ក្រសួងផែនការអាចនឹងផ្តល់បណ្ណសមធម៌ជូនពលរដ្ឋក្រីក្រប្រមាណ ៣០គ្រួសារនៅសហគមន៍ផ្លូវរថភ្លើង

  • Admin Page
  • July 27, 2022
  • Views 171

a3e8752aab0f4dd18f9a676ce2fcf6e6
65bd317f557ad3ff806bf4e59e3f94f9
ba0673c1e479b0d974c57adbbfeee89b
03cfe8c055122c0ae9b1cba4d828cc07

ភ្នំពេញ៖ តាមការគ្រោងទុក ក្រសួងផែនការ អាចនឹងផ្តល់បណ្ណសមធម៌ជូនពលរដ្ឋក្រីក្រ​ប្រមាណ៣០គ្រួសារ រស់នៅសហគមន៍ផ្លូវរថភ្លើង ក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ការគ្រោងផ្តល់បណ្ណនេះ ធ្វើឡើងបន្ទាប់ពីមន្រ្តីជំនាញនៃក្រសួង និងក្រុមប្រឹក្សាជាតិគាំពារសង្គម បានចុះពិនិត្យ និងវាយតម្លៃ ពីស្ថានភាពគ្រួសារទាំងអស់នោះ។

 

ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុម ប្រឹក្សាជាតិគាំពារសង្គម និងឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាលទទួលជាអគ្គនាយក​ផែនការនៃក្រសួងផែនការ កាលពីថ្ងៃទី​២៦ ខែកក្កដាម្សិលមិញ បានដឹកនាំក្រុមការងារចុះសង្កេត និងពិនិត្យវាយតម្លៃដំណើរការ នៃការ ផ្តល់បណ្ណសមធម៌ និងការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់​ជូន​គ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុង ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ នៅក្នុងសហគមន៍​ផ្លូវ​រថភ្លើង ​ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ។

 

ឯកឧត្ដម ថេង បញ្ញាធន ប្រតិភូរាជរដ្ឋាភិបាល ទទួលជាអគ្គនាយកផែនការ ​នៃក្រសួងផែនការ បាន​ឱ្យដឹងថា ការសង្កេត និងពិនិត្យវាយតម្លៃនៅសហគមន៍ផ្លូវរថភ្លើង ​ធ្វើឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន ទទួល​សំណើសុំបណ្ណក្រីក្រីពីសមាជិកសហគមន៍ជាបន្តបន្ទាប់បន្ថែមទៀត នៅពេលថ្មីៗនេះ។ ជាលទ្ធផលការចុះសង្កេតគឺពលរដ្ឋ២០-៣០គ្រួសារ ដែលអាចនឹងទទួលបានបណ្ណសមធម៌ ប៉ុន្តែ​ចំនួន​នេះ អាចប្រែប្រួលទៅតាមការសម្ភាសន៍ជាក់ស្តែង។

 

ក្រៅពីនេះឯកឧត្តម បានអំពាវនាវដល់ពលរដ្ឋមួយចំនួន មិនមែន ជាពលរដ្ឋក្រីក្រ កុំចង់បានបណ្ណ​សមធម៌ ​ព្រោះបណ្ណនេះ ​ផ្តល់ជូនតែពលរដ្ឋក្រីក្រពិតប្រាដកប៉ុណ្ណោះ។

 

ឯកឧត្តម ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេ ខាធិការ ក្រុម​ប្រឹក្សាជាតិគាំពារសង្គម ​បានឱ្យដឹងថា គិតចាប់ពីថ្ងៃអនុវត្តកម្មវិធីជំនួយសង្គម ​ពីខែមិថុនា ឆ្នាំ២០២០ រហូតដល់ខែកក្កដា ឆ្នាំនេះ រាជរដ្ឋាភិបាល​ ចំណាយថវិកាក្នុងទំហំទឹកប្រាក់ជាង៧៤៤ លានដុល្លារ។

 

បើតាមរបាយការណ៍ពីក្រសួងផែនការ គិតត្រឹមខែកក្កដា​ ឆ្នាំ២០២២ ​គ្រួសារក្រីក្រនៅ​ទូទាំង​ប្រទេស​កម្ពុជា មាន​បណ្ណសមធម៌ ​ចំនួន៦៨៨,៨៤១គ្រួសារ ​ដែលមានសមាជិកសរុបចំនួនជាង២,៧លាន នាក់ បាននិង​កំពុងទទួលការឧបត្ថម្ភពីកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ​ និងងាយរងគ្រោះ ក្នុងអំឡុង​ពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩៕អត្ថបទ៖ ទូច សោភ័ណ

Recently Posts