ក្រសួងកសិកម្មបន្តទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីក្រៅប្រទេស

  • Admin Page
  • July 19, 2022
  • Views 147

វិទ្យុជាតិកម្ពុជា៖ សុភា វិសិទ្ធិពង្ស ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២២

42055531-eb7b-43c0-a4a5-b11776a

 

MC : ក្រសួងកសិកម្មបន្តសហការជាមួយមន្ទីរពាក់ព័ន្ធទប់ស្កាត់ការនាំចូលជ្រូកខុសច្បាប់ពីក្រៅប្រទេស ដើម្បីការពារកុំឱ្យមានការផ្ទុះនូវជំងឺប៉េស្តជ្រូកអាហ្វ្រិកសាជាថ្មីម្តងទៀត និងរក្សាតម្លៃ ជ្រូកក្នុងស្រុក ។ ឯកឧត្តម តាន់ ផាន់ណារ៉ា ប្រតិភូរាជរដ្ឋាភិបាលទទួល បន្ទុកជាអគ្គនាយក នៃអគ្គ នាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានមានប្រសាសន៍ថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទរាជធានីខេត្ត បានសហការជាមួយមន្រ្តីជំនាញនៅតាមព្រំដែនទាំងអស់ដើម្បីបង្កើនការទប់ស្កាត់ការនាំចូលជ្រូកពីក្រៅប្រទេសក្នុងគោល ដៅធ្វើយ៉ាងណាពង្រឹងវិធាន ការទប់ស្កាត់ឱ្យមានប្រសិទ្ធ ភាពខ្ពស់ ដើម្បីជៀសវាងការចម្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលនាំឱ្យខាតបង់ថវិកាជាតិ និងខូចសុខភាពរបស់ប្រជា ពលរដ្ឋ ក៏ដូចជាជួយរក្សាតម្លៃជ្រូកនៅក្នុងស្រុក ដោយសារបច្ចុប្បន្នកម្ពុជា ក៏អាចមាន លទ្ធភាពក្នុងការផ្គត់ផ្គង់នៅលើទីផ្សារបានគ្រប់គ្រាន់ដែរ ។ ថ្លែងក្នុងសន្និសីទសារព័ត៌ មាន ស្តីពី « សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ » នៅទីស្តីការគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៩ ខែកក្កដា ឯកឧត្តមបន្តថា វីរុសប៉េស្តជ្រូកអាហ្វ្រិកមិនបង្កឱ្យមានគ្រោះថ្នាក់ដល់មនុស្សទេ ពេលទទួលទានសាច់ជ្រូកឈឺ សាច់ក្រក សាច់ចៀន សាច់អាំង សាច់ប្រឡាក់ ទោះសាច់ជ្រូកនោះជាសាច់សត្វដែលមានជំងឺប៉េស្តជ្រូកអាហ្វ្រិកក៏ដោយ ក៏គ្មានការប៉ះពាល់ដល់សុខភាពមនុស្សដែរ ។ វីរុសអាចឆ្លងពីជ្រូកមួយទៅជ្រូកមួយយ៉ាងឆាប់រហ័ស និងអាចសម្លាប់ជីវិតសត្វបានក្នុងរវាងបីទៅបួនថ្ងៃ ចំពោះករណីធ្ងន់ធ្ងរខ្លាំង និងបើស្រាលជ្រូកឈឺអាចត្រដររស់បានដល់៣០ទៅ៤០ថ្ងៃ ហើយមិនតែប៉ុណ្ណោះវីរុសអាចបន្តរស់បានជាច្រើនឆ្នាំនៅក្នុងសាច់កក ។ « ដោយសារមានការសហការយ៉ាងជិតស្និទ្ធរវាងរាជរដ្ឋាភិបាលជាពិសេសអគ្គនាយកដ្ឋាន សុខភាពសត្វនិងផលិតកម្មសត្វ បានធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគមគឺនៅពេលដែលផ្ទុះជំងឺគឺកសិដ្ឋានចិញ្ចឹមសត្វ បានរាយការណ៍នៅក្នុងសមាគម ហើយសមាគមរាយការណ៍មកអគ្គនាយកដ្ឋាន យើងបានទប់ស្កាត់បានទាន់ពេលវេលាគឺយើងដុតកម្ទេចចោលតែម្ដង ដើម្បីចៀសវាងការឆ្លងជំងឺនេះទៅកន្លែងផ្សេងទៀត ។ ហើយអគ្គនាយកដ្ឋានសុខភាពសត្វនិងផលិតកម្មសត្វ ក៏កំពុងតែធ្វើការយ៉ាងជិតស្និទ្ធជាមួយកងកម្លាំងប្រដាប់អាវុធផ្សេងៗរួមទាំងមន្ទីរកសិកម្មតាមបណ្ដាខេត្តក្រុង ក៏ដូចជាសមាគមចិញ្ចឹមសត្វយើង ធ្វើយ៉ាងណាទប់ស្កាត់ការនាំចូលខុសច្បាប់ បង្ការការនាំចូលជំងឺនេះសាជាថ្មីម្ដងទៀត ខ្ញុំអាចបញ្ជាក់បានថាអ្វីដែលបានរកឃើញនៅក្នុងឆ្នាំ២០១៩ គឺមូលហេតុដោយសារការនាំចូលសាច់ ប៉ុន្តែមិនមែនជាសាច់ស្របច្បាប់ទេ គឺតាមរយៈការដឹកជញ្ជូនតិចតួចប៉ុណ្ណោះ នៅតាមទល់ដែនដែលបងប្អូនយើងផ្លាស់ប្ដូរទំនិញគ្នា ព្រោះគាត់មិនសូវបានដឹងថា សាច់ ដុំនោះបើមានជំងឺប៉េស្តជ្រូកអាហ្វ្រិកវាអាចនឹងឆ្លងចូលមកអ្នកចិញ្ចឹមជ្រូកក្នុងស្រុកយើងនេះ ជាមូលហេតុ » ។ ឯកឧត្តមបានបន្ថែមថា ចំណាត់ការប្រឆាំងនឹងជំងឺប៉េស្តជ្រូកអាហ្វ្រិក គឺត្រូវសម្លាប់សត្វដែលមានជំងឺភ្លាមៗ លាងបោសសម្អាតដោយផលិតផលសម្លាប់មេរោគ កំណត់បរិវេណសុវត្ថិភាព និងត្រួតពិនិត្យរាល់គ្រប់សកម្ម ភាពចេញ និងចូលកសិដ្ឋាន និងសកម្មភាពចេញចូលរបស់ផលិតផល ហើយត្រូវគ្រប់ គ្រងការធ្វើចរាចរណ៍សាច់ ដោយហាមឃាត់មិនឱ្យទទួល ទានសាច់ជ្រូកឈឺ ដើម្បីកាត់ បន្ថយការចម្លងវីរុស ។ ឯកឧត្តមក៏បានអំពាវនាវឱ្យក្រុមឈ្មួញបញ្ឈប់ការលួចនាំចូលពីក្រៅប្រទេស ក៏ដូច ជាស្នើដល់ប្រជាពលរដ្ឋជួយរាយការណ៍ដល់សមត្ថកិច្ច ក្នុងករណីសង្ស័យឃើញមានការលួចលាក់នាំចូលដោយខុសច្បាប់ សំដៅទប់ ស្កាត់នូវជំងឺសត្វជ្រូកនេះ ។ សូមបញ្ជាក់ថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក បានផ្ទុះឡើងកាលពីខែសីហា ឆ្នាំ២០១៨ ក្នុងប្រទេសចិន បានរីករាលដាលដល់ប្រទេសវៀតណាម នៅដើមឆ្នាំ២០១៩ និងបានឆ្លងចូលដល់កម្ពុជា ដោយបានធ្វើឱ្យសត្វជ្រូកងាប់ជាង៤ ពាន់ក្បាល និងខាតបង់គិត ជាទឹកប្រាក់អស់ប្រមាណ ៨០ម៉ឺនដុល្លារអាមេរិក ៕

Recently Posts