រដ្ឋបាលខេត្តកំពត នឹងទទួលការងារគ្រប់គ្រង់ថែទាំទីលានចាក់សំរាមនៅចុងខែសីហានេះ ដើម្បីឱ្យខេត្តនេះទទួលបានគម្រោង “ទីក្រុងចង់ឱ្យរស់នៅ”

  • Admin Page
  • July 19, 2022
  • Views 333

កំពត៖ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូនលោក វង្ស ពិសិដ្ឋ បានលើកឡើងថា ខេត្តកំពត នឹងទទួលបានគម្រោងគ្រប់គ្រងកាកសំណល់រាវ និងរឹង ដ៏សំខាន់មួយពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ហើយនៅចុងខែសីហា ឆ្នាំ២០២២ ក្រសួងនឹងប្រគល់ការងារគ្រប់គ្រង ថែទាំទីលានកប់សំរាមឱ្យរដ្ឋបាលខេត្តគ្រប់គ្រង និងថែទាំ។ ការនេះ រដ្ឋបាលខេត្តអះអាងថា នឹងបំផុសឱ្យពលរដ្ឋប្រើប្រាស់ស្លឹកធម្មជាតិវេចខ្ចប់អាហារ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។  

លោក វង្ស ពិសិដ្ឋ បានលើកឡើងដូចនេះ ក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងជំហ៊ាន២  មានអនុគម្រោងប្រព័ន្ធលូ ស្ថានីយចម្រុះទឹកកខ្វក់ និងសាងសង់ទីលានកប់សំរាមស្តង់ដា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២២ នៅសាលាខេត្តកំពត។ លោកបានឱ្យដឹងថា ក្រុងកំពត ជាក្រុងដ៏សំខាន់មួយ ស្ថិតនៅតាមបណ្តោយផ្លូវរបៀងអាស៊ានលេខ១២៣ ដែលភ្ជាប់ពីក្រុងបាងកកមកកម្ពុជា ឆ្ពោះទៅប្រទេសវៀតណាម។ ដូច្នេះហើយ រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ គិតគូអំពីបញ្ហាអនាម័យបរិស្ថាន និងសោភណ្ឌភាពទីក្រុង ដើម្បីទាក់ទាញអ្នកវិនិយោគ ហើយអនុគម្រោងសាងសង់ប្រព័ន្ធលូ ស្ថានីយបូម និងអាងប្រព្រិត្តិកម្មទឹកកខ្វក់ បច្ចុប្បន្នសម្រេចបាន ៦៩ភាគរយហើយ។ ចំណែកទីលានចាក់សំរាមស្តងដា សម្រេចបាន៩៥%  ហើយក្រសួងនឹងប្រគល់ការងារគ្រប់គ្រង់ និងថែទាំមកឱ្យរដ្ឋបាលខេត្តនៅចុងខែសីហានេះ។ 

  

ជាមួយគ្នានេះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានបញ្ជាក់ថា បញ្ហាគ្រប់គ្រង់កាកសំណល់ ពិសេសការទុកដាក់សំរាមជារឿងចាំបាច់ ព្រោះខេត្តកំពតជាខេត្តគោលដៅទេសចរណ៍ មានសកត្តានុពលច្រើនរាប់មិនអស់ ទីតាំងភូមិសាស្ត្រផ្នែកខាងលើមានភ្នំ ផ្នែកកណ្តាលមានដៃព្រែក និងផ្នែកខាងក្រោមមានផ្ទៃសមុទ្រ អំណោយផលខ្លាំងសម្រាប់ការអភិវឌ្ឍជាតំបន់អេកូទេសចរណ៍។ ទោះខេត្តមានទីលានកប់សំរាមក៏ដោយ រដ្ឋបាលខេត្តគ្រោងដាក់ផែនការបំផុសគំនិតឱ្យប្រជាពលរដ្ឋ អាជីវករ សេវាករទេសចរណ៍ទាំងអស់ ឱ្យវេចខ្ចប់ម្ហូបអាហារដោយប្រើស្លឹកចេក ឬស្លឹកឈូកវិញ ដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។

យោងតាមការបញ្ជាក់ពី លោក  វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងអភិវឌ្ឍន៍ខេត្តបន្ទាប់ មានឈ្មោះថា “ទីក្រុងគួរឱ្យចង់រស់នៅ” ហើយមានក្រុងចំនួនបីរបស់កម្ពុជាទទួលបានកញ្ចប់នេះ គឺក្រុងប៉ោយប៉ែត ក្រុងបាវិត និងក្រុងកំពត ដែលទទួលបានកញ្ចប់ថវិការគម្រោងនេះ ហើយកញ្ចប់ថវិកានេះមានទឹកប្រាក់ប្រមាណ ៦០លានដុល្លារ៕

អត្ថបទ៖ វង្ស សុធារម្យ

l1
l2
l3
l4
l5
l6
l7
l8
Recently Posts