រដ្ឋមន្ត្រីក្រសួងសាធារណការអំពាវនាវឲ្យម្ចាស់រថយន្តទាំងអស់មិនថាខ្មែរ និងបរទេស ត្រូវគោរពច្បាប់ ដោយមិនត្រូវដឹកលើសទម្ងន់បំផ្លាញផ្លូវកម្ពុជានោះឡើយ

  • Admin Page
  • July 22, 2022
  • Views 170

62da724a642f6
62da724a6f8d1
62da724a59d43
62da7237d0e6a

ព្រះសីហនុ៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវឲ្យម្ចាស់រថយន្តដែលប្រើប្រាស់ផ្លូវនៅកម្ពុជាទាំងអស់ ទាំងរថយន្តជនបរទេស និងជនជាតិខ្មែរ ត្រូវតែគោរពច្បាប់កម្ពុជា ដោយមិនត្រូវដឹកលើសទម្ងន់បំផ្លាញផ្លូវនៅកម្ពុជានោះឡើយ។

 

ជាមួយគ្នានេះរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ក៏បានព្រមានបង្ក្រាបចាប់ឃាត់ទុកដោយគ្មានការលើកលែងនោះឡើយ។

 

ការព្រមានយ៉ាងដូច្នេះរបស់លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារ ណការ និងដឹកជញ្ជូន បន្ទាប់ពីក្រុមមន្ត្រីជញ្ជីងថ្លឹងរថយន្តចល័តរបស់ក្រសួងកាលពីពេលថ្មីៗនេះ បានចាប់ឃាត់រថយន្តដឹកលើសទម្ងន់របស់ឈ្មួញថៃដែលចូលទិញពោតនៅកម្ពុជា ចំនួនពីរគ្រឿង ដោយមួយគ្រឿងផ្ទុកទំនិញដល់ទៅ ៦២តោន និងមួយគ្រឿងទៀតផ្ទុកទំនិញ ៨០តោន។ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះក្រោយពីធ្វើការឃាត់រថយន្តល្មើសច្បាប់នោះ បែរជាមានឈ្មួញខ្មែរមួយចំនួនញុះញង់ឲ្យមានការតវ៉ាប្រឆាំងនឹងការអនុវត្តច្បាប់របស់មន្ត្រីជំនាញទៅវិញ។

 

ប្រាប់ក្រុមអ្នកសារព័ត៌មានក្នុងអំឡុងពេលចុះពិនិត្យវឌ្ឍនភាព សាងសង់ផ្លូវលេខ ១៤៦B ស្ថិតក្នុងខេត្តព្រះសីហនុ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា ការចាប់ឃាត់រថយន្តដឹកពោតចំនួនពីរគ្រឿងដែលល្មើសដឹកលើសទម្ងន់នេះ គឺគ្រាន់តែឃាត់ទុករយៈពេលមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែប្រសិនបើនៅប្រទេសថៃវិញការដឹកល្មើសច្បាប់បែបនេះនឹងអាចជាប់ព័ន្ធនាគារថែមទៀតផង។

 

ជាមួយគ្នានេះលោកទេសរដ្ឋមន្ត្រី បានអំពាវនាវឲ្យគ្រប់រថយន្តទាំងអស់ដែលប្រើប្រាស់ផ្លូវកម្ពុជា ទាំងឡានបរទេស និងឡានកម្ពុជា ត្រូវតែគោរពច្បាប់របស់ប្រទេសកម្ពុជា ដោយមិនត្រូវមកបំផ្លាញផ្លូវរបស់កម្ពុជានោះទេ។

 

លោកបានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រូវការថវិកាច្រើនណាស់ដើម្បីយកមកកសាងប្រព័ន្ធផ្លូវថ្នល់ឲ្យស្អាតល្អដើម្បីបម្រើដល់សាធារណជន ផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋសម្រាប់ធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ប៉ុន្តែបើយើងមិនគោរពច្បាប់ បែរជាមកបំផ្លាញផ្លូវយើងនេះ វានឹងធ្វើឲ្យយើងខាតបង់អ្វីដែលយើងខិតខំធ្វើ រួមទាំងទឹកប្រាក់យ៉ាងច្រើនផងដែរ។

 

បើតាមលោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានពន្យល់ថា ការដឹកទំនិញលើសទម្ងន់នេះ គឺបង្កផលប៉ះពាល់ធ្ងន់ធ្ងរណាស់ដល់គុណផ្លូវ ដែលធ្វើឲ្យផ្លូវថ្នល់ឆាប់ខូចមុនពេលកំណត់។ ក្នុងន័យនេះឯកឧត្តមលើកឡើងថា ប្រសិនបើរថយន្តមួយគ្រឿងដឹកលើសទម្ងន់ ១០តោន គឺស្មើនឹងរថយន្ត ១ម៉ឺនគ្រឿងរត់លើផ្លូវ។ តែបើរថយន្ត១គ្រឿងដឹកលើសទម្ងន់ ៣០តោន គឺស្មើនឹងរថយន្ត ៨១ម៉ឺនគ្រឿង រត់លើផ្លូវ៕

Recently Posts