កិច្ចប្រជុំពិនិត្យវឌ្ឍនភាពលើការរៀបចំផែនការមេស្តីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្តុភារកម្ម និងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ដឹកនាំដោយឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល

  • Admin Page
  • July 22, 2022
  • Views 142

ថ្ងៃព្រហស្បតិ៍ ៨រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំថ្នាក់ដឹកនាំក្រសួងដើម្បីពិនិត្យវឌ្ឍនភាពការងាររៀបចំផែនការមេស្ដីពីការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូនពហុមធ្យោបាយ និងភស្ដុភារកម្ម រៀបចំឡើងដោយក្រសួងសាធារណការ និងដឹកជញ្ជូន និងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង ឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងមន្ត្រីជំនាញពាក់ព័ន្ធក្រោមឱវាទក្រសួង។ 

 

ជាកិច្ចចាប់ផ្តើម ឯកឧត្តមទេសរដ្ឋមន្ត្រី បានជំរុញលើកទឹកចិត្តឱ្យអង្គប្រជុំផ្តល់មតិយោបល់ និងធាតុចូលបន្ថែមដើម្បីធ្វើឱ្យប្រសើរឡើងដល់ផែនការមេទាំងពីរខាងលើកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ ផ្តល់អត្ថប្រយោជន៍ដល់ប្រទេសជាតិមាតុភូមិ និងអាចទទួលយកបានពីគ្រប់ភាគីពាក់ព័ន្ធ។

 

បន្ថែមពីលើនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានជម្រាបជូនអំពីកិច្ចខំប្រឹងប្រែងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងការសហការជាមួយក្រុមហ៊ុនYCHលើគម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ គម្រោងសិក្សាអភិវឌ្ឍន៍មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គម្រោងសិក្សាអភិវឌ្ឍផ្លូវនាវាចរណ៍ទន្លេបាសាក់ គម្រោងសិក្សាធ្វើទំនើបកម្មផ្លូវរថភ្លើងល្បឿនលឿន គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ការជំរុញ និងណែនាំដ៏ខ្ពង់ខ្ពស់ពីសំណាក់សម្ដេចតេជោនាយករដ្ឋមន្ត្រីក្នុងការកសាងផ្លូវកំពង់ធំ-កំពង់ឆ្នាំង បាត់ដំបង-សៀមរាប ដែលជាប្រព័ន្ធភស្តុភារកម្មប្រកបដោយប្រសិទ្ធភាព។

 

ឯកឧត្តមទេសរដ្ឋមន្រ្តី បានណែនាំឱ្យអង្គភាពពាក់ព័ន្ធទាំងអស់ផ្តល់ធាតុចូលឱ្យបានឆាប់ ទៅលើសេចក្តីព្រាងផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយកម្ពុជាឆ្នាំ២០២២-២០៣០ ដែលរៀបចំឡើងដោយឧត្តមក្រុមប្រឹក្សាសេដ្ឋកិច្ចជាតិ និងបន្ថែមនូវចំណុចដែលខ្វះខាតនានា ដោយផ្អែកលើផែនការមេអន្តរកាលដែលបានអនុម័តជាផ្លូវការដោយក្រុមប្រឹក្សាជាតិភ័ស្តុភាកម្មកាលពីខែមករា ២០២០។ 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងកត់សម្គាល់អំពីគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មឆ្នាំ២០១៥-២០២៥របស់កម្ពុជា ដែលផ្តោតជាសំខាន់លើការងារអាទិភាពចំនួនបួន ដើម្បីប្រែក្លាយកម្ពុជាទៅជាប្រទេសមានចំណូលមធ្យមកម្រិតទាបនៅឆ្នាំ២០៣០ និងចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៥០ ដែលការងារអាទិភាពទាំងនោះរួមមាន៖ ១) ការបញ្ចុះតម្លៃអគ្គិសនីឱ្យនៅកម្រិតទាប ២) ការអភិវឌ្ឍធនធានមនុស្សល្អ ៣) ការបញ្ចុះតម្លៃភស្តុភាកម្ម និងដឹកជញ្ជូន ៤) ការរៀបចំខេត្តព្រះសីហនុទាំងមូលឱ្យក្លាយជាតំបន់សេដ្ឋកិច្ចពិសេស៕

fb_img_1658457771806
fb_img_1658457776310
fb_img_1658457742726
fb_img_1658457751674
fb_img_1658457759500
fb_img_1658457727393
fb_img_1658457735152
Recently Posts