រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ៖ ការរៀនសូត្រចប់សព្វគ្រប់ មិនមែនមានន័យថាត្រូវតែទទួលបានការតែងតាំង ឬឋានៈនោះទេ

  • Admin Page
  • July 27, 2022
  • Views 193

AKP កណ្តាល ថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២-សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានលើកឡើងថា ការរៀនសូត្រចប់សព្វគ្រប់ មិនមែនមានន័យថាត្រូវតែទទួលបានការតែងតាំង ឬឋានៈនោះទេ។ សម្តេចក្រឡាហោមបញ្ជាក់ថា ប៉ុន្តែគឺវាអាស្រ័យទៅលើការអនុវត្តការងារ សីលធម៌ គុណធម៌ កិត្តិយស។ ការលើកឡើងរបស់សម្តេចក្រឡាហោមបែបនេះក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គសុក្រឹតការថ្នាក់ដឹកនាំនគរបាលកម្រិត១ និងកម្រិត២ ជំនាន់ទី១ នៅបណ្ឌិត្យសភានគរបាលកម្ពុជា ស្ថិតនៅឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

 

សម្តេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា «ការបណ្ដុះបណ្ដាលនេះ ម្យ៉ាងគឺដើម្បីមុខមាត់យើងម្នាក់ៗកុំឱ្យពាក់ផ្កាយតែអត់បានរៀនប៉ូលីស ដែលអាចធ្វើឱ្យបាត់តម្លៃ និងកិត្តិយស ហើយថាការបណ្ដុះបណ្ដាលនេះ ក៏ដើម្បីជាគំរូសម្រាប់កូនចៅជាមន្រ្តីនគរបាល»។ សម្រាប់សម្ដេចក្រឡាហោម ការបណ្ដុះបណ្ដាលនេះគឺជាការឆ្លើយតបតាមគោលការណ៍ ក៏ដូចជាគោលនយោ បាយរបស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាឱ្យកងកម្លាំងនគរបាលជាតិយើង ជាកម្លាំងមានចំណេះ និងជំនាញពិតប្រាកដ មានសីលធម៌ និងគុណធម៌។

 

ព្រមជាមួយគ្នានេះ សម្តេចក្រឡាហោមក៏បានផ្ដាំផ្ញើសិក្ខាកាមដែលបញ្ចប់ការបណ្ដុះ បណ្ដាលនេះទៅហើយក៏មិនមែនមានន័យថាបានរៀនហើយក៏ចប់ដែរ ប៉ុន្តែត្រូវរៀនបន្តដោយរៀនលើការងារជាក់ស្ដែង ទោះជាធ្លាប់បានធ្វើការងារជាក់ស្ដែងហើយក៏ដោយ ។ តែក្រោយពីរៀននេះទៀត មន្រ្តីម្នាក់ៗក៏អាចមានគំនិតថ្មីៗលើការបន្តការងារជាក់ ស្ដែងថែមទៀតដែរ៕ដោយ ចាន់ សុធីវង្ស

photo_2022-07-26_19-33-06
Recently Posts