កម្ពុជា កំពុងសរសេររបាយការណ៍ស្ដីពី សិទ្ធិមនុស្សនៅកម្ពុជា ជូនអង្គការសហប្រជាជាតិ

  • Admin Page
  • July 21, 2022
  • Views 145

62d91a95620e7
62d91a9559d05
62d91a954971c
62d91a9541d63
62d91a9528784
62d91a9530ec2
62d91a9516ac1
62d91a808dd09

ភ្នំពេញ៖ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្តី និងជាប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា លោក កែវ វី បានដឹកនាំកិច្ចប្រជុំអន្តរក្រសួង ជាមួយក្រុមការងារអន្តរក្រសួងដឹកនាំសរសេររបាយការណ៍ស្ដីពី សិទ្ធិមនុស្សនៅកម្ពុជាជូនអង្គការសហប្រជាជាតិ ដែលមានការចូលរួមពីថ្នាក់ដឹកនាំ និងតំណាងគ្រប់ក្រសួង ស្ថាប័ន ដើម្បីពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារគោលរួមរបស់ព្រះរាជាណាចក្រកម្ពុជា។ កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២។

 

គួរកត់សម្គាល់ផងដែរថា ឯកសារគោលរួមនេះ ជាឯកសារគោលមួយដែលក្ដោបនូវព័ត៌មាន ទូទៅចាំបាច់នានាអំពីព្រះរាជាណាចក្រកម្ពុជា ហើយដែលបង្កើតបានជាផ្នែកដំបូងទូទៅនៃរបាយការណ៍ទាំងអស់សម្រាប់ដាក់ជូនស្ថាប័ននៃសន្ធិសញ្ញានានា ដែលកម្ពុជាបានផ្តល់សច្ចាប័ន។ ឯកសារគោលរួមជាមធ្យោបាយកាត់បន្ថយព័ត៌មានដដែលៗមួយចំនួនដែលមាននៅក្នុងរបាយការណ៍ជាតិរបស់កម្ពុជា ដែលជារដ្ឋភាគីទៅកាន់ស្ថាប័នសន្ធិសញ្ញាផ្សេងៗ។ កម្ពុជាបានដាក់ឯកសារគោលរួមរបស់ខ្លួនជូនអង្គការសហប្រជាជាតិតាំងពីឆ្នាំ១៩៩៧ ហើយការរៀបចំធ្វើជាថ្មី នូវឯកសារគោលរួមនេះតបតាមការស្នើសុំរបស់អង្គការសហប្រជាជាតិ ក្នុងការធ្វើបច្ចុប្បន្នភាពព័ត៌មានចាំបាច់នានាអំពីព្រះរាជាណាចក្រកម្ពុជា ដោយឯកសារនេះបានផ្ដោតលើបីចំណុចសំខាន់ៗ មានជាអាទិ៍ (១).ព័ត៌មានទូទៅអំពីព្រះរាជាណាចក្រកម្ពុជាដែលពាក់ព័ន្ធទៅនឹងសន្ធិសញ្ញាទាំងអស់ រួមទាំងព័ត៌មានអំពីលក្ខណៈភូមិសាស្ត្រ ប្រជាសាស្ត្រ សេដ្ឋកិច្ច សង្គម កម្រិតវប្បធម៌ រចនាសម្ព័ន្ធ រដ្ឋធម្មនុញ្ញ នយោបាយ និងគតិយុត្តិរបស់រដ្ឋ (២).ក្របខ័ណ្ឌយុត្តាធិការទូទៅដើម្បីការពារសិទ្ធិ មនុស្ស និង (៣).ការមិនរើសអើង និងការដោះស្រាយ។

 

នៅក្នុងដំណើរការនៃកិច្ចប្រជុំអន្តរក្រសួងនេះ តំណាងក្រសួង ស្ថាប័នទាំងអស់បានយកចិត្តទុកដាក់ពិនិត្យយ៉ាងល្អិតល្អន់លើគ្រប់ចំណុចដែលស្ថិតក្នុងដែនសមត្ថកិច្ចរបស់ក្រសួង ស្ថាប័ននីមួយៗ ដើម្បីធានាថា រាល់ព័ត៌មានដែលបានដាក់បញ្ចូលក្នុងឯកសារគោលរួមនេះ ប្រកបដោយភាពត្រឹមត្រូវ និងគ្រប់ជ្រុងជ្រោយតាមវិស័យនីមួយៗ ជាពិសេសទិន្នន័យដែលជាតួលេខ។

 

បន្ទាប់ពីកែសម្រួលបានជាសេចក្តីព្រាងចុងក្រោយ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នឹងគោរពស្នើសុំសេចក្ដីសម្រេចយល់ព្រមពី សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើឯកសារគោលរួមរបស់ព្រះរាជាណាចក កម្ពុជានេះ រួចធ្វើការបញ្ចូនទៅអង្គការសហប្រជាជាតិ តាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដើម្បីចែករំលែកទៅដល់រាល់អង្គភាពសន្ធិសញ្ញានានាដែលកម្ពុជាបានចូលជារដ្ឋភាគី៕

Recently Posts