សម្ដេចក្រឡាហោម៖ ការអនុវត្តទោសក្នុងសហគមន៍នៅកម្ពុជាសព្វថ្ងៃមិនអាចអនុវត្តបានរលូននោះទេ

  • Admin Page
  • July 20, 2022
  • Views 169

photo_2022-07-19_20-05-56
photo_2022-07-19_20-05-53
photo_2022-07-19_20-05-50
photo_2022-07-19_20-05-38

AKP ភ្នំពេញ ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២២--

សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ការអនុវត្តទោសក្នុងសហគមន៍ នៅកម្ពុជាសព្វថ្ងៃមិន អាចអនុវត្តបានរលូននោះទេ ដោយសារខ្វះការគាំទ្រពីប្រជាពលរដ្ឋ តែទោះជាយ៉ាងណាកម្ពុជានឹងខិតខំធ្វើការងារនេះ។

ការបញ្ជាក់បែបនេះ ធ្វើឡើងក្នុងជំនួបពិភាក្សាការងារជាមួយលោក KADA Hiroyuki អនុរដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ជប៉ុន នាថ្ងៃ៦រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃអង្គារ ទី១៩ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោម ស ខេង បានគូសបញ្ជាក់ថា « យើងកំពុងតែមានបញ្ហាប្រឈមមួយ គឺចង្អៀតណែនក្នុងពន្ធនាគារ »។ កន្លងមករាជរដ្ឋាភិបាល និងក្រសួងមហាផ្ទៃ បានដាក់ចេញនូវវិធានការផ្សេងៗ ក្នុងនោះរួមមាន៖ ទី១-បន្ធូរបន្ថយទោស ដែលរាជរដ្ឋាភិបាល បានបង្កើតគណៈកម្មាធិការពិនិត្យ និងលើកលែងបន្ធូរបន្ថយទោស ក្នុងឱកាសបុណ្យជាតិផ្សេងៗ។ ទី២-ការអនុវត្តទោស នៅក្នុងសហគមន៍ និងទី៣-ការដោះលែងដោយមានលក្ខខណ្ឌ។

ពាក់ព័ន្ធនឹងការអនុវត្តទោសក្នុងសហគមន៍ នៅក្នុងប្រទេសកម្ពុជា សម្ដេចក្រឡាហោម បានលើកឡើងថា «សព្វថ្ងៃនៅកម្ពុជាមិនអាចអនុវត្តបានរលូននោះទេ ដោយសារខ្វះការគាំទ្រ ពីប្រជាពលរដ្ឋ តែទោះជាយ៉ាងណាកម្ពុជានឹងខិតខំធ្វើការងារនេះ ដើម្បីឈានទៅកាត់បន្ថយការចំណាយរបស់រដ្ឋ ខណៈវិធានការដោះលែងដោយមានលក្ខខណ្ឌនោះ គឺជាការដោះលែងបន្ទាប់ពីអ្នកទោសអនុវត្តទោសបានមួយរយៈ ជាមួយនឹងការកម្រិតលក្ខខណ្ឌមួយចំនួន»។

សម្ដេចក្រឡាហោម បន្តថា វិធានការនេះ កំពុងតែស្ថិតក្នុងដំណាក់កាលអនុវត្តដកស្រង់បទពិសោធន៍។ ក្នុងជំនួបនោះសម្ដេច ក៏បានលើកឡើងថា សព្វថ្ងៃជនអន្តោប្រវេសន៍បរទេស កំពុងមានវត្តមាននៅកម្ពុជាប្រមាណ ៩ម៉ឺននាក់ ហើយរាជរដ្ឋាភិបាលកំពុងរៀបចំលិខិតបទដ្ឋានគតិយុត្ត ដើម្បីគ្រប់គ្រងការងារនេះ។

ចំពោះវិស័យពន្ធនាគារ លោក KADA Hiroyuki អនុរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជប៉ុន បានជម្រាបជូន សម្ដេចក្រឡាហោម ស ខេង ថា អង្គការសហប្រជាជាតិ សម្រាប់ការទប់ស្កាត់ឧក្រិដ្ឋកម្ម និងប្រព្រឹត្តចំពោះជនល្មើស ហៅកាត់ថា (UNAFEI) ដែលសហការជាមួយអង្គការ UNODC កំពុងរៀបចំសិក្ខាសាលាមួយនៅប្រទេសជប៉ុន ដើម្បីជំរុញការអភិវឌ្ឍ និងការផ្លាស់ប្ដូរធនធាន ការកសាងបណ្ដាញក្នុងវិស័យច្បាប់ និងយុត្តិធម៌។ ចំពោះសិក្ខាសាលានេះវិញ លោកសង្ឃឹមថា ក្រសួងមហាផ្ទៃកម្ពុជា នឹងចាត់មន្ដ្រីអញ្ជើញចូលរួមក្នុងសិក្ខាសាលានេះ៕ដោយអ៊ាង ប៊ុនរិទ្ធ សម្រួលផ្សាយដោយ៖ ធូ កុសល

Recently Posts