លោកជំទាវ ឱ វណ្ណឌីន អំពាវនាវដល់ជនរួមជាតិទៅចាក់វ៉ាក់សាំងដូសជំរុញ ខណៈវីរុសអូមីក្រុងប្រភេទថ្មីបានបំប្លែងខ្លួនថ្មីទៀតហើយ និងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធភាពស៊ាំលឿនជាងមុន

  • Admin Page
  • July 13, 2022
  • Views 172

AKP ភ្នំពេញ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ --

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ តាមរយៈទីភ្នាក់ងារសារព័ត៌មានកម្ពុជា បានអំពាវនាវដល់ជនរួមជាតិទាំងអស់ បន្តទៅចាក់វ៉ាក់សាំងដូសជំរុញជាចាំបាច់បំផុត ក្នុងខណៈពេលដែលនៅកម្ពុជា មានវត្តមានវីរុសអូមីក្រុងបំប្លែងថ្មីប្រភេទ BA. 4 និង BA.5 ដែលឆ្លងលឿនជាងប្រភេទអូមីក្រុងមុនៗ និងមានសមត្ថភាពជ្រៀតចូលប្រព័ន្ធភាពស៊ាំបុគ្គលលឿនជាងមុន។

លោកជំទាវវេជ្ជបណ្ឌិត បានបន្ថែមថា៖ “ក្រុមអ្នកវិទ្យាសាស្ត្រ បានបញ្ជាក់រួចហើយថា វីរុសអូមីក្រុងបំប្លែងថ្មី BA.4 និង BA.5 នេះ មានសមត្ថភាពឆ្លងលឿន មានលទ្ធភាពអាចជ្រៀតចូលប្រព័ន្ធភាពស៊ាំក្នុងសរីរាង្គកាយក៏លឿន ហើយធ្វើឲ្យប្រព័ន្ធភាពស៊ាំរបស់បុគ្គលធ្លាក់ចុះក៏លឿនជាងមុនផងដែរ។ ដោយឡែកវីរុសអូមីក្រុងប្រភេទ BA.5 នេះ បានបំប្លែងខ្លួនតទៅទៀតហើយ គឺប្រភេទ BA.5.1 និងប្រភេទ BA.5.2”។

លោកជំទាវបានបន្ថែមថា ការទទួលយកវ៉ាក់សាំងដូសជំរុញ ទាំងទី៣ ទី៤ និងទី៥ គឺជាជម្រើសដ៏ល្អបំផុតរបស់បងប្អូនប្រជាពលរដ្ឋគ្រប់រូប ដើម្បីបង្កើនអង្គបដិបក្ខការពារសរីរាង្គឡើងវិញ ខណៈដែលស្ថានភាពនៃការឆ្លងរាលដាលនៅកម្ពុជា ក៏ដូចជានៅលើសកលលោក មានការកក្រើកឡើងវិញជាបណ្តើរៗហើយ ជាពិសេសគឺពពួកអូមីក្រុងដែលបានបំប្លែងថ្មី ហើយក៏មានអ្នកស្លាប់បាត់បង់ជីវិតជាបន្តបន្ទាប់ហើយដែរ។

បន្ថែមពីលើនេះ លោកជំទាវបានសង្កត់ធ្ងន់ថា ៖ “ក្រុមអ្នកវិទ្យាសាស្រ្តផ្នែកវេជ្ជសាស្រ្ត បានបញ្ជាក់ហើយថា មានតែការចាក់វ៉ាក់សាំងឱ្យបានច្រើនបំផុតតាមតែអាចធ្វើទៅបានប៉ុណ្ណោះ ដែលជាឧបករណ៍ដ៏សំខាន់ដើម្បីទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ-១៩ គ្រប់ប្រភេទទាំងអស់ ទប់ស្កាត់អត្រាសម្រាកពេទ្យ និងកាត់បន្ថយអត្រាមរណៈឱ្យស្ថិតនៅក្នុងកម្រិតទាបបំផុត”។

សូមបញ្ជាក់ថា គិតត្រឹមយប់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២ ម្សិលមិញនេះ ប្រជាពលរដ្ឋកម្ពុជាសរុប ៩៤.៣៨% បានចាក់វ៉ាក់សាំងការពារវីរុសកូវីដ-១៩ ខណៈដូសជំរុញទី៣ សម្រេចចាក់បាន ៩ ៥៥៥ ៥១១ នាក់ ដូសជំរុញទី៤ សម្រេចចាក់បាន ៣ ០៧៨ ៥១៨ នាក់ និងដូសជំរុញទី៥ សម្រេចចាក់បាន ៣៦៩ ៧៧៨ នាក់។

ជាមួយគ្នានេះផងដែរ នៅល្ងាចថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានចេញសារសម្លេងបន្ទាន់មួយផ្ញើជូនជនរួមជាតិ ដោយអំពាវនាវឱ្យទៅទទួលវ៉ាក់សាំងបង្ការវីរុសកូវីដ-១៩ ដូសជំរុញឱ្យបានគ្រប់ៗគ្នា និងបន្តអនុវត្តវិធានការ ០៣ការពារ និង០៣កុំ ឱ្យបានខ្ជាប់ខ្ជួន៕

v1

v2

ដោយ ផែន រតនៈ

Recently Posts