0b688e
a300a7cb752d06bb5db2e372adbf3af0
52c0e1da2c63b5e243039e55bbc11b88
c39413d142f2036426d89827b1c9890c
cb6893975e4a4652f8dbeb07fe008504
6144b4094155cf25def14f235ba756a9

ភ្នំពេញ ៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកង ទ័ពជើងគោគ បានថ្លែងអះអាងថា សន្តិភាព និងភាពរីកចំរើន​របស់កម្ពុជា​នាពេលបច្ចុប្បន្ននេះ គឺបានចូល រួមចំណែកយ៉ាងធំធេងពីសំណាក់កងយោធពលខេមរភូមិន្ទ ដោយមិនអាចកាត់ផ្តាច់បាននោះឡើយ។

 

ថ្លែងនៅក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហានកងពលតូច​អន្តរាគមន៍​លេខ១២៨ នៃយោធភូមិភាគទី១ ខេត្តស្ទឹងត្រែង នាថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៣នេះ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ថា «ក្នុងរយៈកាលកន្លងមកនេះ សន្តិភាព ស្ថិរភាពនយោបាយ និងម៉ាក្រូសេដ្ឋកិច្ច ក៏ដូចជាសន្តិសុខសាធារណៈ ដែលជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍ និង​ជីវភាព​រស់នៅប្រកបដោយភាពសុខសាន្តរបស់ប្រជាជន ត្រូវបានរក្សាការពារ​យ៉ាងគត់មត់​ដោយ​កម្លាំងជាតិទាំងមូល ដែលបានរួមសាមគ្គីយ៉ាងរឹងមាំជុំវិញរាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ជាប្រមុខដឹកនាំ ជាពិសេសការចូលរួមចំណែក​មិនអាចខ្វះបាន​ពីសំណាក់កង​យោធពល​ខេមរភូមិន្ទ ​ក្នុងនាមជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលមានភក្តីភាពជានិច្ចចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ​នោះ»។

 

ជាមួយនឹងការប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែង ជូននាយទាហានកងពលតូចអន្តរាគមន៍​លេខ១២៨នោះដែរ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានចូលរួមអបអរសាទរជាមួយនិង​នាយទាហាន ដែល​ទទួលបានការទុកចិត្តពី​ក្រសួងការពារជាតិ អគ្គបញ្ជាការដ្ឋាន និង​បញ្ជាការ​ដ្ឋានកងទ័ពជើងគោក ចំពោះការតែងតាំង និងការកែសម្រួល​មុខតំណែងថ្មី ដែល​ស័ក្តិសម​និង​សមត្ថភាព, លក្ខណៈសម្បត្តិ, គុណបំណាច់ និងស្នាដៃដែលបានខិតខំប្រឹងប្រែង​បំពេញ​ជូនជាតិមាតុភូមិ ប្រកបដោយស្មារតីទទួលខុសត្រូវនារយៈកាលកន្លងមក។

 

លោកឧត្តមសេនីយ៍ឯក បានបន្តទៀតថា ជាមួយនឹងការទទួលបាននូវ​ការទទួលខុស​ត្រូវក្នុងមុខតំណែងថ្មីនេះ លោក​សូមធ្វើការផ្តាំ​ផ្ញើនូវភារកិច្ចមួយ​ចំនួនសម្រាប់ថ្នាក់ដឹកនាំ​ក្នុងជួរបញ្ជាការផងដែរដោយ ក្នុងនោះរួមមានរក្សាសមិទ្ធផល​របស់ថ្នាក់ដឹកនាំជំនាន់មុនដែលបានកសាង, បន្តកសាងពង្រឹងអង្គភាពបន្ថែមលើគ្រប់វិស័យ និងរៀបចំជាមូលដ្ឋាន​ទុកឱ្យនាយទាហានបន្តវេន ព្រមទាំងរួមគ្នាក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អសម្រាប់ជំនាន់ក្រោយៗទៀត។

 

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ក៏បានបញ្ជាក់ផងដែរថា ការពង្រឹងប្រៀបការពារជាតិ គឺជា​កាតព្វកិច្ចស្រប​តាមរដ្ឋធម្មនុញ្ញ ដើម្បីពង្រឹងសមត្ថភាពកងទ័ពបម្រើឱ្យការបំពេញភារកិច្ចថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ ហើយដែលទាំងអស់នេះគឺជាផ្នែកមួយនៃកិច្ចការកែទម្រង់កងយោធខេមរភូមិន្ទ ដែលកំពុងដំណើរការទៅមុខ ឱ្យសមស្របនឹងស្ថានភាពនៃការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរបស់ប្រទេសជាតិ។ ក្នុងទិសដៅនេះ កងទ័ពជើងគោកផ្ទាល់ រួមទាំងបណ្តាស្ថាប័ន-កងឯកភាពចំណុះ ចាំបាច់ត្រូវបន្តជំរុញផង​ដែរនូវ​ដំណើរការកែទម្រង់របស់ខ្លួន ដើម្បីឆ្លើយតបឱ្យមានប្រសិទ្ធិភាព និងដើរទាន់ការវិវត្តនៃ​សភាពការណ៍​ដែលបន្ត​ប្រែប្រួល​ឥតឈប់ឈរ។

 

យ៉ាងណាក៏ដោយលោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែទ ក៏បានថ្លែងនូវការកោតសរសើរ និងវាយ​តម្លៃខ្ពស់​ចំពោះ​យោធភូមិ​ភាគីទី១,កងពលតូចអន្តរាគមន៍លេខ១២៨ ក៏ដូចជាគ្រប់បណ្តា​ស្ថាប័ន-កងឯកភាព​ចំណុះយោធភូមិភាគ​ទី១ ទាំងអស់ដែលបានខិតខំបំពេញភារកិច្ចក្នុងការការពារអធិបតេយ្យ បូរណភាពទឹកដីនៅ​តាមខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិសាស្ត្រទទួលខុសត្រូវរបស់ខ្លួន និងការបំពេញកិច្ចសហការជាមួយអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធ​គ្រប់​លំដាប់ថ្នាក់ ក្នុងការថែរក្សាការពារសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព បានល្អប្រសើរជូន​ប្រជាជន​ក្នុងរយៈកន្លងមកនេះ ទទួលបានលទ្ធផល និងស្នាដៃល្អប្រសើរ គួរជាទីមោទនៈផងដែរ៕ អត្ថបទ ៖ ចក់

Recently Posts