អាជ្ញាធរខេត្តកំពត ស្នើដល់ក្រសួងជំនាញពាក់ព័ន្ធជួយរកលទ្ធភាពក្នុងការជួយបន្សុទ្ធទឹកព្រែកកំពត ដើម្បីកែច្នៃជាកន្លែងកម្សាន្តថ្មីមួយទៀតសម្រាប់ភ្ញៀវទេសចរ

  • Admin Page
  • July 20, 2022
  • Views 514

62d775cb80857

កំពត៖ អភិបាលខេត្តកំពត លោក ម៉ៅ ធនិន កំពុងមានក្តីកង្វល់ចំពោះគម្រោងនៃការអភិវឌ្ឍន៍ឆ្នេរ និងកន្លែងកម្សាន្តដ៏ទាក់ទាញមួយនៅតាមដងព្រែកកំពង់បាយ ក្នុងក្រុងកំពត ដោយសារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញពីក្រុងចូលព្រែកធ្វើឱ្យទឹកព្រែកមិនស្អាត មានក្លិនមិនល្អ ហើយខេត្តគ្មានលទ្ធភាពធ្វើបាន។ ដូច្នេះទើបស្នើដល់ក្រសួងជំនាញពាក់ព័ន្ធ ឱ្យជួយលៃលករកលទ្ធភាពដើម្បីបន្សុទ្ធទឹកព្រែក ព្រោះព្រែកកំពតមានសកត្តានុពលធំធេងសម្រាប់ខេត្ត និងប្រទេសកម្ពុជា។

លោក ម៉ៅ ធនិន លើកឡើងថា ខេត្តកំពតមានសកត្តានុពលទេសចរណ៍ធម្មជាតិច្រើនរាប់មិនអស់ ប៉ែកខាងលើមានភ្នំ កណ្តាលមានដៃព្រែកខ្វាត់ខ្វែង ប៉ែកខាងក្រោមមានសមុទ្រ។ ខេត្តកំពតក៏មានឆ្នេរ មានទីតាំងសម្រាប់មើលផ្កាថ្ម មានដៃព្រែកជាច្រើនគ្រប់ដណ្តប់ដោយព្រៃកោងកាង ទឹកហូរមកពីកំពូលភ្នំធ្លាក់ចូលក្នុងសមុទ្រ ពិសេសបំផុតមានខ្យល់ធម្មជាតិ ដែលបានបន្សុទ្ធពីខ្យល់សមុទ្រដែលជាខ្យល់ស្អិត ដោយរបាំងភ្នំបូកគោឱ្យក្លាយទៅជាខ្យល់មិនស្អិត និងមានគ្រឿងសមុទ្ររសជាតិឆ្ងាញ់ថែមទៀត។ កត្តាទាំងអស់នេះហើយ ទើបធ្វើឱ្យខេត្តកំពតមានសក្តានុពលផ្នែកទេសចរណ៍ និងមានភ្ញៀវមកកម្សាន្តច្រើន ដែលជាហេតុធ្វើឱ្យខេត្តកំពត ជាខេត្តមួយដែលមានសក្តានុពលធំធេងសម្រាប់ប្រទេសកម្ពុជា។

លោកអភិបាលខេត្តកំពត ក៏បានបញ្ជាក់ពីក្តីបារម្ភចំពោះគម្រោងរបស់លោកថា លោកចង់បង្កើតឆ្នេរ និងកន្លែងកម្សាន្តដ៏ទាក់ទាញមួយនៅដងព្រែកកំពង់បាយ ក្រុងកំពត ប៉ុន្តែដោយសារប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញពីក្រុងចូលព្រែក បានធ្វើឱ្យទឹកមិនស្អាត មានក្លិនមិនល្អ ធ្វើឱ្យស្ទះដល់គម្រោងនោះ។ ខេត្តគ្មានលទ្ធភាពក្នុងការរៀបចំប្រព័ន្ធលូបង្ហូរទឹកកខ្វក់ចេញពីក្រុង ដើម្បីចញ្ចៀសកុំឱ្យហូរចូលព្រែកបានទេ ទើបលោកលើកជាសំណើរឱ្យក្រសួងជំនាញ និងអ្នកពាក់ព័ន្ធជួយពិចារណាលៃលករកលទ្ធភាពកែប្រែ និងបន្សុទ្ធទឹកព្រែកនេះឱ្យស្អាត ព្រោះបើធ្វើបាន សកត្តានុពលទេសចរណ៍សម្រាប់ខេត្តកំពតពិតជាគ្មានពីរ។ ម្យ៉ាងវិញទៀត ខេត្តកំពតជាខេត្តដែលមានផ្លូវរបៀងអាស៊ានលេខ ១២៣ ឆ្លងកាត់ផង។

សូមបញ្ជាក់់ថា ការស្នើនេះបានធ្វើឡើងនៅក្នុងកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងជំហ៊ាន២ មានអនុគម្រោងប្រព័ន្ធលូ ស្ថានីយចម្រោះទឹកកខ្វក់ និងសាងសង់ទីលានកប់សំរាមស្តង់ដា កាលពេលថ្មីៗ នៅសាលាខេត្តកំពត ដែលមានការចូលរួមពី លោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន ព្រមទាំងក្រសួង មន្ទីរជំនាញពាក់ព័ន្ធមួយចំនួន៕

អត្ថបទ៖ វង្ស សុធារម្យ

62d775e1d6621
62d775e229a71
62d775e1cdbbc
62d775e231ada
Recently Posts