អ្នកនាំពាក្យក្រសួងមហាផ្ទៃ​ អះអាងថា​ ក្រសួងមិនបានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ចុះណែនាំ ឬធ្វើកិច្ចសន្យាចំពោះម្ចាស់តារាងបាល់ទះ និងពលរដ្ឋចិញ្ចឹមមាន់ជល់នៅផ្ទះទេ

  • Admin Page
  • October 07, 2022
  • Views 369

633fe7f322d14

ភ្នំពេញ៖​ អ្នកនាំពាក្យក្រសួងមហាផ្ទៃ​​ លោក​ ខៀវ សុភ័ក​ បានឱ្យដឹងថា ក្រសួងមហាផ្ទៃ​ មិនបានបញ្ជាឲ្យអាជ្ញាធរមូលដ្ឋាន ចុះណែនាំ ឬធ្វើកិច្ចសន្យាចំពោះម្ចាស់តារាងបាល់ទះ និង ពលរដ្ឋចិញ្ចឹមមាន់ជល់នៅផ្ទះនោះឡើយ ខណៈថ្មីៗនេះ មានសមត្ថកិច្ចនៅតាមបណ្តាខេត្តមួយចំនួន ចុះអនុវត្តហាមប្រាមមិនឲ្យពលរដ្ឋបើកតារាងបាល់ទះ និងមិនឲ្យពលរដ្ឋចិញ្ចឹមមាន់ជល់នៅក្នុងភូមិដ្ឋាន។

ពាក់ព័ន្ធនឹងបញ្ហានេះ​ លោក​ ខៀវ សុភក័ បានឱ្យដឹងថា​ ក្នុងករណីសមត្ថកិច្ចឃើញពលរដ្ឋ ស្ពាយ​ ឬដឹកជញ្ជូនមាន់ ក្នុងគោលបំណងយកទៅជល់ជាល្បែងភ្នាល់នោះ សមត្ថកិច្ចមានសិទ្ធិក្នុងការអនុវត្តវិធានការដកហូត និងអប់រំណែនាំទៅតាមផ្លូវច្បាប់។​ ចំពោះករណីសមត្ថកិច្ចចុះទៅបិទ និងណែនាំម្ចាស់តារាងបាល់ទះនាពេលកន្លងទៅនោះ ជាវិធានការរបស់ក្រសួងមហាផ្ទៃ​ តម្រូវឲ្យអាជ្ញាធរមូលដ្ឋាន ចុះអនុវត្តចំពោះតែម្ចាស់តារាងបាល់ទះ ដែលបើកឲ្យមានការភ្នាល់ជាលុយតែប៉ុនណ្ណោះ។ សម្រាប់តារាងបាល់ទះដែលបើកឲ្យពលរដ្ឋលេងដើម្បីសុខភាព គឺអនុញ្ញាតឲ្យបើកដំណើរការធម្មតា។​ អាជ្ញាធរមូលដ្ឋាននៅតាមបណ្ដាខេត្តមួយចំនួន បានចុះទៅអប់រំណែនាំ និងធ្វើកិច្ចសន្យាឲ្យពលរដ្ឋបញ្ឈប់ការចិញ្ចឹមមាន់ និងបិទតារាងបាល់ទះមួយចំនួន ក្រោមហេតុផលថា មានបង្កប់ល្បែងភ្នាល់ខុសច្បាប់។

សូមបញ្ជាក់ថា​ អ្នកនាំពាក្យក្រសួងមហាផ្ទៃបានលេីកឡេីងដូចនេះ​ ធ្វើឡើងក្រោយបញ្ចប់កិច្ចប្រជុំស្តីពី​ លទ្ធផលនៃការអនុវត្តយុទ្ធនាការប្រចាំគ្រប់ទម្រង់ នៃអំពើជួញដូរមនុស្ស ជួញដូរពលកម្ម អាជីវកម្មផ្លូវភេទ និងល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ព្រមទាំងការងារត្រួតពិនិត្យជនបរទេស និងហត្ថពលកម្មបរទេស ក្រោមវត្តមានសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២៕


អត្ថបទ៖​ ម៉ៅ​ នរិទ្ធិយ៉ា

Recently Posts