រដ្ឋមន្ត្រីកសិកម្មកម្ពុជា រំពឹងថា ក្រុមហ៊ុនរបស់ជប៉ុនមួយ នឹងវិនិយោគបង្កើតរោងចក្រវិភាគរំលាយសារធាតុពុលក្នុងទឹក ដើម្បីកាត់បន្ថយការប្រើជី និងថ្នាំកសិកម្ម

  • Admin Page
  • July 27, 2022
  • Views 137

62e0c9ad3b293
62e0c9c1256a4
62e0c9c12e591
62e0c9c13efc4
62e0c9c148c9b
62e0c9c153c5f
62e0c9c15d3f9

ភ្នំពេញ៖ រដ្ឋមន្ត្រីកសិកម្មកម្ពុជា លោក វេង សាខុន រំពឹងថា ក្រុមហ៊ុនរបស់ជប៉ុន Club Eco Water នឹងវិនិយោគបង្កើតរោងចក្រវិភាគរំលាយសារធាតុពុលក្នុងទឹកនៅកម្ពុជា ដើម្បីកាត់បន្ថយការប្រើជី និងថ្នាំកសិកម្ម។

 

ក្តីរំពឹងនេះ បានបង្ហាញឱ្យដឹងក្នុងជំនួបរវាងលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាមួយលោក Satoshi SHIMADA នាយកប្រតិបត្តិក្រុមហ៊ុន Club Eco Water ដោយបានពិភាក្សាការងារមួយចំនួន ដែលក្រុមហ៊ុនបាន និងកំពុងអនុវត្តក្នុងវិស័យកសិកម្មកម្ពុជា។

 

បើតាមលោក SHIMADA ឱ្យដឹងថា ក្រុមហ៊ុន Club Eco Water គឺជាក្រុមហ៊ុនតែមួយលើពិភពលោកដែលមានបច្ចេកវិទ្យាវិភាគ និងរំលាយសារធាតុក្នុងទឹក (water solubilization ionize) និងសមាសធាតុរ៉ែផ្សេងៗ រួមទាំងធាតុដែលមានក្នុងរ៉ែ ហើយបម្លែងសារធាតុរ៉ែទាំងនោះទៅជាសារធាតុអ៊ីយ៉ុង និងសារធាតុបំប៉នផ្សេងៗទៀត ដើម្បីជួយដល់ការលូតលាស់ដល់ដំណាំបន្លែ ផ្លែឈើដោយកាត់បន្ថយការប្រើប្រាស់ជី និងថ្នាំកសិកម្ម។

 

បច្ចុប្បន្ន ក្រុមហ៊ុន បានចាប់ដៃគូជាមួយវិស័យឯកជននៅកម្ពុជា ធ្វើការសិក្សាស្រាវជ្រាវ និងពិសោធន៍ ធ្វើយ៉ាងណាឱ្យផលិតផលនេះមានភាពសមស្រប បន្សាំ និងសុវត្ថិភាពសម្រាប់ប្រើប្រាស់ស្របតាមក្សេត្របរិស្ថានកម្ពុជា។ ជារួម ការពិសោធនេះបានអនុវត្តបានជាង ៦ខែមកហើយ លើមុខដំណាំខ្ញី និងដំឡូងជ្វាផ្អែម ដោយក្នុង១លីត្រ អាចលាយជាមួយទឹកពី ៨ ០០០ ទៅ ១០ ០០០លីត្រ ដើម្បីយកទៅស្រោចស្រព និងបាញ់ទៅលើស្លឹក និងដើម។ ចំពោះដំណាំខ្ញី លទ្ធផលដែលទទួលបានឃើញថា គ្មានពួកដង្កូវស៊ីខ្ញី មានគុណភាពល្អ និងទិន្នផលខ្ពស់ផងដែរ។ លើសពីនេះទៀត ផលខ្ញីដែលទទួលបាននោះ គឺបានបញ្ជូនទៅប្រទេសជប៉ុនដើម្បីធ្វើការវិភាគ និងពិសោធ រងចាំលទ្ធផល។

 

ផលិតផលនេះ លោក SHIMADA បន្ថែមថា ក៏អាចប្រើប្រាស់ក្នុងអនុវិស័យផលិតកម្មសត្វផងដែរ សរុបមកគឺពិតជាមានសារៈសំខាន់ និងប្រសិទ្ធភាពខ្ពស់ក្នុងរក្សាបរិស្ថានទឹក និងសុវត្ថិភាពចំណីអាហារ តាមរយៈការកាត់បន្ថយសំណល់ថ្នាំកសិកម្ម និងជាតិពុលផ្សេងៗនៅក្នុងបន្លែ ផ្លែឈើផងដែរ។ អ្វីដែលលោកសង្ឃឹមនោះគឺ នឹងអាចពង្រីកវិសាលភាពនៃបច្ចេកវិទ្យានេះ ឱ្យកាន់តែទូលំទូលាយនៅទូទាំងប្រទេស ដើម្បីប្រជាជន និងជាពិសេសកុមារដែលជាអនាគតនៃកម្ពុជា អាចបរិភោគបន្លែ ផ្លែឈើដែលមានសុវត្ថិភាព។

 

ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងស្រាវជ្រាវរបស់លោក និងសហការី ជាពិសេសស្របពេលដែលសកលលោកកំពុងជួយប្រទះវិបត្តិនៃការឡើងថ្លៃនៃតម្លៃជី និងថ្នាំកសិកម្ម។

 

លោករដ្ឋមន្ត្រី បានលើកឡើងថា បច្ចុប្បន្ននេះ អាចសន្និដ្ឋានបានថា ផលិតផលនេះគឺល្អ និងមិនប៉ះពាល់ដល់ទាំងអ្នកប្រើប្រាស់ និងអ្នកបរិភោគ។ តែមុននឹងអាចធ្វើការផ្សព្វផ្សាយ និងចែកចាយផលិតផលនេះទៅដល់ប្រជាកសិករ ត្រូវសហការជាមួយអគ្គនាយកដ្ឋានកសិកម្ម និងអគ្គនាយកសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីយកផលិតផលនេះមកសិក្សាស្រាវជ្រាវ វិភាគ និងពិសោធនៅតាមស្ថានីយកសិកម្មនានាតាមបណ្តាលរាជធានី-ខេត្ត ទៅលើមុខដំណាំដូចជាស្រូវ ដំឡូវមី ពោត ដំណាំសាកវប្បកម្ម និងសត្វឱ្យបានពី ៦ខែ ទៅ ១ឆ្នាំសិន៕

Recently Posts