អាជ្ញាធររាជធានីភ្នំពេញ ប្រើពេលជាង៣ម៉ោងដោយថ្មើរជើង ចុះពិនិត្យមើលប្រឡាយ ដើម្បីរិះរកវិធានការរំដោះការលិចលង់ដោយជំនន់ទឹកភ្លៀង

  • Admin Page
  • July 19, 2022
  • Views 145

07aeb002-a214-4142-a8f3-8505d3589565

087934ba-c83c-4903-a199-400aefddeb1a
1609dda3-a852-42ea-b71d-18a4698b8810
4b92a674-a9e7-4a45-b60b-d8be3f406497
8d6f87ba-abfa-4105-b3bb-9b760e44f352
a6f9dc4f-bb40-4ceb-a543-5509324c1d2f
bdb5200e-6e61-4a94-aba8-800a39d615cf

ភ្នំពេញ៖ អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង បានប្រើពេលជាង ៣ម៉ោង ដោយថ្មើជើង ក្នុងការដឹកនាំមន្ត្រីជំនាញ ដូចជាអាជ្ញាធរខណ្ឌ ចុះពិនិត្យមើលប្រឡាយទឹក នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២ ដើម្បីរិះរកវិធានការរំដោះការលិចលង់ភូមិឋានប្រជាពលរដ្ឋ ដោយជំនន់ទឹកភ្លៀងនារដូវវស្សា។

លោក ឃួង ស្រេង បានដឹកនាំមន្ត្រីជំនាញ និងអាជ្ញាធរខណ្ឌចំនួន២ មានខណ្ឌមានជ័យ និងខណ្ឌទួលគោក ដោយចាប់ផ្តើមចេញពីចំណុចស្ថានីយបូមទឹកបឹងទំពុន ខណ្ឌមានជ័យ ដើរតាមមាត់ប្រឡាយ រហូតមកដល់ប្រឡាយបឹងសាឡាង ផ្លូវ២៣០ ក្នុងសង្កាត់បឹងសាឡាង ខណ្ឌទួលគោក និងបានបញ្ចប់នៅម៉ោងប្រមាណជាង១២ថ្ងៃត្រង់។ ក្នុងការចុះពិនិត្យមើលប្រឡាយទឹកនេះដែរ លោក ឃួង ស្រេង បានជំរុញឱ្យក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ និងមន្ទីរធនធានទឹក និងឧត្តុនិយម រាជធានីភ្នំពេញ សហការគ្នាធ្វើយ៉ាងណាស្ដារប្រឡាយបឹងទំពុន ប្រឡាយស្ទឹងមានជ័យ និងប្រឡាយបឹងសាឡាង ឱ្យបានលឿន ដើម្បីបង្ការ ក៏ដូចជាអាចរំដោះទឹកបាននារដូវវស្សា ពិសេសនៅប្រមាណ ៣ទៅ៤ថ្ងៃខាងមុខ។ យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧត្តុនិយម រាជធានីភ្នំពេញ នឹងអាចមានភ្លៀងធ្លាក់ខ្លាំង ដែលត្រូវតែត្រៀមលក្ខណៈដើម្បីទប់ទល់កុំឱ្យលិចលង់ខ្លាំងដោយជំនន់ទឹកភ្លៀង។

ក្នុងឱកាសនោះដែរ លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាលិចលង់ភូមិឋានប្រជាពលរដ្ឋនៅរាជធានីភ្នំពេញជាកង្វល់របស់អាជ្ញាធររាជធានីភ្នំពេញ និងមន្ទីរពាក់ព័ន្ធ។ ដូច្នេះ ទាំងអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធទាំងអស់ត្រូវតែរួមគ្នារិះរកឱ្យអស់គ្រប់មធ្យោបាយធ្វើយ៉ាងណានាំទឹកឱ្យទៅដល់ស្ថានីយបូមទឹក នោះការលិចលង់នឹងអាចដោះស្រាយបាន។ នៅចំពោះមុខ ត្រូវស្តារ កាយប្រឡាយទឹកឱ្យហូរបានលឿនមកស្ថានីយបឹងទំពុន និងមួយផ្នែកទៀត ត្រូវស្តារ និងកាយប្រឡាយទឹកឱ្យហូរទៅប្រឡាយបារាំង ដើម្បីឱ្យទឹកហូរលឿនទៅដល់ស្ថានីយបូមទឹកលូប្រាំ។

សូមបញ្ជាក់ថា ក្រុមការងារនៃមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ សហការជាមួយមន្ទីរធនធានទឹកនិងឧត្តុនិយម រាជធានីភ្នំពេញ បាននិងកំពុងធ្វើសកម្មភាពយ៉ាងសកម្ម ក្នុងការកាយ ស្តារប្រឡាយបឹងទំពុន ធ្វើយ៉ាងណាឱ្យទឹកហូរបានលឿន ដែលអាចរំដោះទឹកបាននៅរដូវវស្សា៕

ដោយ៖ គន្ធ តារាវិឆ័យ

Recently Posts