អាស៊ានធ្វើការងារដើម្បីលើកកម្ពស់សិទ្ធិមនុស្ស

  • Admin Page
  • August 03, 2022
  • Views 126

AKP ភ្នំពេញថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២២ -

 

គណៈប្រតិភូវៀតណាមដឹកនាំដោយរដ្ឋមន្ត្រីការបរទេស លោក ប៊ុយ ថាញ់សុន បានចូលរួមកិច្ចសន្ទនារវាងរដ្ឋមន្រ្តីការបរទេសអាស៊ាន និងអ្នកតំណាងគណៈកម្មការអន្តររដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) នៅប្រទេសកម្ពុជាកាលពីថ្ងៃទី២ សីហា។

 

កិច្ចសន្ទនានេះធ្វើឡើងក្នុងក្របខ័ណ្ឌនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៥ (AMM-55)។

 

អ្នកតំណាង AICHR បានលើកឡើងអំពីសារៈសំខាន់នៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ានក្នុងឱកាសគម្រប់ខួប ១០ឆ្នាំនៃការចេញផ្សាយរបស់ខ្លួន រួមជាមួយនឹងកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមប្រទេសដែលមានសមាជិកទាំង១០ នេះ ក្នុងការអនុវត្តការប្តេជ្ញាចិត្ត និងការពារសេរីភាពជាមូលដ្ឋាន រួមចំណែកក្នុងការនាំមកនូវជីវិតកាន់តែប្រសើរឡើងដល់ប្រជាជន សូម្បីតែពេលមានជំងឺរាតត្បាតកូវីដ-១៩ ក៏ដោយ។

 

ប៉ុន្មានឆ្នាំមកនេះ គណៈកម្មការនេះបានដាក់ចេញនូវសកម្មភាពផ្សេងៗនៅក្នុងបញ្ហានេះ រួមទាំងកិច្ចសន្ទនា កិច្ចពិគ្រោះយោបល់ និងសិក្ខាសាលានានា។

 

រដ្ឋមន្ត្រីអាស៊ានបានអះអាងសារជាថ្មីអំពីសារៈសំខាន់ និងគុណតម្លៃនៃសេចក្តីប្រកាសសិទ្ធិមនុស្សអាស៊ាន ក្នុងការការពារ និងលើកកម្ពស់សិទ្ធិមនុស្សក្នុងតំបន់ ព្រមទាំងរួមចំណែកដល់ការកសាងសហគមន៍អាស៊ានផងដែរ។

 

ពួកគេបានលើកទឹកចិត្តឱ្យគណៈកម្មការបន្តកិច្ចសន្ទនា និងការធ្វើសមាហរណកម្មសិទ្ធិមនុស្សទៅក្នុងសសរស្តម្ភរបស់សហគមន៍ ជាពិសេសផ្តោតការយកចិត្តទុកដាក់ទៅលើក្រុមងាយរងគ្រោះ ដូចជាស្ត្រី កុមារ ជនពិការ និងពលករចំណាកស្រុក។

 

លោក សុន បាននិយាយអំពីកិច្ចខិតខំប្រឹងប្រែងរបស់ AICHR ក្នុងការជម្នះការលំបាក និងរក្សាប្រតិបត្តិការរបស់ខ្លួន។

 

លោកក៏បានសង្កត់ធ្ងន់ទៅលើសារៈសំខាន់នៃការរក្សាសាមគ្គីភាព និងការប្រតិបត្តិតាមគោលការណ៍ជាមូលដ្ឋានរបស់អាស៊ានក្នុងការអនុវត្តសកម្មភាពរបស់ AICHR ផងដែរ។

 

AICHR ត្រូវបានបង្កើតដោយបណ្តាមេដឹកនាំអាស៊ានកាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០០៩ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី១៥ នៅស្រុកចា-អាំ ខេត្តហួហ៊ីន ប្រទេសថៃ។ AICHR ត្រូវបានបង្កើតឡើងដើម្បីជាផ្នែកសំខាន់មួយនៃរចនាសម្ព័ន្ធអង្គការរបស់អាស៊ាន និងជាស្ថាប័នត្រួតត្រាមួយដែលមានទំនួលខុសត្រូវក្នុងការលើកកម្ពស់ និងការពារសិទ្ធិមនុស្សក្នុងតំបន់អាស៊ាន។

photo_2022-08-03_06-42-54

អាស៊ានមានប្រទេសជាសមាជិកចំនួន ១០ប្រទេស ដែលរួមមានប្រទេសប្រ៊ុយណេ កម្ពុជា ឥណ្ឌូណេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន សិង្ហបុរី ថៃ និងវៀតណាម៕(ប្រភព VNA បកប្រែដោយលោក យា ចិន្តាខន្តី) សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts