ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា សន្យាបន្តគាំទ្រសហព័ន្ធកីឡាការ៉ាតេកម្ពុជា តទៅទៀត ក្នុងអាណត្តិខាងមុខនេះ

  • Admin Page
  • May 25, 2023
  • Views 406

646f33c1cceb7
646f3398b3016
646f33c1c3329

ភ្នំពេញ៖ យោងតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោនាយករដ្ឋមន្រ្តីកម្ពុជា ក្នុងការជំរុញលើកទឹកចិត្តឱ្យប្រជាជនកម្ពុជាមួយរូបត្រូវលេងកីឡាយ៉ាងតិចមួយប្រភេទ ហើយ ក្រសួង-ស្ថាប័នមួយនៃរាជរដ្ឋាភិបាលត្រូវគាំទ្រសហព័ន្ធកីឡាយ៉ាងតិចមួយ ខណៈដែលប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា សន្យាថា នឹងបន្តគាំទ្រសហព័ន្ធកីឡាការ៉ាតេកម្ពុជា តទៅទៀត ក្នុងអាណត្តិខាងមុខនេះ។

 

ការសន្យាបន្តគាំទ្របែបនេះរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្នុងពិធីសំណេះសំណាលជាមួយគណៈប្រតិភូកីឡាការ៉ាតេកម្ពុជា ពិសេស កីឡាករ-កីឡាការិនី និងគ្រូបង្វឹកទាំងអស់ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ នាទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បន្ទាប់ពីការរៀបចំស៊ីហ្គេមលើកទី៣២ ដែលទើបត្រូវបានបញ្ចប់ដោយជោគជ័យដ៏ត្រចះត្រចង់ កាលពីពេលថ្មីៗកន្លងទៅ ក្រោមប្រធានបទ «កីឡារស់ក្នុងសន្តិភាព»។

 

ក្នុងនាមជាប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា សូមអបអរសាទរប្រកបដោយមោទកភាព ចំពោះជ័យជម្នះដែលនឹងត្រូវបានកត់ត្រាទុក ក្នុងប្រវត្តិសាស្រ្តរបស់សហព័ន្ធ ក៏ដូចជា ប្រវត្តិសាស្រ្តនៃវិស័យកីឡារបស់កម្ពុជា ផងដែរ។ ទោះទទួលបានមេដាយ ឬមិនបានទទួលក្តី ក៏កីឡាករ-កីឡាការិនីរបស់យើង នៅក្នុងគ្រប់វិញ្ញាសាប្រកួត បានបង្ហាញទៅកាន់បណ្តាប្រទេសចូលរួមទាំងអស់នូវស្មារតីនៃភាពជាកីឡាករ ពោលគឺភាពអំណត់តស៊ូដល់ទីបញ្ចប់ ដើម្បីយកឈ្នះ ក៏ប៉ុន្តែបើចាញ់ ក៏ចាញ់ប្រកបដោយកិត្តិយស។

 

ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានគូសបញ្ជាក់ថា ដោយសារមូលហេតុនេះ គួបផ្សំនឹងភាពជោគជ័យដ៏ធំធេងនៃការធ្វើជាម្ចាស់ផ្ទះរបស់យើង យើងបានបង្ហាញទៅកាន់អន្តរជាតិ ដោយមោទកភាពថា កម្ពុជាមិនមែនជាប្រទេសអន់ថយ ដែលត្រូវបានញ៉ាំញីដោយសង្រ្គាមទៀតទេ កម្ពុជាក៏ជាអរិយប្រទេសមួយ ដែលមានប្រជាជនខ្លាំងពូកែ និងមានសមត្ថភាព មិនចាញ់អរិយប្រទេសដទៃទៀតដែរ។

 

ប្រធានសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានជំរុញការបណ្តុះបណ្តាល និង ការបង្កើនធនធានមនុស្សបន្ថែមទៀត, ទាំងកីឡាករ-កីឡាការិនី, គ្រូបង្វឹក និងអាជ្ញាកណ្តាល តាមរយៈការរៀបចំផែនការសកម្មភាព, ទិសដៅ និងយន្តការនៃការអភិវឌ្ឍធនធានមនុស្ស ឱ្យបានច្បាស់លាស់, ពិសេស ការបណ្តុះបណ្តាល កីឡាករ-កីឡាការិនីកម្ពុជា ប្រកបដោយសមត្ថភាព និង និរន្តរភាព។

 

ប្រធានសហព័ន្ធសង្ឃឹមថា ថ្នាក់ដឹកនាំសហព័ន្ធ នឹងបង្កើនការផ្សព្វផ្សាយកីឡាការ៉ាតេរបស់យើង ទៅដល់វិស័យឯកជន ក៏ដូចជាប្រជាជនទូទៅ ឱ្យកាន់តែផុសផុលថែមទៀត ។ ម្យ៉ាងទៀត ត្រូវពង្រឹង និងពង្រីកការគាំទ្រ និងការចូលរួមពីវិស័យឯកជន, ទាំងក្នុងរូបភាពជាអ្នកគាំទ្រ, ជាអ្នកផ្តល់ប្រាក់ឧបត្ថម្ភ ឬជាដៃគូសហការសម្រាប់ការផ្សាយពាណិជ្ជកម្ម ដើម្បីធានាចីរភាពនៃការអភិវឌ្ឍវិស័យកីឡាការ៉ាតេនៅកម្ពុជា។

 

សូមបញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ប្រកួតកីឡាការ៉ាតេ ស៊ីហ្គេមលើកទី៣២ មានកីឡាករ-កីឡាការិនី ជម្រើសជាតិការ៉ាតេកម្ពុជា គឺក្រុមការ៉ាតេស៊ីហ្គេមកម្ពុជា ទទួលបានមេដាយចំនួន ១០គ្រឿង ក្នុងនោះមាន មេដាយមាស១ ប្រាក់៣ និងសំរឹទ្ធ៦ ក្នុងចំនួន ១៧វិញ្ញាសាដែលត្រូវប្រកួត៕

អត្ថបទ៖ ចេង ឆហួត

Recently Posts