ចិន​ព្រមាន​ថា​ អាច​នឹង​ឆ្លើយតប​ដោយ​យោធា​ ចំពោះ​ដំណើរ​ទស្សនកិច្ច​របស់​ប្រធាន​សភា​អាមេរិក​ទៅ​កោះ​តៃវ៉ាន់

  • Admin Page
  • July 27, 2022
  • Views 172

​ចិន៖ ចិន​បាន​លើក​ឡើង​កាលពី​ថ្ងៃ​អង្គា​រថា អាច​នឹងមាន​ការឆ្លើយ​តប​ដោយ​យោធា បើ​ប្រធាន​សភា​សហរដ្ឋអាមេរិក​លោកស្រី Nancy Pelosi សម្រេច​ធ្វើដំណើរ​ទស្សនកិច្ច​ទៅកាន់​កោះ​តៃវ៉ាន់​។​

dc4e62f88fc88ea16ef6d99801911728
773e3c0ed5c7b4919e58984a602bce1a

​លោក​វរសេនីយ៍​ឯក Tan Kefei អ្នកនាំពាក្យ​ក្រសួង​ការពារ​ជាតិ​ចិន​បាន​និយាយ​ថា ប្រសិនបើ​លោក​ស្រី Pelosi ទៅ​ទស្សនកិច្ច​នៅ​កោះ​តៃវ៉ាន់​មែន​នោះ​ នឹង​បំពាន​យ៉ាង​ធ្ងន់ធ្ងរ​លើ​គោលនយោបាយ​ចិន​តែមួយ ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​អធិបតេយ្យភាព និង​បូរណភាព​ទឹក​ដី​របស់​ចិន និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មូលដ្ឋានគ្រឹះ​នយោបាយ​នៃ​ទំនាក់ទំនង​ចិន​-​អាមេរិក​។ ​លោក Tan បាន​និយាយ​ថា ក្រុង​ប៉េកាំង​បាន​ជំរុញ​សហរដ្ឋអាមេរិក​ឲ្យ​ចាត់វិធានការ​ជាក់លាក់ ​ដើម្បី​គាំទ្រ​ដល់​ការ​ប្ដេជ្ញាចិត្ត​របស់​ខ្លួន​បញ្ចៀស​ការ​គាំទ្រ​ការប្រកាស​ឯករាជ្យ​របស់​កោះ​តៃវ៉ាន់ និង​មិន​ត្រូវ​រៀបចំ​ឲ្យ​មានដំណើរ​របស់​លោក​ស្រី Pelosi ទៅកាន់​តំបន់​កោះ​តៃវ៉ាន់​ឡើយ​។ លោក Tan បាន​បន្ថែម​ថា បើ​សហរដ្ឋអាមេរិក​នៅតែ​ចចេស​រឹង​រូស យោធា​ចិន​នឹង​មិន​នៅ​ស្ងៀម​ឡើយ ហើយ​ចិន​នឹង​ចាត់វិធានការ​ម៉ឺងម៉ាត់​ដើម្បី​រារាំង​ការ​ជ្រៀត​ជ្រែក​របស់​កម្លាំង​ខាងក្រៅ​។

 

​ប្រធាន​សភា​អាមេរិក​រូប​នេះ​បាន​គ្រោង​ទៅកាន់​កោះ​តៃវ៉ាន់​កាលពី​ខែ​មេសា ប៉ុន្តែ​បាន​លុបចោល​វិញ​ក្រោយ​ធ្វើតេស្ត​វិជ្ជមាន​វីរុស COVID-19​។ បច្ចុប្បន្ន​លោកស្រី​គ្រោង​នឹង​ធ្វើ​ដំណើរ​ទៅ​កោះ​តៃវ៉ាន់​នៅ​ខែ​សីហា ដែល​ត្រូវ​បាន​រាយការណ៍​ដំបូង​ដោយសារ​ព័ត៌មាន Financial Times​។ ​ដំណើរ​របស់​លោក​ស្រី Pelosi ទៅកាន់​កោះ​តៃវ៉ាន់​បាន​នាំ​ឲ្យ​មាន​ការ​ជជែក​ដេញដោល​នៅក្នុង​ទីក្រុង Washington នៅ​ពេល​ដែល​ភាព​តានតឹង​រវាង​សហរដ្ឋអាមេរិក និង​ចិន​កំពុង​ឡើង​កំដៅ​ខ្លាំង​។ ​សារព័ត៌មាន CNN បាន​រាយការណ៍​ថា ក្រុម​មន្ត្រី​មួយចំនួន​របស់​លោក Biden បារម្ភ​ថា ចិន​អាច​ប្រកាស​តំបន់​គ្មាន​ការ​ហោះ​ហើរ​លើ​កោះ​តៃវ៉ាន់ ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​បញ្ឈប់​ដំណើរ​របស់​លោកស្រី Pelosi ដែល​អាច​បង្ក​ឲ្យ​ភាព​តានតឹង​កើន​ឡើង​កាន់​តែ​ខ្លាំង​នៅ​ក្នុង​តំបន់​៕

 

អត្ថបទ៖ សុខមាន

Recently Posts