រដ្ឋមន្ត្រីក្រសួងកសិកម្ម លើកឡើងថា ជប៉ុន បានជួយអភិវឌ្ឍវិស័យកសិកម្មកម្ពុជា ធានាបានសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាពនៅកម្ពុជា

  • Admin Page
  • July 20, 2022
  • Views 160

62d77ae82600b

ភ្នំពេញ៖ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានប្រសាសន៍ថា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន បានជួយគាំទ្រ និងផ្តល់កិច្ចសហប្រតិបត្តិការក្នុងការអភិវឌ្ឍវិស័យកសិកម្ម បណ្តុះបណ្តាលធនធានមនុស្សលើវិស័យកសិកម្ម និងអនុញ្ញាតឲ្យផលិតផលគ្រាប់ស្វាយចន្ទីនាំចូលទីផ្សារជប៉ុន។ កិច្ចសហប្រតិបត្តិការរវាងក្រសួងទាំងពីរ បាននឹងកំពុងចូលរួមចំណែកយ៉ាងសំខាន់ក្នុងការអភិវឌ្ឍវិស័យកសិកម្មកម្ពុជាឲ្យមានការរីកចម្រើន ធានាសន្តិសុខស្បៀង បង្កើនប្រាក់ចំណូល និងបង្កើនបរិមាណផលិតប្រកបដោយនិរន្តរភាព ធានាគុណភាព សុវត្ថិភាព តាមរយ:ការអនុវត្តបច្ចេកវិទ្យាថ្មីៗ សមស្រប ទំនើបទាន់សម័យរបស់ជប៉ុន។

លោក វេង សាខុន មានប្រសាសន៍បែបនេះ ក្នុងជំជួបពិភាក្សាការងារជាមួយគណ:ប្រតិភូ ដែលអញ្ជើញមកពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដឹកនាំដោយលោក MIYAZAKI Masao អនុរដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទនៃប្រទេសជប៉ុន។

លោក MIYAZAKI Masao បានថ្លែងថា អនុស្សាវរីយជាង ២០ឆ្នាំ ក្នុងនាមលោក ជាទីប្រឹក្សាបច្ចេកទេសនៅក្រសួងធនធានទឹក និងឧតុនិយម លោកមិនអាចបំភ្លេចបានទេ។ ជាងនេះទៅទៀត នៅ២០ឆ្នាំក្រោយ កម្ពុជាទទួលបានការរីកចម្រើនខ្លាំងគួរឲ្យកត់សម្កាល់ ដោយសារការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា រួមជាមួយលោករដ្ឋមន្រ្តី និងសហការីផងដែរ ជាពិសេសរូបលោកផ្ទាល់ ដែលបានមកបម្រើការនៅកម្ពុជា។

លោក MIYAZAKI Masao បានថ្លែងអំណរគុណជាអនេកជូនចំពោះសម្តេចតេជោ ប្រជាជនកម្ពុជា ព្រមទាំងលោករដ្ឋមន្រ្តីផងដែរ ដែលបានសម្តែងនូវមនោសញ្ចេតនាអាឡោះអាល័យ សោកស្តាយ និងចែករំលែកនូវសមានទុក្ខដ៏ក្រៀមក្រំបំផុតចំពោះការបាត់បង់អតីតនាយករដ្ឋមន្រ្តី Shinzo Abe កាលពីពេលថ្មីៗនេះ។

ក្នុងជំនួបនេះ លោក MIYAZAKI Masao បានបញ្ជាក់ថា គឺចង់ពិភាក្សាលើចំណុច ៥សំខាន់ ទី១- ពិនិត្យលើការអនុវត្តសេចក្តីសម្រេចក្នុងកិច្ចប្រជុំអាស៊ាន បូក៣ កាលពីខែតុលា ឆ្នាំ២០២១ ស្តីពី ការបង្កើតប្រព័ន្ធស្បៀងអាហារប្រកបដោយនិរន្តរភាពនៅអាស៊ាន ក្នុងនោះក៏មានកិច្ចសហការលើការស្រាវជ្រាវរួមគ្នា ការអនុវត្តបច្ចេកវិទ្យាកសិកម្មឆ្លាតវៃ (smart agriculture) ក្នុងនាមភាពជាដៃគូ។ ទី២- ស្ថាប័នស្រាវជ្រាវជប៉ុនកំពុងសហការ ជាមួយសាកលវិទ្យាល័យភូមិន្ទកសិកម្ម ធ្វើការស្រាវជ្រាវអំពីវិធីសាស្រ្តគ្រប់គ្រងទឹកក្នុងស្រែ និងការកាត់បន្ថយការបំភាយផ្ទះកញ្ចក់។ ទី៣- កានាំចេញគ្រាប់ស្វាយចន្ទីកម្ពុជាទៅកាន់ទីផ្សារជប៉ុន ទី៤- ការគាំទ្ររបស់ជប៉ុនក្នុងការស្តារព្រៃឈើឡើងវិញ និងទី៥-ស្នើសុំឲ្យភាគីកម្ពុជាជួយគាំទ្រផលិតផលកសិកម្មជប៉ុនដែលបាននាំចូលមកកម្ពុជា។ ក្រៅពីនេះ លោក MIYAZAKI Masao ក៏បានជម្រាបលោករដ្ឋមន្រ្តីផងដែរថា ភាគីជប៉ុនមានបំណងចង់ផ្តល់កិច្ចសហការលើការកសាងខ្សែច្រវាក់តម្លៃផលិតកម្ម និងបន្តខិតខំប្រឹងប្រែងកសាងខ្សែច្រវាក់ផលិតកម្មគ្រាប់ស្វាយចន្ទី តាមរយ:អង្គការ JICA ឲ្យកាន់តែរីកចម្រើនថែមទៀតនាពេលអនាគត និងជួយលើការងារដាំឈើ។

ទន្ទឹមនឹងនោះ លោក រដ្ឋមន្រ្តីបានជម្រាបជូនពី សក្តានុពលនៃវិស័យកសិកម្ម ដំណាំសំខាន់ៗដែលមានអាទិភាពសម្រាប់នាំចេញ និងអធិរេកស្បៀង ដោយកម្ពុជាសល់ស្រូវ ជាង ៦លានតោន។ អ្វីដែលសំខាន់នោះ គឺកម្ពុជាត្រូវការការកសាងខ្សែច្រវាក់តម្លៃបន្ថែម ហេដ្ឋរចនាសម្ព័ន្ធគាំទ្រ ការពង្រឹងលើការផលិត កែច្នៃវត្ថុធាតុដើម និងការលើកកម្ពស់សមត្ថភាពផលិត គុណភាព ពិសេសការកែច្នៃគ្រាប់ស្វាយចន្ទី គឺជាអាទិភាពខ្ពស់ដែលក្រសួងបាននិងកំពុងសហ ការជាមួយដៃគួអភិវឌ្ឍ និងវិស័យឯកជន ពិសេសអង្គការ JICA ធ្វើយ៉ាងណាបង្កើនសមត្ថភាពកែច្នៃ ឆ្លើយតបតាមស្តង់ដាទីផ្សារជប៉ុនផងដែរ ៕

អត្ថបទ គង់ វណ្ណៈ

62d77afa939c6
62d77afa80984
62d77afa9c29c
62d77afa6c96a
62d77afa7766d
Recently Posts