អគ្គនាយកដ្ឋាន ក.ប.ប ចាត់មន្ដ្រីចុះត្រួតពិនិត្យលើផលិតផលមីកញ្ចប់វៀតណាម ក្រោយសហភាពអឺរ៉ុប បានរកឃើញមីកញ្ចប់ នាំចូលពីវៀតណាមមួយចំនួន មានសារធាតុអេទីឡែនអុកស៊ីត

  • Admin Page
  • July 26, 2022
  • Views 151

62dfb5e8b1978
62dfb5e8b987f

ភ្នំពេញ៖ អគ្គនាយកដ្ឋាន ក.ប.ប បញ្ជាក់ថា នឹងចាត់មន្ដ្រីចុះត្រួតពិនិត្យលើផលិតផលមីកញ្ចប់វៀតណាម ក្រោយសហភាពអឺរ៉ុប បានរកឃើញផលិតផលមីកញ្ចប់ នាំចូលពីប្រទេសវៀតណាមមួយចំនួន មានសារធាតុអេទីឡែនអុកស៊ីត។

 

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋាន ការពារអ្នកប្រើប្រាស់ កិច្ចការប្រកួត ប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) បានថ្លែងបញ្ជាក់ប្រាប់សារព័ត៌មានថា ក្នុងករណីរកឃើញ មីកញ្ចប់ប្រភេទនោះ កំពុងចរាចរណ៍លើទីផ្សារនៅក្នុងប្រទេសកម្ពុជា អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់វិធានប្រមូលយកទាំងអស់។

 

លោក ផាន អូន បញ្ជាក់ថា សារធាតុអេទីឡែនអុកស៊ីត (ethylene oxide) ជាសារធាតុហាមឃាត់លើសកម្រិត មន្ត្រីជំនាញកម្ពុជា នឹងធ្វើការពិនិត្យលើផលិតផលមីកញ្ចប់វៀតណាមប្រភេទនោះ។

 

លោក ផាន អូន បានឲ្យដឹងថា តាមការស្រាវជ្រាវរបស់អគ្គនាយកដ្ឋាន ក.ប.ប បានបញ្ជាក់ថា ការនាំចូលមីកញ្ចប់ មានរយៈពេលយូរមកហើយ ដូច្នេះដើម្បីជាវិធានការបង្ការ អគ្គនាយកដ្ឋាន ក.ប.ប នឹងចាត់មន្ដ្រីចុះត្រួតពិនិត្យ ថាតើមីកញ្ចប់ប្រភេទនោះ មានការធ្វើចរាចរណ៍ នៅក្នុងប្រទេសកម្ពុជាដែរ ឬទេ។

 

 

លោក ផាន អូន បានបន្ថែមថា អគ្គនាយកដ្ឋាន ក.ប.ប នឹងសហការជាមួយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ដើម្បីដាក់ជាទំនិញមីកញ្ចប់ប្រភេទនោះ ជាទំនិញមានហានិភ័យ ដោយត្រូវមានការបញ្ជាក់វិញ្ញាបនបត្រ ដែលបញ្ជាក់ថា គ្មានសារធាតុអេទីឡែនអុកស៊ីត។

 

សូមបញ្ជាក់ថា ប្រទេសអាឡឺម៉ង់ បានចេញការព្រមានអំពីផលិតផលមីកញ្ចប់វៀតណាម ដែលមានរសជាតិសាច់មាន់ ផលិតដោយក្រុមហ៊ុន Asiafoods Corporation ដោយសារមានផ្ទុកកម្រិតអេទីឡែនអុកស៊ីតខ្ពស់ ជាងស្តង់ដារសហភាពអឺរ៉ុប៕

Recently Posts