ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់​ថ្មី​ប្ដេជ្ញា​បន្ដ​ស្វែងរក​ជោគជ័យ និង​រក្សា​កិត្យានុភាព​ជូន​ជាតិ​

  • Admin Page
  • July 21, 2022
  • Views 153

​ប៉េតង់​ថ្មី៖ ឯកឧត្តម សុខ សូ​កាន រដ្ឋលេខាធិការ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់បាន​ប្ដេជ្ញា​នឹង​ខិតខំ​ឲ្យ​អស់ពី​សមត្ថភាព ដើម្បី​ដឹកនាំ​សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជាបន្ដ​ស្វែងរក​ជោគជ័យ​ថ្មីៗ និង​រក្សា​នូវ​កិត្យានុភាព​ជូន​ជាតិ​បន្ថែមទៀត បន្ទាប់ពី​ឯកឧត្តមទទួលបាន​ការគាំទ្រ​ធ្វើជា​ប្រធាន​សហព័ន្ធអាណត្តិ​ទី​៧ ឆ្នាំ​២០២១-២០២៥។

img_20220721_105252_960

​ថ្លែង​ក្រោយ​បញ្ចប់​មហាសន្និបាត​វិសាមញ្ញអាណត្តិ​ទី​៧ និង​ការបោះឆ្នោត​ប្រធាន និង​សមាជិក​គណៈកម្មាធិការ​ប្រតិបត្តិ នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាកាលពី​ល្ងាច​ថ្ងៃទី​២០ ខែកក្កដា ឯកឧត្តម សុខ សូ​កាន បាន​សម្ដែង​នូវ​សេចក្ដី​រីករាយ សម្រាប់​ការទទួល​តំណែង​ជា​ប្រធាន​សហព័ន្ធ​កីឡា​ប៉េតង់ ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ឯកឧត្តម​បាន​នឹករ​ឭ​ក​ដល់​ការកើត​សហព័ន្ធតាំងពី​បាតដៃ​ទទេ ក្រោម​ការដឹកនាំ​របស់​សម្ដេច​ក្រឡាហោម ស ខេង ជា​ប្រធានកិត្តិយស និង​សម្ដេច​វិបុល​បញ្ញា សុខ អាន ជា​ប្រធាន​សហព័ន្ធ ដែល​ថ្នាក់ដឹកនាំ​ទាំងពីរបាន​ខិតខំ និង​ជម្នះ​គ្រប់​ឧបសគ្គធ្វើ​ឲ្យ​វិស័យ​កីឡា​នេះមានការ​អភិវឌ្ឍ និង​រីកចម្រើនមកទល់​សព្វថ្ងៃ។​ ​កូនបង្កើត​របស់​សម្ដេច​វិបុល​បញ្ញា សុខ អាន ដដែល​បានគូសបញ្ជាក់ថា ដោយមាន​ការយកចិត្ត​ទុកដាក់​ពី​ថ្នាក់ដឹកនាំ​សហព័ន្ធ​មុនៗ ក៏ដូចជា​សមាជិក​គណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ​សហព័ន្ធ​បច្ចុប្បន្ន ទើប​ធ្វើ​ឲ្យ​វិស័យ​កីឡា​ប៉េតង់​កម្ពុជាទទួលបាន​ជោគជ័យ​យ៉ាង​ត្រចះត្រចង់ ទាំង​លើ​ឆាក​ជាតិ និង​អន្ដរជាតិ ជាក់ស្ដែង​ចាប់តាំងពី​ឆ្នាំ​១៩៩២ មកទល់​បច្ចុប្បន្នប៉េតង់​កម្ពុជាដណ្ដើមបាន​មេដាយ​សរុប ៣៩១គ្រឿង ដែលជា​សមិទ្ធផល​មួយ​ដ៏​អស្ចារ្យ​សម្រាប់​ជាតិ​មាតុភូមិ។

img_20220721_105259_164

តាមរយៈ​នេះក្នុងនាម​ប្រធាន​សហព័ន្ធ​ថ្មី ឯកឧត្តមរួមជាមួយ​សមាជិក​គ​ណៈ​ក​ម្មា​ធិ​ការប្រតិបត្តិ បាន​ប្ដេជ្ញានឹង​បន្ដស្វែងរក​ជោគជ័យ និង​រក្សា​នូវ​កិត្យានុភាព​ជូន​ជាតិ​បន្ថែមទៀត ពិសេស​ត្រៀម​ទទួល​រៀបចំ​ឲ្យ​ទទួលបាន​ជោគជ័យ ក្នុងនាម​ម្ចាស់ផ្ទះ នៃ​ការប្រកួត​កីឡា​ស៊ី​ហ្គេមឆ្នាំ​២០២៣ ខាងមុខ។​ ​សម្រាប់​សមាជិក​គណៈកម្មាធិកា​រ​ប្រតិបត្តិ​សហព័ន្ធអាណត្តិ​ទី​៧ ដែល​ទើប​ផ្លាស់ប្ដូរ​ក្បាលម៉ាស៊ីន​សហព័ន្ធ​ថ្មី​ពេលនេះគឺមាន​ឯកឧត្តម សុខ សូ​កាន ជា​ប្រធាន​, ឯកឧត្តម ប៊ូ ជុំ​សេរី អនុប្រធាន​ទី​១, ឯកឧត្តម អ៊ុក សិទ្ធិ​ជាតិ​, ឯកឧត្តម ស៊ុម សុជាតិ​, លោក​ឧកញ៉ា លាង ឃុន និង​លោក​ឧកញ៉ា សុខ ហុង ជា​អនុប្រធាន។ ឯកឧត្តម សុខ សប្បាយ​ណា ជា​អគ្គលេខាធិការ ខណៈ​កញ្ញា គីម ម៉ា​រី​យ៉ាន ត្រូវបាន​បោះឆ្នោត​ជា​អគ្គ​ហេរញ្ញិកជំនួស​ឯកឧត្តម ណុប ដា​រ៉ា។ ឯកឧត្តម ព្រំ ប៊ុណ្ណ​យី និង​កញ្ញា គីន សំណាង ជា​អគ្គលេខាធិការរងរួមជាមួយ​សមាជិក ៤​រូប និង​ទីប្រឹក្សា​សហព័ន្ធ ២​រូប​ទៀតគឺមាន​លោក អ៊ិន គឹម​ស្រ៊ុន និង​លោកស្រី កែ ឡេង៕

 

​អត្ថបទ៖ លី ឈុន​ឡា

Recently Posts