ភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយទៀតមានសមត្ថភាពផលិតទឹកបាន៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ

  • Admin Page
  • July 13, 2022
  • Views 156

ភ្នំពេញ ៖ រាជធានីភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយទៀត នៅសង្កាត់បឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ។

រាជធានីភ្នំពេញនឹងមានរោងចក្រផលិតទឹកស្អាតមួយកន្លែងទៀត ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុង១ថ្ងៃ ដែលមានទីតាំង លើផ្ទៃដីសណ្តស្ទឹងព្រែកត្នោត ស្ថិតក្នុងភូមិបឹងធំ២ និងភូមិបឹងធំ៣ សង្កាត់បឹងធំ ខណ្ឌកំបូល។ ដើម្បីឲ្យដំណើរការនៃគម្រោងខាងលើនេះទទួលបាននូវភាពជោគជ័យ បំពេញបាននូវបំណងចង់បានរបស់ប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចុះពិនិត្យមើលស្ថានភាពទឹក សណ្ដស្ទឹងព្រែកត្នោត និងពិនិត្យគម្រោងទីតាំងសាងសង់ស្ថានីយទឹកស្អាត របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញនេះផងដែរ។

បើតាមមន្ត្រី រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញ បានឲ្យដឹងថា គម្រោងសាងសង់ស្ថានីយទឹកស្អាត របស់រដ្ឋាករទឹកស្វយ័ត ក្រុងភ្នំពេញនេះ មានឈ្មោះថា ជារោងចក្រផលិតទឹកស្អាតបឹងធំ ដែលមានសមត្ថភាពផលិតទឹកស្អាតបាន៥០០០ម៉ែត្រគីបក្នុងមួយថ្ងៃ ដោយផ្តើមសាងសង់នៅក្នុងឆ្នាំ២០២២ ដល់២០២៤ លើផ្ទៃដី៣០ហិចតា ។ 

រោងចក្រប្រព្រឹត្តិកម្មទឹកស្អាតនេះ អាចផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋបាននៅភាគខាងលិចឈៀងខាងត្បូងរាជធានីភ្នំពេញ នៅស្រុក កណ្ដាលស្ទឹង ខេត្តកណ្តាល និង មួយផ្នែកទៀតនៅអាកាស យានដ្ឋានអន្តរជាតិ ភ្នំពេញថ្មី ។

រោងចក្រផលិតទឹកស្អាតបឹងធំ ជាជំហានទី១ នៅឆ្នាំ២០២៣នឹងអាចឲ្យប្រជាពលរដ្ឋប្រើប្រាស់ទឹកស្អាតនេះបាន នៅក្នុង៣សង្កាត់នៃខណ្ឌកំបូល ហើយនឹងបន្តពង្រឹកវិសាលភាពឲ្យកាន់តែធំបន្ថែមទៀត សំដៅធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅស្អាត ហូបទឹកស្អាត មានអនាម័យល្អ ទៅតាមគោលនយោបាយរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕ អត្ថបទ ៖ ប្រាក់ វាន់ដា

phom1
phom2
phom3
phom4
phom5
phom6
phom7
Recently Posts