សម្តេចតេជោ ហ៊ុន សែន៖ អាស៊ានត្រូវបញ្ចៀសឱ្យបាន នូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់

  • Admin Page
  • September 12, 2022
  • Views 129

631e94bfd7f72
631e94bfce241
631e94bfc315e
631e94bfba2f2
631e94bfb12c9
631e94bfa7f0f
631e94bf9e7a6

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច មិនអាចសម្រេចបានឡើយ ដរាបណាមិនមានស្ថិរភាព និងសុខសន្តិភាពពេញលេញ។ អាស៊ាន ត្រូវបញ្ចៀសឱ្យបាននូវភ្លើងសង្គ្រាមដែលគ្មានអ្នកឈ្នះ និងអ្នកចាញ់ ប៉ុន្តែមានតែការវិនាសហិនហោច និងការបាត់បង់អាយុជីវិតរបស់ប្រជាជន។

 

 

នេះជាការថ្លែងរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកញ្ញា ឆ្នាំ២០២២នេះ ក្នុងឱកាសអញ្ជើញជាអធិបតីក្នុងពិធីបើកវេទិកាភាពជាអ្នកដឹកនាំ និងភាពជាដៃគូអាស៊ានឆ្នាំ២០២២។

 

 

សម្តេចតេជោ ហ៊ុន សែន បានបន្តថា កម្ពុជា ដែលជាប្រទេសធ្លាប់បានឆ្លងកាត់ប្រវត្តិជូរចត់ជាច្រើន ដោយសារភ្លើងសង្គ្រាម សូមក្រើនរំលឹកយ៉ាងទទូចថា ការដោះស្រាយជម្លោះដោយសន្តិវិធីប្រកបដោយស្មារតីយោគយល់គ្នាទៅវិញទៅមក និងការកំណត់សុខមាលភាពប្រជាជនជាអាទិភាពចម្បងបំផុត គឺជានយោបាយឈ្នះ-ឈ្នះ នាំទៅរកសុខសន្តិភាព និងវិបុលភាពយ៉ាងពិតប្រាកដ។

 

 

ក្នុងឱកាស នៃការផ្តល់សារគន្លឹះដល់វេទិការ សម្តេចតេជោ ហ៊ុន សែន បានថ្លែងដែរថា ក្នុងបរិការណ៍ដែលការប្រកួតប្រជែងផ្នែកភូមិសាស្ត្រនយោបាយ កំពុងតែមានភាពក្ដៅគគុក អាស៊ាន ត្រូវធ្វើខ្លួនជាតំបន់គំរូ និងត្រូវរួមគ្នាធានាឱ្យបាននូវ

សុខសន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ តាមរយៈការពង្រឹងឯកភាព និងមជ្ឈភាពអាស៊ាន និងការប្រកាន់ខ្ជាប់ជានិច្ចនូវភាពជាដៃគូ និងយន្តការពហុភាគីនិយមក្នុងការដោះស្រាយបញ្ហាប្រឈមនានា។ បន្ថែមលើនេះ អាស៊ាន ក៏ត្រូវប្រកាន់ខ្ជាប់នូវភាពជាកណ្តាល និងដើរតួនាទីជាវេទិការួមមួយសម្រាប់ការសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងការពង្រឹងនិម្មាបនកម្មតំបន់ដែលមានលក្ខណៈបើកចំហ តម្លាភាព បរិយាបន្ន និងយកច្បាប់ជាគោល។

 

 

សម្តេចតេជោ ហ៊ុន សែន ក៏បានបញ្ជាក់ថា អាស៊ាន ត្រូវយកចិត្តដាក់ជាពិសេសលើការលើកកម្ពស់សន្តិសុខសេដ្ឋកិច្ចសំដៅបំពេញរាល់តម្រូវការចាំបាច់របស់ប្រជាជន និងធានាការទទួលបាននូវផលប្រយោជន៍ប្រកបដោយបរិយាបន្ន និងសមធម៌ ពីកំណើនសេដ្ឋកិច្ចក្នុងប្រទេស និងក្នុងតំបន់ តាមរយៈ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ ការពង្រឹងសហគ្រិនភាព និងផ្តល់ការគាំទ្រដល់សហគ្រាសធុន តូច និង មធ្យម ការពង្រឹងវិស័យអប់រំ សុខាភិបាល និងកិច្ចគាំពារសង្គម ការកាត់បន្ថយគម្លាត នៃការអភិវឌ្ឍ ការបង្កើតការងារ និងកាត់បន្ថយវិសមភាពប្រាក់ចំណូល និងការ

ធានាសន្តិសុខស្បៀង។

 

 

ក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ សម្តេចតេជោ ថ្លែងថា អាស៊ាន ត្រូវសម្លឹងឆ្ពោះទៅមុខ និងរួមគ្នាទាញយកផលប្រយោជន៍ឱ្យបានជាអតិបរមាពីសក្តានុពល និងកាលានុវត្តភាព ដែលកើតចេញពីនិន្នាការសកល ដូចជា សេដ្ឋកិច្ចវិលជុំ សេដ្ឋកិច្ចបៃតង និងជាពិសេស ការធ្វើឌីជីថលដែលនឹងក្លាយជាកម្លាំងចលករគន្លឹះ ក្នុងការលើកកម្ពស់ការតភ្ជាប់គ្រប់វិស័យទាំងផ្នែកសង្គម-សេដ្ឋកិច្ច ការវិនិយោគ ពាណិជ្ជកម្ម និងនយោបាយ ក៏ដូចជាការរួមគ្នាឆ្លើយតបទៅនឹងបញ្ហាប្រឈមនានា៕

 

អត្ថបទលោក ហ៊ន សុភ័ក្រ

Recently Posts