សម្តេចតេជោ ហ៊ុន សែន៖ រាជរដ្ឋាភិបាល គ្រោងបង្កើនការផ្តល់ឧបត្ថម្ភសាច់ប្រាក់ដល់ពលរដ្ឋក្រីក្រ និងងាយរងគ្រោះប្រមាណ ២ម៉ឺន ទៅ ៥ម៉ឺនគ្រួសារបន្ថែមទៀត

  • Admin Page
  • October 04, 2022
  • Views 204

cebe138df78a14c1948604a93d4c71e2

ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានមានប្រសសន៍ថា រាជរដ្ឋាភិបាលគ្រោងនឹងពង្រីកការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រ និងងាយរងគ្រោះដោយ សារជំងឺកូវីដ១៩ និងការហក់ឡើងនៃអត្រាអតិផរណាប្រមាណពី ២ម៉ឺនទៅ ៥ម៉ឺនគ្រួសារបន្ថែមទៀត។

 

ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បែបនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីភាពប្រគល់សញ្ញាបត្រជូនដល់និស្សិតវិទ្យាស្ថាន វ៉ាន់ដា កាលពីម្សិលមិញនេះ។

 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា សម្តេចនឹងណែនាំទៅរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឲ្យរកវិធីបង្កើនការផ្តល់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រដែលរងផលប៉ះពាល់ពីជំងឺកូវីដ១៩ និងអតិផរណាចពី ២ម៉ឺន ទៅ ៥ម៉ឺននាក់បន្ថែមទៀត បើទោះបីជាបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានចំណាយថវិកាប្រមាណ ៤០លានដុល្លាសម្រាប់ជួយពលរដ្ឋងាយរងគ្រោះជារៀងរាល់ខែក៏ដោយ។

 

ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រតិកម្មទៅនឹងក្រុមប្រឆាំងមួយចំនួនដែលតែងតែរិះគន់ថា រដ្ឋាភិបាលគ្មានលុយផងដែរថា ទោះអ្នកណាថា រដ្ឋាភិបាលអត់លុយក៏ថាទៅ ប៉ុន្តែអ្វីសំខាន់គឺប្រពលរដ្ឋបានទទួលប្រាក់ឧបត្ថម្ភពិតប្រាកដតាមរយៈការបើកប្រាក់ពីធនាគារ។

 

បន្ថែមលើនេះ សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ផងដែរថា រាជរដ្ឋាភិបាល ក៏នៅតែបន្តអនុវត្តកម្មវិធីផ្តល់សាច់ប្រាក់ឧបត្ថម្ភដល់ប្រជាពលរដ្ឋក្រីក្រសម្រាប់ស្ត្រីមានផ្ទៃពោះ និងកុមារអាយុក្រោមពីរឆ្នាំផងដែរ។

 

សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងទៀតថា គិតចាប់ពីការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ ចាប់ខែមិថុនា ឆ្នាំ២០២០ មកដល់ខែកញ្ញា ឆ្នាំ២០២២ មានចំនួន ១០ជុំរួចមកហើយ ដោយរាជរដ្ឋាភិបាលបានចំណាយទឹកប្រាក់ជាង ៨០០លានដុល្លារ។

 

សូមជម្រាបថា កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ-១៩ ធ្វើឡើងក្នុងគោលបំណងផ្តល់ការគាំទ្រ និងសម្រួលជីវភាពគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ ប្រមាណជាង ៦៨ម៉ឺនគ្រួសារ មានសមាជិកប្រ មាណជិត ៣លាននាក់។

 

បើតាមលោកស្រី Jyotsana Varma នាយកធនាគារ ADB ប្រចាំនៅកម្ពុជា បានលើកឡើងកាលពីពេលថ្មីៗនេះថា ការអន្តរាគមន៍សេដ្ឋកិច្ច-សង្គមរបស់រដ្ឋាភិបាលកម្ពុជា ដូចជាកម្មវិធីផ្តល់សាច់ប្រាក់សម្រាប់គ្រួសារក្រីក្រ និងងាយរងគ្រោះ មានប្រសិទ្ធភាពក្នុងការកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងតម្លៃទំនិញលើពិភពលោកលើជនក្រីក្រ។

 

ការរផ្តល់បណ្ណសមធម៌ និងការអនុវត្តសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះ ក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ គឺធ្វើឡើងដោយមិនរើសអើងនិន្នាការនយោបាយឡើយ គឺផ្តល់ទៅគ្រប់គ្រួសារទាំងអស់ ដែលត្រូវបានវាយតម្លៃថា ស្ថិតក្នុងភាពក្រីក្រពិតប្រាកដ៕

 

 

Recently Posts