នគរបាលកម្ពុជា និងនគរបាលចិន សន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែប្រសើរថែមទៀត ក្នុងវិស័យប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន

  • Admin Page
  • February 06, 2023
  • Views 264

63e0aa9b0059a-jpeg
63e0aa7f4a068
63e0aa9ae4fd5-jpeg
63e0aa9aecc84-jpeg

ភ្នំពេញ៖ នគរបាលកម្ពុជា និងនគរបាលចិន បានសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការគ្នាឲ្យកាន់តែប្រសើរថែមទៀត ក្នុងវិស័យប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសកិច្ចសហប្រតិបត្តិការស្របតាមអនុស្សរណៈនៃការយោគយល់គ្នា រវាងក្រសួងមហាផ្ទៃកម្ពុជា និងក្រសួងសន្តិសុខសាធារណចិន។

 

ការសន្យាបន្តពង្រឹងកិច្ចសហប្រតិបត្តិការនេះ បានធ្វើឡើងក្នុងជំនួបរវាង នាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងលោក លី ស៊ាងមីង (LI XIANG MING) ទីប្រឹក្សាទំនាក់ទំនងកិច្ចការនគរបាល នៃស្ថានឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា នៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។

 

ក្នុងជំនូបពិភាក្សាការងារនេះ នាយឧត្តមសេនីយ៍ នេត សាវឿន បានលើកឡើងអំពីសមិទ្ធផលសំខាន់ៗដែលទទួលបានតាមរយៈកិច្ចសហការរវាងនគរបាលជាតិកម្ពុជា និងនគរបាលជាតិចិន និងភាពរីកចម្រើនរបស់នគរបាលជាតិកម្ពុជា ក្នុងកិច្ចប្រតិបត្តការក្សាសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ក្នុងព្រឹត្តការណ៍ជាតិ-អន្តរជាតិ។ នាយឧត្តមសេនីយ៍ បានអរគុណដល់ភាគីរដ្ឋាភិបាលចិន ក្នុងរយៈកាលកន្លងមកបានជួយឧបត្ថម្ភគាំទ្រដល់នគរបាលកម្ពុជា ទាំងឧបករណ៍ និងមធ្យោបាយ សម្ភារបម្រើឲ្យកិច្ចប្រតិបត្តិការ ការបណ្តុះបណ្តាលកសាងធនធានមនុស្ស និងការជួយដល់កម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩។ ចំណែកការរីកចម្រើនក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងបទល្មើសនានាក្នុងពេលកន្លងមក ដែលភាគីចិន និងកម្ពុជាសហការគ្នាបានល្អក្នុងការកាត់បន្ថយបទល្មើសបានយ៉ាងច្រើន ជាពិសេសបទល្មើសហ្គេមអនឡាញ។

 

ជាការឆ្លើយតប ភាគីចិន លោក លី ស៊ាងមីង បានគាំទ្រចំពោះការបន្តកិច្ចសហប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសរវាងកងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរកម្ពុជា-ចិន។ ភាគីចិនក៏សន្យាជួយគាំទ្រនគរបាលជាតិកម្ពុជា ក្នុងកិច្ចការថែរក្សាសន្តិសុខ សុវត្ថិភាពសង្គម ជាពិសេសកិច្ចការការពារព្រឹត្តិការណ៍ធំៗ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះដូចជា ការប្រកួតកីឡា SEA GAMES លើកទី៣២ និងកីឡាជនពិការ ASEAN PARA GAMES លើកទី១២ ឆ្នាំ២០២៣ និងការបោះឆ្នោតជាតិ ព្រមទាំងជំរុញការសាងសង់ទីបញ្ជាការអគ្គស្នងការដ្ឋាននគរបាលជាតិ ឲ្យបានចាប់ផ្តើមបើកការដ្ឋាននៅពេលឆាប់ៗខាងមុខនេះ។

 

ក្រៅពីនេះ ភាគីចិនក៏បានឯកភាពក្នុងការបណ្តុះបណ្តាលគ្រូបង្គោលរយៈពេលវែង លើការងារជំនាញបច្ចេកទេសវិទ្យាសាស្ត្រកោសល្យវិច័យ ឌី អិន អេ និងជំនាញប្រឆាំងបទល្មើសបច្ចេកវិទ្យា ដោយធ្វើការបញ្ជូនគ្រូបង្គោលទៅបណ្តុះបណ្តាលនៅប្រទេសចិន និងត្រឡប់មកបណ្តុះបណ្តាលដល់នគរបាលនៅប្រទេសកម្ពុជាវិញ៕

 

អត្ថបទ៖ ម៉ៅ នរិទ្ធិយ៉ា

Recently Posts