រដ្ឋសភាឱ្យគណៈកម្មការជំនាញសិក្សាលើសំណើសុំវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញ

  • Admin Page
  • July 19, 2022
  • Views 126

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១៩ ០៧ ២០២២

2d59fe4b-d324-49fc-9479-3333df6
5db4dc63-ce6b-41b5-b1ac-1ed883c

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានសម្រេចប្រគល់សេចក្តីព្រាងច្បាប់នៃសំណើសុំធ្វើវិសោធនកម្មច្បាប់រដ្ឋធម្មនុញ្ញរបស់រាជរដ្ឋាភិបាល ទៅឱ្យគណៈកម្មការជំនាញពិនិត្យ សិក្សាបន្ថែម មុននឹងដាក់ចូលក្នុង របៀបវារៈសម្រាប់កិច្ចប្រជុំពេញអង្គ ដើម្បីពិភាក្សា និងអនុម័ត។ ការសម្រេចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា ដឹកនាំដោយសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា នៅព្រឹកថ្ងៃទី១៩ ខែកក្កដា ក្នុងចំណោម សំណើសេចក្តីព្រាងច្បាប់ចំនួន៣ទៀត ដូចជា៖ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយនុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម, សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ, និងសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋកិច្ចពិសេសម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិនស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ និងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាល នៃសាធារណរដ្ឋតួកគី ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ ចំណូល។ បើតាមការបញ្ជាក់របស់ឯកឧត្តម ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានស្នើសុំដោយការរៀបចំសេចក្តីព្រាងច្បាប់ធម្មនុញ្ញដោយធ្វើវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញកម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញ សំដៅធានានូវដំណើរការជាប្រក្រតីនៃស្ថាប័នជាតិ។ សូមបញ្ជាក់ថា នេះជាសំណើវិសោធនកម្មរដ្ឋធម្មនុញ្ញលើកទី១០ បន្ទាប់ពីត្រូវបានប្រកាសឱ្យប្រើប្រាស់កាលពីថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ១៩៩៣ ដោយការធ្វើវិសោធនកម្មច្បាប់កំពូលរបស់ជាតិនេះទៅបាន គឺទាល់តែមានការគាំទ្រពីសមាជិកសភាក្នុងសំឡេងហាសិបបូកមួយ (៥០+១)៕

Recently Posts